• 2018-08-01 02:21:10
  • ចរាចរណ៍

អាជ្ញាធរឆ្លើយតបហើយ រឿងគេថាផ្លូវទៅទិញសំបុត្រទស្សនាអង្គរ ចង់អភិរក្សឲ្យបុរាណដែរ

  • 2018-08-01 02:21:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវ​៦០​ម៉ែត្រ នៅ​ក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខាង​កើត​ស្ពាន​នាគ ដែល​ជា​ផ្លូវ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទិញ​សំបុត្រ​ទស្សនា​ប្រាសាទ​អង្គរវត្ត​ ពិត​ជា​មាន​ការ​ខូចខាត​ពិត​មែន ប៉ុន្តែ​មិន​មែន​​ប្រវែង​ផ្លូវ​ទាំង​អស់​នោះ​ឡើយ គឺ​ត្រឹម​តែ​២០​ម៉ែត្រ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​បំភ្លឺ​របស់​លោក ឡុង កុសល ជា​អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឆ្លើយឆ្លង​ជាមួយ​ Sabay តាម​ទូរសព្ទ​នៅ​ព្រឹក​នេះ។

រូបភាព៖ Sopheak Angkor

អាជ្ញាធរ​ជាតិ​អប្សរា​បាន​រៀបចំ​គម្រោង​ជួសជុល​រួចរាល់​អស់​ហើយ ប៉ុន្តែ​ដោយ​សារ​លក្ខខណ្ឌ​អាកាស​ធាតុ​មិន​អំណោយ​ផល មេឃ​ភ្លៀង​រាល់​ថ្ងៃ​ ទើប​មិន​ទាន់​អាច​ជួសជុល​បាន​នៅ​ពេល​នេះ។ ម្យ៉ាង​ទៀត​ការ​ធ្វើ​ចរាចរណ៍​ដ៏​មមាញឹក​ស្រប​ពេល​មេឃ​ភ្លៀង​ ទើប​ធ្វើ​ឲ្យ​មាន​ការ​ខូចខាត​កាន់​តែ​ខ្លាំង។ អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បន្ថែម​ថា អាជ្ញាធរ​មិន​មែន​មិន​ដឹង​អំពី​ការ​ខូចខាត​ដូច​អ្វី​ដែល​អ្នក​ប្រើ​បណ្ដាញ​សង្គម​លើក​ឡើង​នោះ​ឡើយ គ្រាន់​តែ​ថា​ក្នុង​ពេល​នេះ​នៅ​មិន​ទាន់​អាច​ជួសជុល​បាន ក្រោយ​ពេល​អាកាស​ធាតុ​ល្អ​ប្រសើរ​ហើយ ផ្លូវ​មួយ​ខ្សែ​នេះ​នឹង​មិន​ពិបាក​ធ្វើ​ដំណើរ​ទៀត​ទេ។

លោក​ឡុង កុសល តំណាង​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ក៏​សូម​ធ្វើ​ការ​អធ្យាស្រ័យ​ដល់​សំណាក់​បង​ប្អូន​ប្រជាពលរដ្ឋ ក៏​ដូចជា​ភ្ញៀវ​ទេសចរ​ទាំង​អស់​មេត្តា​យោគយល់ និង​អធ្យាស្រ័យ​ ចំពោះ​ការ​យឺតយ៉ាវ​ក្នុង​ការ​ជួសជុល ដោយ​សារ​តែ​មាន​កត្តារាំងស្ទះ​មួយ​ចំនួន​ដូច​បាន​លើក​ឡើង​ខាង​លើ​នេះ។ ​

គួរ​ឲ្យ​ដឹង​ដែរ​ថា មាន​ការ​ចែក​រំលែក​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម អំពី​ស្ថានភាព​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ទិញ​សំបុត្រ​ទស្សនា​ប្រាសាទ​អង្គរ​វត្ត​មាន​ការ​ខូច​ខាត​ជា​ខ្លាំង។ មាន​ការ​លើក​ឡើង​ថា តម្លៃ​ទស្សនា​សម្រាប់​ជន​បរទេស​រហូត​ដល់ ៣៧​ដុល្លារ​ក្នុង​ម្នាក់ តែ​ផ្លូវ​ទៅ​ទិញ​សំបុត្រ​បែរ​ជា​មាន​ស្ថានភាព​លំបាក​លំបិន​ទៅវិញ។ អ្នក​ខ្លះ​ទៀត​ថែម​ទាំង​លើក​ឡើង​ថា ផ្លូវ​ទៅ​ទិញ​សំបុត្រ​ទស្សនា​ប្រាសាទ​បុរាណ ប្រហែល​ចង់​អភិរក្ស​ផ្លូវ​ឲ្យ​បុរាណ​ដែរ​ហើយ។ យ៉ាង​ណា​ក្ដី​ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​អ្នក​លេង​បណ្ដាញ​សង្គម អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បក​ស្រាយ​រួចរាល់​ហើយ៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់