• 2018-07-23 12:30:31
  • ជំនឿ

គុណ​ម៉ែ គុណ​ឪជួយ ខ្មោច​លង​ពេល​ទៅ​ដេក​ចាំ​អន្លង់​ត្រី​នៅ​ឯស្រែ

  • 2018-07-23 12:30:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 92

ចន្លោះមិនឃើញ

ខ្ញុំ ​បាទ​ឈ្មោះ តុលា អាយុ ២៨ឆ្នំា ជា​អ្នក​ខេត្ត​តាកែវ តែ​បច្ចុប្បន្ន​កំពុង​ស្នាក់​នៅ​ធ្វើ​ការ​នៅ​រាជធានី​ភ្នំពេញ ហើយ​អនុស្សាវរីយ៍​ជូរ​ចត់​ព្រលឹង​ទៅ​បាត់​ស្ទើរ​មិន​ត្រឡប់​វិញ​នេះ បាន​កើត​ឡើង​កាល​ពី​ជាង​ ១០​ឆ្នាំ​មុន។

រូប​តំណាង

ខ្ញុំ និង​បង​ប្អូន ពូ​មីង​ឯ​ទៀត​ក្នុង​ភូមិ​ជា​មួយ​គ្នា តែង​តែ​ទៅ​ជីក​អន្លង់​នៅ​វាលស្រែ​ខាង​លិច​ភូមិ ដើម្បី​យក​ត្រី​មក​ដោះ​ស្រាយ​ជីវភាព ហើយ​ជា​រឿង​រាល់​យប់ ពួក​ខ្ញុំ​មិន​ដែល​បាន​ដេក​នៅ​ផ្ទះ​ជាមួយ​ពុក​ម៉ែ​អី​ទេ គឺ​នាំ​គ្នា​ជញ្ជូន​មុខ​ភួយ​ទៅ​ចង​ដេក​នៅ​វាល​នោះ ចាំ​អន្លង់​ត្រី ព្រោះ​ខ្លាច​មាន​អ្នក​មក​លួច​ចាប់​យក​​អស់។

​​ជា​ធម្មតា​ទេ ​ជញ្ជូន​មុង​ភួយ​ទៅ​ដេក​ចាំ មិន​មែន​ទៅ​ដល់​ដេក​ភ្លាម​ឯ​ណា គឺ​រាល់​តែ​ដង ទាំង​ខ្ញុំ​ទាំង​ពូ​ៗ តែង​ដាក់​បៀរ ដាក់​ស្រា​ស និង​សាច់​ក្លែប​ជា​ដើម​ទៅ​យក​ទៅ​ជាមួយ​គ្រាន់​ផឹក​ជជែក​គ្នា​លេង។ ប៉ុន្តែ​ដោយ​សារ​តែ​ទម្លាប់​ហ្នឹង​ហើយ ទើប​នាំ​ឲ្យ​កើត​រឿង​ធំ។

កាលណោះ ពូ តក់ បាន​យក​ពូថៅ​ដែល​ជាប់​នឹង​ចង្កេះ​គាត់ កាប់​ក្បាល​ពូ ធន់ មួយ​ទំហឹង​ផុង​លលាដ៍​ស្លាប់​មួយ​រំពេច ដោយ​សារ​តែ​រឿង​ស្រា​ស​កន្លះ​លីត្រ​ប៉ុណ្ណោះ។ ក្រោយ​ក្លាយ​ខ្លួន​ជា​ឃាតករ ពូ​តក់ ត្រូវ​ប៉ូលិស​ចាប់​ដាក់​គុក ជាង​១០​ឆ្នាំ​ ដោយ​ទើប​តែ​ចេញ​ពី​វិញ​កាល​ពី​ពេល​ថ្មីៗ​នេះ​តែ​ប៉ុណ្ណោះ។ នោះ​ជា​រឿង​របស់​ពួក​គាត់ ខ្ញុំ​អត់​មាន​ពាក់​ព័ន្ធ​ទេ។

ប៉ុន្តែ ​រឿង​របស់​ខ្ញុំ​គឺ​កើត​ឡើង​ក្រោយ​ពួក​គាត់​ទាំង​ពីរ​កើត​មាន​រឿង។ កាល​ណោះ ហេតុការណ៍​របស់​ពូ​ខ្ញុំ​ទាំង​ពីរ​រំលង​ផុត​១​ឆ្នាំ​ទៅ​ហើយ ហើយ​យប់​មួយ​នៅ​ក្នុង​កត្តិក​នេះ ខ្ញុំ​បាន​ទៅ​ដេក​ចាំ​បៀ​ជា​ធម្មតា ដោយ​មាន​អ្នក​ភូមិ​ឯ​ទៀត ក៏​ទៅ​ដែរ គ្រាន់​តែ​ពី​បៀ​មួយ​ទៅ​បៀ​មួយ ឃ្លាត​គ្នា​ឆ្ងាយ​បន្តិច។

