• 2018-07-28 08:48:01
  • ការអប់រំ

ដឹងអាកប្បកិរិយាទាំង ៧របស់កូន ការពារធំឡើងក្លាយជាក្មេងទំនើង

  • 2018-07-28 08:48:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលខ្លះ​កុមារ​តែង​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​ឈឺក្បាល​ដោយសារ​ពួកគេ ហើយ​នេះ​ជា​រឿង​ធម្មតា។ ប៉ុន្តែ​ប្រសិន​បើ​រឿង​ណា​មួយ​កើត​ឡើង​ម្តង​ហើយ​ម្តង​ទៀត ឪពុក​ម្ដាយ​គួរ​តែ​យកចិត្តទុកដាក់​ចំពោះ​ពួកគេ​ដូច្នេះ​ពួកគេ​នឹង​មិន​បង្ក​បញ្ហា​នៅ​ថ្ងៃ​អនាគត​។

ដឹង​អាកប្បកិរិយា​ខុស​ប្រក្រតី​ទាំង​នោះ នឹង​អាច​ធ្វើ​ឲ្យ​ឪពុកម្តាយ​អាច​រក​វិធី​បង្ការ​មិន​ឲ្យ​កូន​ពួកគេ​បង្ក​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ​បាន​ទាន់​ពេលវេលា។

តើ​ធ្វើ​ដូចម្តេច​ដើម្បី​ដឹង​ថា​ ពេល​ណា​ឪពុកម្តាយ​គួរ​ចាប់​អារម្មណ៍​នឹង​​អាកប្បកិរិយា​ខុស​ប្រក្រតី​របស់​កុមារ? លក្ខណៈ​ពិសេស​ខាងក្រោម​នេះ​បង្ហាញ​ថា​បញ្ហា​នេះ​ នឹង​មិន​បាត់​ទៅ​វិញ​ដោយ​ឯកឯង​ឡើយ៖

  • ឥរិយាបថ​របស់​កូន​អ្នក​ធ្វើ​ឱ្យ​អ្នក​ព្រួយបារម្ភ​ពី​មួយ​ខែ​ទៅ​មួយ​ខែ
  • មនុស្ស​នៅ​ជុំវិញ​​ទទួល​ផល​អវិជ្ជមាន​ពី​ឥរិយាបថ​របស់​កូន​អ្នក
  • ឥរិយាបថ​របស់​កូន​អ្នក​ផ្លាស់ប្តូ​រភ្លាមៗ​ដោយ​គ្មាន​ហេតុផល។ ឧទាហរណ៍​បើ​កូន​អ្នក​ផ្លាស់​ប្តូរ​ឥរិយាបទ​លឿន​ ម្តង​សុភាព ម្តង​​កោងកាច​ដាក់​មិត្តភក្តិ​របស់​គេ នោះ​ដល់​ពេល​ដែល​អ្នក​ត្រូវ​និយាយ​ជាមួយ​កូន​អ្នក
  • កូន​របស់​អ្នក​ចាប់ផ្តើម​ជួប​ប្រទះ​បញ្ហា​នៅ​សាលា​ដូចជា​ធ្លាក់​លេខ វាយតប់​គ្នា​នៅ​សាលា មិន​ចង់​ទៅ​រៀន​ជា​ដើម
  • បញ្ហា​មិន​ចង់​គេង គ្មាន​អនាម័យ និង របប​អាហារ​មិន​ត្រឹមត្រូវ​ជា​ដើម

ខាង​ក្រោម​នេះ​គឺ​ជា​អាកប្បកិរិយា​៧​ប្រភេទ​របស់​កុមារ​ ដែល​ឪពុក​ម្តាយ​គួរ​បារម្ភ​ឮ

៧ គ្មាន​ការ​អត់​អោន ​​​​ ជា​ធម្មតា​មាតាបិតា​តែង​បង្រៀន​កូន​ពួកគេ​ឱ្យ​ចេះ​តស៊ូ។ ឧទាហរណ៍ កូន​អ្នក​ព្យាយាម​វាយតប់​សត្វធាតុ​ព្រោះ​សត្វ​ទាំង​នោះ​មិន​ព្រម​លេង​ជាមួយ​គេ។ ប្រសិន​បើ​កុមារ​តែងតែ​ព្យាយាម​សងសឹក នេះ​គឺ​ជា​សញ្ញា​អាក្រក់។

គួរ​ធ្វើ​ដូចម្តេច?

