• 2018-08-06 09:06:16
  • សេដ្ឋកិច្ច

បន្ទាប់​ពី​មាន​ទី​ផ្សារ​ធំ​នៅ​ចិន តើ​កម្ពុជា​នាំ​ចេក​ប៉ុន្មាន​ម៉ឺន​តោន​ទៅ​ទី​ផ្សារ​អន្តរជាតិ​ក្នុង​មួយ​ឆ្នាំ?

  • 2018-08-06 09:06:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុន​នេះ ​កម្ពុជា​ និង​ចិន​បាន​ចុះ​ហត្ថលេខា​លើ​ពិធី​សារ​ស្ដីពី​លក្ខខណ្ឌ​តម្រូវ ​ភូត​គាម​អនាម័យ​សម្រាប់​ការ​នាំ​ចេក​អំបូង​លឿង​ពី​​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ចិន​ដោយ​ផ្ទាល់ ដែល​កិច្ច​ព្រម​ព្រាង​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​រវាង ​ឯក​ឧត្ដម វ៉េង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ និង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា។ ប៉ុន្តែ​លោក​អ្នក​ប្រហែល​មិន​ទាន់​ដឹង​ទេ​ថា តើ​​ជា​រាល់​ឆ្នាំ​កម្ពុជា ​បាន​នាំ​ចេក​ប៉ុន្មាន​ម៉ឺន​តោន​ទៅ​ក្រៅ​ប្រទេស​?

លោក ហ៊ាន វណ្ណហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​​ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា កម្ពុជា​​​បាន​​នាំ​ចេញ​ផ្លែ​ចេក​ប្រមាណ​ ៣​ម៉ឺន​តោន​​ក្នុង​​មួយ​ឆ្នាំ​ទៅ​កាន់​ទីផ្សារ​អន្តរ​ជាតិ​ ខណៈ​បច្ចុប្បន្ន​​​មាន​ផ្ទៃ​ដី​ដាំ​ចេក​សម្រាប់​នាំ​ចេញ​ជាង ៥ ០០០ ហិចតា​ ​ហើយ​ផ្ទៃដី​​ដាំដុះ​នេះ​នឹង​ត្រូវ​បន្ត​ពង្រីក​បន្ថែម​ទៀត​ បន្ទាប់​ពី​​មាន​ការ​ផ្ដល់​ភ្លើង​ខៀវ​ពី​ប្រទេស​ចិន​។

លោក ហ៊ាន វណ្ណហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​​ (ប្រភពរូប៖ ទូរសព្ទដៃសុផល)

កម្ពុជា​មាន​ផ្ទៃដី​ដាំ​ចេក​អំបូង​លឿង​​នៅ​ខេត្ត​រតនគិរី ក្រចេះ និង​ខេត្ត​កំពត។ “តាម​ពិត​ចេក​នាំ​ចេញ​មិន​មែន​ដូច​ចេក​យើង​ឃើញ​មាន​​តាម​ខេត្ត​កន្លងមក​ទេ​ដូចជា​​ ចេក​ណាំវ៉ា ឬ ចេក​ពងមាន់​នោះ​ទេ ប៉ុន្តែ​ជា​ប្រភេទ​ពូជ​មួយ​​អំបូង​​លឿង ដែល​អាច​ធន់​ទ្រាំ​ទៅ​​នឹង​ការ​ដឹក​ជញ្ជូន​ ហើយ​មាន​លក្ខណៈ​អាច​ទុក​បាន​យូរ ដែល​ខុស​ពី​ចេក​ក្នុង​ស្រុក​យើង​ពីមុន​មក​​គឺ​ការ​ដឹក​ជញ្ជូន​យើង​មិន​បាន​យូរ​ទេ។ អញ្ចឹង​លើ​ពិភព​លោក​គេ​និយម​​ចេកអំបូង​លឿង​នេះឯង​”។

 

លោក​បាន​ឱ្យ​ដឹង​ទៀត​ថា ​បន្ទាប់​ពី​ចុះ​ពិធី​សារ​ជាមួយ​ចិន​​ នៅ​មាន​ការងារ​មួយ​ចំនួន​​ទៀត ​​​ដែល​​ត្រូវ​ចាត់​ចែង​បន្ទាន់​ទី​១ គឺ​ម្ចាស់​កសិដ្ឋាន​​ត្រូវ​រូតរះ​មក​ចុះបញ្ជី​នៅ​អគ្គនាយកដ្ឋាន​កសិកម្ម​​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ស្រប​ទៅ​​នឹង​លក្ខខណ្ឌ​តម្រូវ​របស់​ភាគី​ចេញ​ចិន។ លក្ខខណ្ឌ​របស់​ចិន​​គឺ​ផ្ដោត​សំខាន់​ទៅ​លើ​​របាំង​ភូតគាម​អនាម័យ ដែល​ផ្ដោត​សំខាន់​លើ​​សំណល់​សារធាតុ​បង្ក​គ្រោះ​ថ្នាក់​​ដល់​សុខភាព​លើស​កម្រិត​​កំណត់​ និង​មិន​​ឱ្យ​ចម្លង​​​នូវ​ប្រភេទ​សត្វ​ល្អិត​ចង្រៃ​ពី​កម្ពុជា​រាលដាល​ឆ្លង​​ទៅ​ប្រទេស​ចិន​​។

ខ្ញុំ​លើក​មក​នេះ​មិន​​មែន​មាន​ន័យ​ថា ប្រទេស​យើង​មាន​អ្វី​ដែល​អាក្រក់​លើស​គេ​នោះ​ទេ ប៉ុន្តែ​នេះ​ គឺជា​វិធាន​ការ​ទប់​ស្កាត់​ទៅវិញ​ទៅ​មក​។ ​អញ្ចឹង​បំណង​សំខាន់​ នៃ​ពិធី​សារ​នេះ គឺ​ការពារ​សុខភាព​អ្នក​ហូប​ចុក​ និង​ការ​ឆ្លង​រីក​រាលដាល​ នៃ​សត្វល្អិត​ចង្រៃ​តែប៉ុណ្ណោះ”។ លោក ហ៊ាន វណ្ណហន បន្ថែម។​

  បន្ថែម​លើ​នេះ ​លោក​ ហ៊ាន វណ្ណហន ឱ្យ​ដឹង​​ថា បច្ចុប្បន្ន​នៅ​ខេត្ត​រតនគិរី​ ក្រុមហ៊ុន ហុង អា​ញ់ អណ្ដូង​មាស​ បាន​បោះ​ទុន​វិនិយោគ​លើ​​​ផ្ទៃដី ចំនួន​ ១០ ០០០​ ហិចតា សម្រាប់​ផលិតកម្ម​​ផ្លែឈើ​នាំចេញ ​ហើយ​ក្នុង​នោះ​​ចម្ការ​ចេក​​​មាន​ចំនួន​ ១ ០០០ ​ហិកតា ​​កំពុង​​​ត្រូវ​ប្រមូល​ផល និង​បាន​នាំ​ចេញ​ជា​​​លើក​ដំបូង​ទៅ​កាន់​ទី​ផ្សារ​អន្តរជាតិ​កាលពី​ឆ្នាំ​មុន៕

អត្ថបទ៖ សុផល

រូបថត៖ ផ្ដល់ឲ្យ​

មតិយោបល់