• 2018-08-03 11:31:00
  • ជំនឿ

ដល់​ក...!មួយ​ស្ថានីយ...មក​លេង​តែ​ឯង​ម្នាក់ ម្ដង​ហើយ​ម្ដង​ទៀត!

  • 2018-08-03 11:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្ញុំ​បាទ ថាដា បាន​វិល​មក​រក​បង​ប្អូន​សារ​ជា​ថ្មី​វិញ​ហើយ​បាទ ដែល​កាល​ពី​មុន​ម៉ូតូ​សំណព្វ​ចិត្ត​ខ្ញុំ​វា​ដុត​ខ្ញុំ​ទាំង​ព្រឹក ធ្វើ​ឲ្យ​ខ្មាស​គេ​ពេញ​តែ​ផ្សារ​តែ​ម្តង! តែ​ថ្ងៃ​នេះ​ខ្ញុំ​នឹក​ឃើញ​រឿង​ហួស​ចិត្ត​ផង​ក៏​ព្រឺ​សំបុរ​ផង​ដែរ​មក​ចែក​រំលែក​ដល់​បង​ប្អូន​ទាំង​អស់​គ្នា​ជ្រាប​បាទ!

បន្ទាប់​ពី​ខ្ញុំ​បាន​ការងារ​ថ្មី​ធ្វើ​ប្រហែល​ជា​៤​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​ក៏​បាន​ផ្លាស់​ទៅ​ធ្វើការ​នៅ​ស្ថានីយ៍​ទូរទស្សន៍​១​នៅ​ម្តុំ​ព្រែក​ឯង​ក្នុង​ឆ្នាំ​២០១៤ ដែល​កាល​ពី​មុន​ចេញ​ពី​ព្រែក​ឯង ទៅ​ធ្វើការ​នៅ​ភ្នំពេញ​បាន​៤​ឆ្នាំ ឥឡូវ​រត់​ចុះ​រត់​ឡើង​មក​ព្រែក​ឯង​វិញ​ដដែល។ និយាយ​ទៅ​និស្ស័យ​ខ្ញុំ​ទៅ​ណា​មិន​ឆ្ងាយ​ពី​ព្រែក​ឯង​បណ្តូល​ចិត្ត​តែ​ម្តង។ កុំ​ឲ្យ​បង​ប្អូន​ទន្ទឹង​រង់​ចាំ​យូរ​ចូល​សាច់​រឿង​ដូច​តទៅ។

រូប​តំណាង

កាល​នោះ​ចូល​ធ្វើ​ការ​ដំបូង​ដូច​ជា​មិន​សូវ​រវល់​ច្រើន​ទេ ហើយ​ក៏​គ្មាន​ថែម​ម៉ោង​ដល់​យប់​អី​ដែរ ដល់​២ ៣​ខែ​ក្រោយ​មក កម្មវិធី​ចេះ​តែ​មក​ជាន់​គ្នា​ច្រើន​ទៅ​ៗ ធ្វើ​ឲ្យ​ក្រុម​ខ្ញុំ​បាទ​ដែល​មាន​គ្នា​៤ -៥​នាក់​នាំ​គ្នា​ថែម​ម៉ោង​ដល់​យប់ ដើម្បី​បង្ហើយ​ការងារ​ឲ្យ​រួចរាល់ សំរាប់​រៀប​ចំ​ការ​ផ្សាយ​រៀងរាល់​សប្តាហិ៍។

ធ្វើ​ជា​មួយ​គ្នា ទាំង​យប់​ទាំង​ថ្ងៃ​នៅ​ជុំ​គ្នា ជួន​កាល​ដល់​ម៉ោង ១១-១២ យប់​អី បាន​ចេញ​ពី​ធ្វើ​ការ ហើយ​ត្រឡប់​មក​ភ្នំពេញ​វិញ។ រឿង​ហួស​ចិត្ត បាន​កើត​ឡើង​ចំពោះ​ខ្ញុំ​ដល់​ទៅ​៣-៤​ដង។ គឺ​ថា​ថ្ងៃ​ភ្ជុំ​បិណ្ឌ​បាន​ចូល​មក​ដល់ បុគ្គលិក​គ្រប់​គ្នា​បាន​ឈប់​សម្រាក​ទៅ​លេង​ស្រុក​អស់​ហើយ នៅ​ឡើយ​តែ​ក្រុម​ខ្ញុំ​បាទ​នៅ​បង្ហើយ​ការងារ​តែ​៤-៥​នាក់។