ត្រូវ​ប្រាកដ​ថា​កូន​អ្នក​រៀន​ស្វែង​យល់​ពី​ការ​អត់អោន។ ធ្វើ​ជា​គំរូ​ដល់​ពួកគេ។ បង្រៀន​កុមារ​ឱ្យ​ចេះ​ប្រៀបធៀប​អារម្មណ៍​ខ្លួន​ឯង​ជាមួយ​អ្នក​ដទៃ ដើម្បី​ស្វែង​យល់​ពី​ប្រភព​នៃ​ជម្លោះ។ បង្រៀន​ពួកគេ​ឲ្យ​ចេះ​ដោះស្រាយ​នៅ​ពេល​ជួប​រឿង​មិន​សប្បាយចិត្ត។

៦ គ្មាន​ទំនួល​ខុសត្រូវ

កុមារ​ខ្លះ​ចេះ​កុហក់​ព្រោះ​មិន​ចង់​ទទួល​ទណ្ឌកម្ម​ពេល​ធ្វើ​ខុស។ ស្រមៃ​ទៅ​មើល​ថា ប្រសិន​បើ​គេ​ធំ​ឡើង​ហើយ​មិន​ចេះ​ទទួល​ខុស​ត្រូវ​ ដោយ​ទម្លាក់​បន្ទុក​ដាក់​មិត្ត​រួម​ការងារ។

គួរ​ធ្វើ​ដូចម្តេច?

ត្រូវ​បង្រៀន​ឲ្យ​កុមារ​ចេះ​ទទូល​ខុសត្រូវ​ដោយ​ពន្យល់​ថា គេចវេស​មិន​មែន​ជា​អាកប្បកិរិយា​ល្អ​ទេ។ ដូចគ្នា​ផង​ដែរ ឪពុក​ម្តាយ​ដែល​តែងតែ​ស្តី​បន្ទោស​កូន​រាល់​ពេល​ពួកគេ​ធ្វើ​ខុស​ក៏​ជា​ការ​រួម​ចំណែក​ឲ្យ​កូន​គ្មាន​ទទួល​ខុស​ត្រូវ។

៥ លើស​ពី​រឹងរូស

តស៊ូ​មតិ​ ខុស​ពី ចចេស​រឹងរូស។ មាតាបិតា​គួរ​បង្រៀន​កូន​របស់​ពួកគេ​ឱ្យ​អភិវឌ្ឍ​ជំនាញ​​តស៊ូមតិ​នេះ​ក្នុង​អំឡុង​ពេល​កុមារភាព​របស់​ពួកគេ ព្រោះ​ ពួកគេ​អាច​យល់​ពី​អារម្មណ៍ និង បំណង​ប្រាថ្នា​របស់​ខ្លួនឯង​ និង អ្នកដទៃ។ អនុញ្ញាត​ឱ្យ​ពួកគេ​ដឹង​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន និង អ្វី​ដែល​ពួកគេ​មិន​គួរធ្វើ។ ឧទាហរណ៍ បង្រៀន​កូន​អ្នក​ឲ្យ​ចេះ​និយាយ​ថា "កូន​នឹង​ញ៉ាំ​ស្ករ​គ្រាប់​បន្ទាប់​ពី​ញ៉ាំបាយ​រួច" ជំនួស​ឲ្យ​ពាក្យ​ថា "ទេ!​ អត់​ចេះ​ញ៉ាំ អត់​ចង់​ញ៉ាំ"។

៤ ង៉ិកង៉ក់

កូន​ខ្លះ​ង៉ិកង៉ក់​ដាក់​ឪពុកម្តាយ​របស់​ពួកគេ​ដោយ​ចង់​បាន​អ្វី​ត្រូវ​តែ​បាន​ហ្នឹង។ ពួកគេ​ចាប់ផ្តើម​យំ​នៅ​ផ្សារ​ទំនើប ឬ ប្រើ​វិធីសាស្រ្ត​ផ្សេង​ទៀត​ដើម្បី​បង្គាប់​បញ្ជា។

​​គួរ​ធ្វើ​ដូចម្តេច?

គួរ​ដឹង​ថា​ក្មេង​ចេះ​ង៉ិកង៉ក់​ នៅ​ពេល​ឪពុកម្តាយ​គ្មាន​ពេល​វេលាគ្រប់គ្រាន់​សម្រាប់​ពួកគេ។ គួរ​ចំណាយ​ពេល​ខ្លះ​ជាមួយ​ពួកគេ។ ឪពុកម្តាយ​ទៀត​សោត ត្រូវ​ចេះ​ស្ងប់ស្ងៀម កុំ​ស្រែក​គំហក ឬ គំរាមកំហែង​ពួកគេ។ ទាំង​នេះ​ទំនង​ជា​ពិបាក​ធ្វើ ប៉ុន្តែ​មាន​ប្រសិទ្ធភាព។

​៣ ភ័យខ្លាច​ការ​ផ្លាស់ប្តូរ

ក្មេង​មួយ​ចំនួន​តែង​ខ្លាច​គេ​ មិន​ចង់​ទៅ​ណា។ ឧទាហរណ៍ ពេល​កូន​អ្នក​យំ​ពេល​បញ្ជូន​គេ​ទៅ​សាលា​មត្តេយ្យ​ជា​ដើម។

​គួរ​ធ្វើ​ដូចម្តេច?