ខ្យល់​បក់​ពី​ជើង​ លាយ​ឡំ​នឹង​នឹង​សំឡេង​ ក្អាត់​យំ​ក្រឹកៗ ខ្ញុំ​ដេក​លង់លក់​នៅ​លើ​ខ្នង​បៀ​ស្រួល​ណាស់ ផ្សំ​នឹង​ហត់​ពី​ថ្ងៃ​ផង។ កំពុង​តែ​លក់​ស្រួល មក​ដល់​ម៉ោង​១ ជិត ២​រំលង​អធ្រាត្រ​ទៅ​ហើយ ស្រាប់​តែ​មាន​បុរស​ម្នាក់​មក​ដាស់​ខ្ញុំ ដោយ​ហៅ​ឈ្មោះ​ចំៗ “អា​តុលា អា​តុលា ត្រី​ចូល​អន្លង់​មុខ​បៀ​អ្ហែង​ច្រើន​ណាស់​ក្រោក​​ឡើង”។

រូប​តំណាង

កំពុង​តែ​ដេក​ ស្រួល​ផង ខ្ញុំ​បើក​ភ្នែក​ព្រឹមៗ​ម្តង​ជា​ពីរ​ដង​តែ​អត់​ខ្ចី​ងើប​ទេ ប៉ុន្តែ​ដោយសារ​តែ​សំឡេង​ហៅ​ច្រើន​ដង​ពេក​ ខ្ញុំ​ក៏​ងើប​ឡើង​ទាំង​សើងមម៉ើង ឃើញ ពូ សាន ដែល​ជា​អ្នក​ដាក់​បៀ​ដូច​គ្នា​ដែរ កំពុង​តែ​នៅ​មុខ​អន្លង់​របស់​ខ្ញុំ​ឱន​ចាប់​ត្រី។ ខ្ញុំ​អត់​បាន​សួរ​ទៅ​កាន់​គាត់​ថា “មាន​ត្រី​ចូល​អន្លង់​ច្រើន​ទេ​ពូ” គាត់​អត់​ខ្ចី​តប​ជា​មួយ​សោះ ខ្ញុំ​ក៏​មិន​ខ្វល់ ព្រោះ​ដឹង​ថា គាត់​ហ្នឹង​តែ​ប៉ុណ្ណឹង មិន​សូវ​ចេះ​និយាយ​ច្រើន ជាមួយ​នរណា​ទេ

ប៉ុន្តែ ​មួយ​សន្ទុះ​ក្រោយ​មក គាត់​បាន​ប្រើ​ឱ្យ​ខ្ញុំ​រក​អុស​បង្កាត់​ភ្លើង​ដុត​ត្រី​ស៊ី ព្រោះ​គាត់​ទើប​ស្វាង​ស្រវឹង ភ្ញាក់​ឡើង​ឃ្លាន ព្រោះ​ពី​ល្ងាច​អត់​បាន​ដាក់​បាយ​រវល់​តែ​ស្រា ផ្សំ​នឹង​គាត់​ថា បៀ​គាត់​អត់​មាន​ត្រី អត់​មាន​ដែកកេះ​ទៀត។ ខ្ញុំ​បាន​និយាយ​ទៅ​កាន់​គាត់​វិញ​ថា​ “យប់​ហើយ​ពូ​អើយ រក​ដេក​ពួន​ទៅ ដុត​ត្រី​ស៊ី​អី ថ្មើរ​ហ្នឹង​ហើយ”។ ខ្ញុំ​ត​មាត់ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ក្រោក​រក​អុស​បង្កាត់​ភ្លើង​ដុត​ត្រី​ឱ្យ​គាត់ ព្រោះ​ខ្លាច​ដែរ ដោយ​សារ​គាត់​នៅ​តែ​ស្ងៀម អត់​មាន​មាត់​មួយ​ម៉ាត់​សោះ។