ហើយ​ថ្ងៃ​មួយ​នោះ​ចំ​ថ្ងៃ​ភ្ជុំ​ធំ​នោះ សមាជិក​៣-៤នាក់​ទៀត គេ​ចេញ​ពី​ព្រលប់​ទៅ​មុន​អស់ នៅ​ឡើយ​តែ​ខ្ញុំ​មិន​ទាន់​ហើយ​ការងារ ក៏​សម្រេច​ចិត្ត​នៅ​ធ្វើ​តែ​ម្នាក់​ឯង​ក្នុង​បន្ទប់​ដល់​ម៉ោង ១០ យប់​ជាង។ ខ្ញុំ​ស្រេក​ទឹក​ពេក ក៏​ឡើង​ទៅ​ដង​ទឹក​នៅ​ជាន់​ខាង​លើ​បន្ទាប់​ពី​ជាន់​ខ្ញុំ​ធ្វើ​ការ។ ពេល​ទៅ​ដល់ ក៏​ឃើញ​មិត្ត​ភក្តិ​រួម​ការងារ​ម្នាក់​នៅ​ធ្វើ​ដែរ តែ​ខាង​ផ្នែក​ខុស​គ្នា ព្រោះ​នៅ​ជាន់​ខុស​គ្នា​ដែរ។ ឃើញ​ដូច្នេះ ខ្ញុំ​ក៏​សួរ​នាំ និយាយ​គ្នា​លេង​ពី​នេះ​ពី​នោះ​ទៅ។

គាត់​នោះ ឬក​ណាស់ សួរ​អី​ក៏​មិន​ឆ្លើយ​ដែរ ចេះ​តែ​ងក់​ក្បាល​អឺ​អើ​ដាក់​ខ្ញុំ ឲ្យ​ខ្ញុំ​និយាយ​តែ​ម្នាក់​ឯង។ គេ​មិន​សូវ​រាក់​ទាក់ និយាយ​បាន​១​សន្ទុ ខ្ញុំ​ក៏​សុំ​ចុះ​មក​ធ្វើ​ការ​វិញ​ និង​នៅ​រហូត​ដល់​ម៉ោង​១១​កន្លះ ក៏​ចេញ​ទៅ​ភ្នំពេញ​វិញ​ទៅ។ រំលង​២​ថ្ងៃ ដល់​ថ្ងៃ​ចូល​ធ្វើការ​ធម្មតា​វិញ ហើយ​ក៏​ជួប​មិត្តភក្តិ​រួម​ការងារ​ដែល​ជួប​កាល​ពី​២​ថ្ងៃ​មុន ខ្ញុំ​ក៏​ស្វាគមន៍​គ្នា​សួរ​នាំ​ពី​នេះ​ពីនោះ​ទៀត។

រូប​តំណាង

ម្ដង​នេះ ខ្ញុំ​ឆ្ងល់​ថា ជួប​លើក​នេះ មិន​ដូច​ថ្ងៃ​មុន គឺ​គេ​និយាយ​លេង​ត​ទៅ​ត​មក​ខុស​គ្នា​ដាច់​ប៉ិត​ពី​ជួប​លើក​មុន សួរ​មិន​ចង់​ស្ដី។ បែប​នេះ ខ្ញុំ​ក៏​ឆ្លៀត​​សួរ​ថា ថ្ងៃ​មុន ម៉េច​ក៏​សួរ​អី​មិន​តប​សោះ​ងក់​តែ​ក្បាល​ដាក់​ឯង​អីចឹង! ម៉េច​ខ្លាច​ជ្រុះ​ផ្កា​ថ្កុល​មែន? ស្រាប់​តែ​គេ​ម្នាក់​នោះ​ងីងើ និង​សួរ​ខ្ញុំ​វិញ​ថា "គាត់​ឯង​ជួប​គ្នា​ហើយ​សួរ​គ្នា​ពេល​ណា?” ខ្ញុំ​ក៏​ប្រាប់​ថា​កាល​ពី​២​ថ្ងៃ​មុន​នោះ ប្រហែល​ម៉ោង​១០​យប់​នៅ office យើង​ហ្នឹង ក្រែង​សម្លាញ់​ឯង​នោះ​អី ធ្វើ​ភ្លេច​អី​ណា ទើប​តែ​២​ថ្ងៃ​សោះ!