កុមារ​ងាយ​អាន​ភាសា​កាយវិការ​មនុស្ស​ធំ​ណាស់។ កុមារ​ប្រភេទ​នេះ​តែង​ងាយ​រង​ការ​ប៉ះ​ទង្គិច​ផ្លូវ​អារម្មណ៍​ទោះ​ជា​រឿង​តូច​ក្តី។ ត្រូវ​នៅ​ជាមួយ​គេ​រហូត​ដល់​កុមារ​ស៊ាំ​នឹង​កន្លែង​ថ្មី មិត្ត​ថ្មី​សិន។ និយាយ​ពី​អារម្មណ៍​របស់​ពួកគេ​ ដូច្នេះ​ពួកគេ​នឹង​យល់​ថា​អ្នក​កំពុង​តែ​ឃ្លាំ​មើល​ចាំ​ការពារ​គេ។

២ សកម្មភាព​ផ្ដេសផ្ដាស

កុមារ​ខ្លះ​លេង​ល្បែង​ប្លែកៗ ដូច​ជា​បំផ្លាញ​ពេញ​ក្នុង​ផ្ទះ ឬ ធ្វើ​បាប​មិត្តភក្តិ ដោយ​មិន​គិត​ពី​លទ្ធផល​ដែល​បណ្តាល​មក​ពី​សកម្មភាព​ទាំង​នោះ​ឡើយ។

គួរ​ធ្វើ​ដូចម្តេច?

ឪពុក​ម្តាយ​ត្រូវបង្រៀន​កូន​ឲ្យ​យល់​ថា សកម្មភាព​កូនៗ​ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​ឈឺចាប់​ដោយ​សារ​តែ​ខ្លួន​មិន​មែន​ជា​​សកម្មភាព​ល្អ​ទេ។ ត្រូវ​ដាក់​វិន័យ​ឲ្យ​កុមារ​ធ្វើ​តាម ហើយ នៅ​ពេល​កូន​ធ្វើ​បាន​ល្អ​តាម​វិន័យ​ ត្រូវ​សរសើរ​ពួកគេ។

១ វិធី​កម្សាន្ត​សប្បាយ​មិន​ត្រឹមត្រូវ

អ្នក​ចិត្តសាស្ត្រ​​រុស្ស៊ី Katerina Murashova បាន​ធ្វើ​ពិសោធន៍ លើ​មនុស្ស​វ័យ​ជំទង់ ៦៨ នាក់ (អាយុ​ពី ១២-១៨ ឆ្នាំ) ចំណាយពេល ៨ ម៉ោងតែម្នាក់ឯងដោយគ្មានមិត្តភក្តិ ឬ គ្រឿងអេឡិចត្រូនិច។ មាន​តែ​​ក្មេង​ជំទង់​៣​នាក់​ប៉ុណ្ណោះ ដែល​អាច​គ្រប់គ្រង​ស្ថានការណ៍​នេះ​ ហើយ ផ្តោត​លើ​ការងារ​របស់​ពួកគេ​បាន។​

កុមារ​មិន​ចេះ​ស្វែង​រក​ល្បែង​សប្បាយ​ដោយ​ខ្លួន​ឯង គឺ​ជា​រឿង​ធម្មតា។ ប៉ុន្តែ​នៅ​ពេល​ពួកគេ​ធំ​ឡើង ការ​មិន​ចេះ​​ឃុំ​គ្រង​អារម្មណ៍​ខ្លួន​ឯង នឹង​នាំ​ទៅ​ដល់​ការ​រំខាន​អ្នក​ដទៃ។ ហេតុ​ដូច្នេះ​ ឪពុកម្តាយ​មាន​តួនាទី​សំខាន់​ក្នុង​ការ​បង្រៀន​ជំនាញ​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​នេះ​​តាំង​ពី​កុមារភាព​ដល់​កូន​ៗ​ពួកគេ។ ​

គួរ​ធ្វើ​ដូចម្តេច?

វិធី​ល្អ​បំផុត​ត្រូវ​ឲ្យ​កូនៗ​ស្វែង​រក​អ្វី​ដែល​ជា​ចំណូល​ចិត្ត​ពិតប្រាកដ​ដល់​ពួកគេ។ អ្នក​ជំនាញ​ខាង​លើ​បាន​ព្រមាន ដល់​ឪពុកម្តាយ មិន​ត្រូវ​ផ្សារភ្ជាប់​​ចំណូល​ចិត្ត​ពួកគេ​ជាមួយ​ទូរស័ព្ទ និង កុំព្យូទ័រ​ឡើយ៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់