ខ្ញុំ​ក៏​បាន​យក​ត្រី​រ៉ស់​ពីរ និង​ត្រី​ក្រាញ់ បួន-ប្រាំ​មក​​ដុត លើ​ពំនូក​ភ្លើង​ឆេះ​ដែល​ចាប់​ផ្ដើម​ឆេះ​មាន​រងើក។ មួយ​សន្ទុះ​ក្រោយ​មក ត្រី​ក៏​ចាប់​ផ្ដើម​ឆ្អិត​បណ្ដើរ​ៗ។ ឃើញ​ដូច្នេះ ពូសាន បាន​លូក​យក​អាផ្ទក់​មួយ​មក​កាច់​ក ហូប​មើល​ទៅ​ទំនង​ដែរ។ “​ម៉េច​អ្ហែង​អត់​ហូប​ទេអា​អូន” គាត់​និយាយ។ ខ្ញុំ​ក៏​តប​វិញ​ថា”យប់​ថ្មើរ​នេះ​ហើយ គ្មាន​ចង់​ស៊ី​អី​ទេ ចង់​តែ​ដេក!”។

រូប​តំណាង

“អីចឹង​អ្ហែង​អាច​រក​ស្រា​ស ឱ្យ​ពូ​បាន​កន្លះ​លីត្រ​បាន​ទេ​អ្ហា!” ពូ​ សាន ប្រើ​ខ្ញុំ​ម្តង​ទៀត។ ខ្ញុំ​បាន​តប​ទៅ​គាត់​ទាំង​ខឹង​ថា “យប់​ម៉ោង​១ ម៉ោង​២ ហើយ​នៅ​កណ្ដាល​វាល​ស្រែ​ស្ងាត់​ជ្រងំ​ទៀត ឲ្យ​ទៅ​រក​ស្រា​ស​ឯ​ណា​ឲ្យ​ពូ​ឯង​បាន…ពូ​ឯង​ពូកែ​តែ​រឿង​ផឹក​ហ្នឹង​ហើយ បាន​ប្រពន្ធ​កូន​ពូ​ឯង​លែង​និយាយ​ស្ដី​ចូល ល្មមៗ​បាន​ហើយ​ពូ​អើយ គិត​ពី​អនាគត​កូនៗ​ផង!”។ ថា​ប៉ុណ្ណឹង ខ្ញុំ​ក៏​ត្បុល​ចូល​ដេក​វិញ។

ប៉ុន្តែ ​ប្រាស់​ខ្លួន​មិន​ទាំង​ដល់​កន្ទេល​ស្រួល​បួល​ផង ស្រាប់​តែ​ពូ​ សាន ស្រែក​ពី​ក្រៅ​មក​ថា “ចុះ​អា​ស្រា​ស​កន្លះ​លីត្រ ដែល​អា​ តក់ វា​កាប់​អញ​ងាប់​នោះ!”។ ទទួល​បាន​មួយ​ប្រយោគ​នោះ ខ្ញុំ​ភ្ញាក់​ក្រញ៉ាង ព្រលឹង​ព្រលះ​រត់​ចេញ​ពី​ខ្លួន​អត់​រលីង ព្រោះ​ចាប់​អារម្មណ៍​នឹង​ពាក្យ​ថា " អា​តក់ វា​កាប់​អញ​ងាប់​នោះ!“ ខ្ញុំ​ចាប់​ផ្ដើម​ដឹង​ថា ពូ​ធន់ លេង​ខ្ញុំ​ហើយ ហើយ​ក៏​បើក​មុង យក​ពិល​ដើរ​ទៅកាន់​កន្លែង​ភ្នក់​ភ្លើង ប៉ុន្តែ​អត់​ឃើញ​អ្វី​ទាំង​អស់។

និយាយ​តាម​ត្រង់ សរសេរ​មក​ដល់​កន្លែង​នេះ ខ្ញុំ​បះ​រោម​ព្រឺ​ក្បាល​ខ្ញាក​ៗ។ “ពុទ្ធោ…ពូ​ធន់​មក​លង​ខ្ញុំ​ហើយ!” មនុស្ស​ដែល​អត់​ធ្លាប់​ខ្លាច​ខ្មោច​សោះ​ដូច​ជា​ខ្ញុំ ស្រាប់​តែ​បាក់​ស្បាត​បែក​ញើស​ប៉ុន​ៗ​គ្រាប់​ពោត កណ្តាល​អាកាស​ធាតុ​ខែ​កត្តិក​ត្រជាក់​ស្រេប។

