• 2018-07-26 09:00:00
  • ព័ត៌មាន

ជម្លៀសពលរដ្ឋ ជាង ១២០០គ្រួសារបន្ថែម ក្រោយទឹកឡើងលើសការប្រកាសអាសន្ន

  • 2018-07-26 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹក​ទន្លេ​សេកុង បាន​បន្ត​ហក់​ឡើង​កម្ពស់ ១២,០០ម៉ែត្រ ដែល​លើស​ពី​កម្រិត​ប្រកាស​អាសន្ន ដូច្នេះ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ បាន​ជម្លៀស​ប្រជាពលរដ្ឋ​ជាង​ ១២០០គ្រួសារ​ ទៅ​រក​ទី​ទួល​សុវត្ថិភាព។

ការ​ជម្លៀស​មាន​ចំនួន​ច្រើន​ជាង​ម្សិលមិញ ដែល​មាន​ត្រឹម​តែ ២០០គ្រួសារ។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ សាលា​ខេត្ត ​ស្ទឹងត្រែង។

បើតាម លោក ម៉ែន គង់ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត ​ស្ទឹងត្រែង បាន​ប្រាប់ Sabay តាម​ទូរសព្ទ​ថា​ មក​ដល់​ថ្ងៃនេះ ​អាជ្ញាធរ​ខេត្ត​បាន​សម្រេច​ជម្លៀស​ប្រជាជន​បន្ថែម គិត​មក​ត្រឹម​ព្រឹក​នេះ សរុប​ចំនួន ១២៨៩គ្រួសារ ទៅ​កាន់​ទួល​សុវត្ថិភាព។

បើ​គិត​ជា​ចំនួន​ប្រជាពលរដ្ឋ​មាន​ចំនួន ៥៦០០នាក់។ ការ​ជម្លៀស​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ទឹក​បន្ត​​ឡើង​លើស​ពី​កម្រិត​ប្រកាស​អាសន្ន​។ កម្ពស់ទឹក ១១,៥០ ម៉ែត្រ គឺ​ជា​កម្រិត​ប្រកាស​អាសន្ន។

អ្នកនាំ​ពាក្យ​ដដែល បញ្ជាក់​ថា ប្រជាពលរដ្ឋ​កម្ពុជា​ដែល​កំពុង​រស់នៅ​ក្នុង​ស្រុក​សៀមប៉ាង​ ខេត្ត​ស្ទឹងត្រែង ប្រមាណ​ជាង ៧០០០ពាន់នាក់ កំពុង​រង​ផល​ប៉ះពាល់ ​ពី​ការ​បាក់​ទំនប់​វារី​អគ្គិសនី​នៅ​ប្រទេស​ទ្បាវនេះ។

លោក ម៉ែន គង់ បន្ត​ថា ក្នុង​ការ​ជម្លៀស​ប្រជាពលរដ្ឋ​នោះ​ដែរ​ អាជ្ញាធរ​បាន​ផ្ដល់​ស្បៀង និង​សម្ភារៈ​ការ​ពារ​សុវត្ថិភាព​មួយ​ចំនួន ដែល​ទទួល​បាន​ពី​ស្ថាប័ន​នានា និង​សាខា​កាកបាទ​ក្រហម​ខេត្ត។

លោក ផាន់ យ៉ុត អភិបាល​ស្រុក​សៀមប៉ាង បាន​បញ្ជាក់​ទៀត​ថា ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​មាន​ចំនួន ១៧​ភូមិ និង ៤ឃុំ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ប្រជាពលរដ្ឋ​នៅ​ឡើយ​ទេ៕

សូម​បញ្ជាក់​ថា ប្រភព​ពី​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​ឲ្យ​ដឹង​ថា គិត​ត្រឹម​ព្រឹកនេះ ទឹក​ទន្លេ​សេកុង បន្ត​ហក់​ឡើង​កម្ពស់ ១២,០០ម៉ែត្រ លើស​កម្រិត​ប្រកាស​អាសន្ន។

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ បាន​ជម្លៀស​ប្រជាពលរដ្ឋ​ ជាង​១២៨៩គ្រួសារ ​ទៅ​រក​ទី​ទួល​សុវត្ថិភាព។

រូបភាព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

អត្ថបទ៖ ពៅ រក្សា

មតិយោបល់