• 2018-07-26 03:02:28
  • សេដ្ឋកិច្ច

បង្អួតសម្រស់តំបន់ទឹកធម្មជាតិ ៣កន្លែងប្រចាំខេត្តស្ទឹងត្រែង ស្អាតមិនចាញ់ខេត្តនានា

  • 2018-07-26 03:02:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្ទឹងត្រែង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​​ជា​ខេត្ត​ដែល​មាន​សក្ដានុពល​​ទេសចរណ៍​ខ្លាំង​ជាង​គេ​នៅ​​តំបន់​ភាគ​ខាង​ជើង​ចម្ងាយ​ពី​ភ្នំ​ពេញ​ប្រមាណ​ជិត ៥០០គីឡូម៉ែត្រ​។ បើ​និយាយ​ពី​តំបន់​ទេសចរណ៍​ធម្មជាតិ​វិញ​ គឺ​ស្អាត ​ហើយ​ខ្យល់​អាកាស​ត្រជាក់​ល្ហឹម បើ​បាន​ទៅ​ហើយ​ ប្រាកដ​ជា​លង់​សម្រស់​ធម្មជាតិ​នៅ​ទី​នោះ​មិន​ខាន​។ ​​​​​​

​ក្រុមការងារ​ Sabay ​បាន​ចុះ​ទៅ​ផ្ដិត​យក​រូបភាព​តំបន់​ទឹក​ធម្មជាតិ​ ៣កន្លែង ​ស្រស់​ស្អាត​​ប្រចាំ​ខេត្ត​ស្ទឹង​ត្រែង​កាល​ពី​កន្លង​ទៅ​ដូច​ខាង​ក្រោម៖​​

១. ទឹក​ធ្លាក់​លើ​ផ្ទាំង​សិលា​យក្ស​​នៅ​​ជាប់​ព្រំ​ដែន​ឡាវ​​

ទឹក​ធ្លាក់​លើ​ផ្ទាំង​សិលា​យក្ស​នេះ​មាន​ឈ្មោះ​ដល់​ទៅ​៣​ដែល​ត្រូវ​បាន​អ្នក​ស្រុក​និយាយ​ត​ៗ​ពី​គ្នា​គឺ​​អ្នក​ខ្លះ​ហៅ​ ទឹក​ជ្រោះ​សុភមិត្រ​ ​អ្នក​ខ្លះ​ហៅ​ ល្បាក់​ខោន​ ​ឬ​ក៏​ហៅ​ព្រះ​និម្មិត។

ប៉ុន្តែ​ឈ្មោះ​ដែល​គេ​និយម​ហៅ​ជាង​គេ​គឺ​ល្បាក់​ខោន។ វា​​ស្ថិត​នៅ​ភាគ​ខាង​​ប្រទេស​កម្ពុជា​ដែល​ជាប់​នឹង​ព្រំ​ដែន​ឡាវ គឺជា​តំបន់​មួយ​ដែល​ទន្លេ​មេគង្គ​ហូរ​ឆ្លង​កាត់​ចុះ​​ចេញ​ពី​ខ្ពង់រាប​​ធ្លាក់​ចូល​មក​ទន្លេ​មេគង្គ​។ ទឹក​ធ្លាក់​ល្បាក់ខោន​ ឬ​ទឹក​ធ្លាក់​សុភមិត្រ​​ស្ថិត​ នៅ​ក្នុង​ឃុំ ​ព្រះ​រំកិល ​ស្រុក​ថា​ឡាបូរិវ៉ាត់​​ដែល​មាន​ចម្ងាយ​ប្រមាណ​ជិត​៨០​គីឡូម៉ែត្រ​ពី​ខេត្ត​ស្ទឹងត្រែង។

២. ​ព្រៃ​លិច​ទឹក​តាម​ដៃ​ទន្លេ​មេគង្គ

ព្រៃ​លិច​ទឹក​នៅ​តាម​ដៃ​ទន្លេ​មេគង្គ​ជា​កន្លែង​កម្សាន្ត​ដ៏​កម្រ​មួយ​នៅ​ប្រទេស​កម្ពុជា​ដែល​មនុស្ស​គ្រប់​គ្នា​ប្រាថ្នា​ចង់​ឃើញ។ ព្រៃ​លិច​ទឹក​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​ រុំាសា​ (​តំបន់​អភិរក្ស​លិច​ទឹក​)​​មាន​ចម្ងាយ​រាប់​គីឡូម៉ែត្រ​តាម​ដង​ទន្លេ​មេគង្គ​ ​នៅ​ឃុំ​អូរស្វាយ​ ស្រុក​ថាឡាបូរិវ៉ាត​ ខេត្ត​ស្ទឹងត្រែង។

តំបន់​​រុំាសា ​(តំបន់​អភិរក្ស​ លិចទឹក) ដែល​មាន​សត្វ​ផ្សោត​តាម​ដង​​ទន្លេ​មេគង្គ​ សត្វ​បក្សា​បក្សី​ សត្វព្រៃ​ ជា​ច្រើន​​ទៀត។​ វា​ប្រៀប​​​បាន​​នឹង​​ត្បូងពេជ្រ​ដ៏​មាន​តម្លៃ​  ដែល​បាន​ផុស​ឡើង​​ពី​ទឹក​តាម​បណ្ដោយ​ទន្លេ​មេគង្គ​។ ​វា​បាន​ផ្តល់​នូវ​សម្បត្តិ​ព្រៃឈើ​ដ៏​ ប្រសើរ​ ដែល​ជា​ជម្រក​ដ៏​ប្រសើរ​សម្រាប់​សត្វព្រៃ។​

៣. រមណីយដ្ឋាន​ធម្មជាតិ​​អូរ​ច្រឡង់​«ក្រមុំ​ព្រហ្មចារី»

ទឹក​ហូរ​​អូរ​​ច្រឡង់​ ឬ​ហៅ​ថា ​អូរ​វែង​​ ដែល​ស្ថិត​នៅ​ចម្ងាយ​​៤៤​គីឡូម៉ែត្រ​ ពី​ក្រុង​ស្ទឹងត្រែង​ ​​​​ប្រៀប​ដូច​ជា​ «ក្រមុំ​​ព្រហ្មចារី» ​នៅ​ក្នុង​ព្រៃ​ស្ងប់ស្ងាត់​ បែប​ធម្មជាតិ​សុទ្ធសាធ ។

អូរ​នេះ ​ស្ថិត​នៅ​ភូមិ​​​អូរ​ច្រឡង់​ ​​ឃុំ​​ម្រះ​​ ស្រុក​សៀម​បូក​ ​ខេត្ត​ស្ទឹងត្រែង ​ប៉ុន្តែ​ទឹក​ហូរ​​អូរ​ដ៏​ស្រស់​ស្អាត​នេះ​ ​មិន​ទាន់​មាន​​ផ្លូវ​ចូល​ស្រួល​នៅ​ឡើយ​ទេ ដោយ​​​ត្រូវ​ធ្វើ​ដំណើរ​ចេញ​ពី​ភូមិ​​ឆ្លង​កាត់​ព្រៃ ​​​ចម្ងាយ​​២៧០០​ម៉ែត្រ​ទើប​ដល់។

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់