ខ្ញុំ ​ទម្លាក់​ជង្គង់…លើក​ដៃ​ប្រណម​”ឱ​ពូ​អើយ ដឹង​ហើយ​ខ្ញុំ​រក​ត្រី​ឲ្យ​ម៉ែ​លក់ កុំ​មក​លេង​សើច​នឹង​ខ្ញុំ​អី” ប៉ុន្តែ​បន្តិច​ម្តង​ៗ ខ្ញុំ​កាន់​តែ​ចាញ់​ច្រាប បេះដូង​លោត​កាន់​តែ​ញាប់ អារម្មណ៍​ភ័យ​ខ្លាច​កាន់​តែ​កើន​ឡើង ទ្រាំ​មិន​បាន បោះ​ពិល​ចោល រត់​​តែ​ខ្លួន​ទទេ​អត់​អាវ​ទៅ​ផ្ទះ។ នៅ​តាម​ផ្លូវ​ទៅ​ផ្ទះ ខ្ញុំ​អត់​ហ៊ាន​ងាក​ក្រោយ​ ហើយ​ពេល​ខ្លះ ខ្ញុំ​ដើរ​បិទ​ភ្នែក​ធ្លាក់​ប្រឡាយ​ដួល​ច្រងាប់ច្រងិល​ទៀត។

រូប​តំណាង

ប្រមាណ ​ជា​ម៉ោង​ ៥​ទៀប​ភ្លឺ​ខ្ញុំ​បាន​ដើរ​ដល់​ផ្ទះ ចំ​ពេល​ម្ដាយ​របស់​ខ្ញុំ​បាន​ក្រោក​ពី​ដំណេក​កំពុង​តែ​​ដាំ​បាយ​ធ្វើ​ម្ហូប និង​ត្រៀម​ចេញ​ទៅ​ច្រូត​ស្រូវ​នៅ​ឯ​ វាល​ខាង​ជើង​ផ្ទះ។ ឃើញ​ខ្ញុំ​ភ្លាម ម្ដាយ​ខ្ញុំ​សួរ​ថា​ “ម៉េច​មុខ​ស្លេកស្លាំង​ម៉េស​អាឡា ហើយ​ចុះ​ឯណា​ត្រី វា​អត់​ចូល​អន្លង់​ទេ​អី”។ “​អត់​…អត់​ទេ​ម៉ែ ខ្មោច​ពូ​ធន់​លង​ខ្ញុំ” ខ្ញុំ​ប្រាប់​ទៅ​ម៉ែ​ទាំង​ញ័រ​មាត់។ ខ្ញុំ​បាន​និយាយ​រៀបរាប់​រឿង​ដែល​កើត​ឡើង​ប្រាប់​គាត់ ហើយ​គាត់​លែង​សួរ​នាំ​អ្វី​ទាំង​អស់​ដោយ​ឱ្យ​ខ្ញុំ​ទៅ​ដេក​សម្រាក។

ផុត ​ពី​នោះ​មក ធ្លាក់​ខ្លួន​ឈឺ​ជាង​១​សប្ដាហ៍ ត្រូវ​ម៉ែ​ធ្វើ​ពិធី​ហៅ​ព្រលឹង សូត្រ​មន្ត​ស្តោះ​ផ្លុំ​ពីរ​បី​ដង​ទើប​ជា​វិញ។ បន្ទាប់​ពី​ជា​សះ​ ស្រឡះ​ក្នុង​ស្មារតី​វិញ ប្រហែល​ជា ១ខែ​ក្រោយ​ ខ្ញុំ​បាន​ត្រឡប់​ទៅ​កាន់​អន្លង់​ត្រី និង​បៀ​ខ្ញុំ​វិញ ព្រោះ​នោះ​ជា​របរ​បន្ទាប់​បន្សំ​ជួយ​ទប់​លំនឹង​ជីវភាព​គ្រួសារ។ ប៉ុន្តែ​ជួប​ហេតុការណ៍​ម្តង​នោះ ខ្ញុំ​លែង​ដេក​ចាំ​តែ​ម្នាក់​ឯង​ហើយ ហោច​ណាស់​ក៏​ហៅ​ប្អូន​ប្រុស​ខ្ញុំ​ម្នាក់​ទៅ​បាន​ជា​គ្នា​ដែរ៕

បង​ប្អូន​មាន​អនុស្សាវរីយ៍​ហួស​ចិត្ត សើច​សប្បាយ ចង់​ចែក​រំលែក​ សូម​ទាក់​ទង​លេខ ០១០ ៥៥៥ ៦៩៥ ឬ​ផ្ញើ​សារ​ជា​សំឡេង​មក​ប្រអប់​សារ​នៃទំព័រ​ នឹក​ឡើង​ហួស​ចិត្ត ក៏​បាន!!! ​​

អត្ថបទ៖ ទារិកា

មតិយោបល់