"២​ថ្ងៃ​មុន...! ម៉ោង​១០យប់! ខ្ញុំ​អត់​មាន​មក​​ធ្វើ​ការ​ផង...ខ្ញុំ​ទៅ​ស្រុក​មុន​ហ្នឹង​១​ថ្ងៃ​ផង ហើយ​ម៉ោង​ប៉ិ​ឯង​និយាយ​ហ្នឹង ឯង​កំពុង​ផឹក​ស្រវឹង​ចង់​ងាប់ មាន​ពេល​ណា​មក​និយាយ​វ៉ី។ "និយាយ​លេង​ និយាយ​មែន!” ខ្ញុំ​សួរ​គេ​បញ្ជាក់។ "និយាយ​មែន ថ្ងៃ​នោះ​ឯង​អត់​មក​ធ្វើ​ការ​ទេ!”។ ពុទ្ធោ​លោក​ព្រះ គ្រាន់​តែ​លឺ ព្រលឹង​ចង់​លោត​ចេញ​ស៊ី​ព្រលិត​ទៅ​ហើយ។

ព្រះ​អើយ...ជួប​ខ្មោច​ទាំង​មិន​ដឹង​ខ្លួន...​ចាប់​តាំង​ពី​នោះ​មក​លែង​ហ៊ាន​ធ្វើការ​ដាច់​យប់​តែ​ឯង​ទៀត​ហើយ។ អីចឹង​តើបានជា​មិន​និយាយ​រក​ឯង​មួយ​ម៉ាត់​សោះ។ ខ្ញុំ​ក៏​យក​រឿង​នេះ សួរ​អ្នក​ធ្វើការ​ចាស់​ៗ គេ​ក៏​ប្រាប់​ថា ធ្លាប់​ជួប​ដែរ ជួប​ទាំង​ប្រុស​ទាំង​ស្រី​ផង ពុទ្ធោ! នេះ​ចង់​លេង​ជាមួយ​ខ្ញុំ​ហើយ​តើ!។ រំលង​បាន​២ ៣ខែ​ទៀត ខ្ញុំ​ក៏​​ថែម​ម៉ោង​យប់​ទៀត តែ​មិន​អី​ទេ លើក​ក្រោយ​នេះ មាន​គ្នា៣ ៤​នាក់​ធ្វើ​ជុំ​គ្នា​ដូច​ជា​កក់​ក្តៅ​ខ្លះ​ៗ​ដែរ។

ធ្វើ​យូរ​ៗ​ទៅ​មិន​ហើយ​ការងារ​សោះ ដល់​ម៉ោង១១ ជិត១២ហើយ នៅមិនទាន់ហើយ​ទៀត។ គិត​ថា បើ​ឈប់​ធ្វើ ហើយ​ទៅ​ផ្ទះ ខ្លាច​មិន​ទាន់​គេ​ចាក់​ផ្សាយ​ថ្ងៃ​ស្អែក ក៏​សំរេច​ចិត្ត​ទាំង​អស់​គ្នា ថា​ត្រូវ​តែ​ធ្វើ​ឲ្យ​ហើយ​ក្នុង​យប់​នេះ។ រហូត​ដល់​ម៉ោងប្រហែល​១​រំលង​អាធ្រាត្រ ខ្ញុំ​ឈឺ​បត់​ជើង​តូច​ ក៏​ទៅ​បន្ទប់​ទឹក ពេល​ទៅ​ដល់ ក៏​ឃើញ​មីង​អនាម័យ​កំពុង​តែ​ជូត​កញ្ចក់។

រូប​តំណាង

ដំបូង​ខ្ញុំ​នឹក​ឆ្ងល់​ដែរ​ថា ចុម​អនាម័យ​លេង​ថែម​ម៉ោង​ដល់​ម៉ោង ១ ម៉ោង​២ អីចឹង​ដែរ។ ប៉ុន្តែ​ភ្លាម​ក៏​នឹក​គិត​ទៀត​ថា ជួន​គាត់​អាច​មាន​រវល់​នៅ​ថ្ងៃ​ស្អែក​មិន​បាន​មក ហើយ​ធ្វើ​ពី​យប់​ឲ្យ​ហើយ​ក៏​ថា​បាន។ ពេល​នោះ ខ្ញុំ​ក៏​សួរ​ថា មីង​អត់​ទាន់​ទៅ​ផ្ទះ​វិញ​ទេ​ម៉ោង​១​យប់​ហើយ​ហ្នឹង? តែ​គាត់​មិន​ព្រម​ឆ្លើយ​ដាក់​ខ្ញុំ​សោះ ខ្ញុំ​ក៏​មិន​ចាប់​អារម្មណ៍ គិត​ថា​ប្រហែល​គាត់​មិន​លឺ ព្រោះ​មើល​ទៅ​គាត់​ដូច​ជា​មាន​ពាក់​កាស​ស្តាប់​ចំរៀង​អី​ណា​គាត់​ដែរ! ខ្ជិល​ដេញដោល​ច្រើន ក៏​ចូល​បន្ទប់​ទឹក​ទៅ។

មួយ​សន្ទុះ​ចេញ​មក​វិញ ក៏​បាត់​គាត់ បាត់​ទាំង​ធុង​ទឹក​អំបោស​អី​របស់​គាត់​ហ្នឹង ខ្ញុំ​ក៏​មិន​ចាប់​អារម្មណ៍​ដែរ ព្រោះ​គិត​ថា​គាត់​ប្រមូល​ទុក​វិញ​អស់​ហើយ។តែ​រឿង​ដែល​ខ្ញុំ​ព្រឺរោម​ម្តង​ទៀត​នោះ ពេល​ព្រឹក​ឡើង​មក​ធ្វើការ​វិញ ខ្ញុំ​ក៏​ជួប​គាត់​ហើយ​សួរ​នាំ​គាត់​ថា មីង​យប់​មិញ​ថែម​ម៉ោង​ដល់​យប់​ជ្រៅម៉េស ដល់​ម៉ោង​១​ហើយ នៅ​ក្រោក​មក​ធ្វើការ​ពី​ព្រលឹម​ទៀត! គាត់​តប​វិញ​ថា ធ្វើ​អី​ក្មួយ មីង​ចេញ​ទៅ​ផ្ទះ​តាំង​ពី​ម៉ោង​៥ហ្ន៎! អីយ៉ូយ! ដល់​ពេល​នេះ​ទើប​ខ្ញុំ​ដឹង​ថា មាន​ស្រី​មាន​ប្រុស​មក​លេង​ខ្ញុំ​ហើយ​តើ! តែ​ធ្វើ​ម៉េច​ខ្ញុំ​ដូច​ជា​មិន​សូវ​ចេះ​ខ្លាច​ផង គ្រាន់​តែ​បះ​រោម​តិច​ៗ​ហ្នឹង។

ជួប​ផ្ទួន​ៗ ខ្ញុំ​ចាប់​អារម្មណ៍​​ថា គេ​មក​រក​យើង​គ្រាន់​តែ​ចង់​បង្ហាញ​យើង​ថា មាន​គេ​នៅ​ថែ​រក្សា​កន្លែង​នេះ​ដែរ! ហើយ​ចាប់​តាំង​ពី​នោះ​មក ក៏​មិន​ដែល​ជួប​ទៀត​ទេ! ហើយ​ខ្ញុំ​ក៏​ធ្វើការ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ បាន​សុខសាន្តរ​ហូត​មក។ ចប់​ហើយ​រឿង​ខ្ញុំ​មាន​តែ​ប៉ុណ្ណឹង​ឯង! ជួប​គ្នា​លើក​ក្រោយ​ទៀត​បង​ប្អូន​ប្រិយមិត្ត​របស់ "នឹក​ឡើង​ហួស​ចិត្ត" ទាំងអស់!

អត្ថបទ៖ ទារិកា

មតិយោបល់