• 2018-08-07 07:10:00
  • ការអប់រំ

ជិតដល់ថ្ងៃប្រលងហើយ មកដឹងតិចនិកត្រៀម ៥ចំណុច ពីសិស្សពូកែនិទ្ទេស A

  • 2018-08-07 07:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​សិស្ស​និទ្ទេស A មួយ​រូប បាន​ចែក​រំលែក តិចនិក​រៀន ៥ចំណុច សម្រាប់​ត្រៀម​ក្នុង​ការ​ប្រលង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ដែល​នឹង​ខិត​ចូល​មក​ដល់​ឆាប់ៗ​ខាងមុខ។

រយៈ​ពេល​នេះ បេក្ខជន​គ្រប់រូប ច្បាស់​ជា​ប្រឹង​រៀន ​អន្ទះសា និង​បន់​ឲ្យ​តែ​ដល់​ថ្ងៃ​ប្រលង ព្រោះ​បាន​ចំណាយ​ពេល​រៀន និង​រង់ចាំ​ប្រមាណ​១២​ឆ្នាំ​ហើយ។

កញ្ញា ជ្រីវ សុគន្ធទេពី ជា​អតីត​សិស្ស​ប្រលង​សញ្ញាប័ត្រ​ បាក់ឌុប​ កាល​ពី​ឆ្នាំ​២០១៧ ជា​បេក្ខជន​ដែល​មក​ពី​វិទ្យាល័យ​ជា ស៊ីម សន្ធរមុក នៅ​រាជធានី​ភ្នំពេញ។ កញ្ញា ទេពី​​ទទួល​បាន​និទ្ទេស A សរុប​ពិន្ទុ​​ ខ្ពស់​ដល់​ទៅ ៩៩.៩០៦។

រូបភាពផ្តល់ឲ្យ ដោយ កញ្ញា ជ្រីវ សុគន្ធទេពី

កញ្ញា បាន​រំលឹក​ថា មុន​ទទួល​បាន​លទ្ធផល​ដ៏​រំភើប​នេះ គឺ​មកពី​ការ​ប្រឹងប្រែង​រៀន​ផ្ទាល់ខ្លួន គួបផ្សំ​នឹង​ការ​សួរ​នាំ​ ការ​ចែករំលែក​ពី​សិស្ស​ច្បង និង​លោកគ្រូ អ្នក​គ្រូ​ ជាពិសេស គឺ​តិចនិក​រៀន​ដ៏​សំខាន់​ ទាំង​៥ចំណុច។

១. ត្រូវ​ដឹង​ពី​កាលវិភាគ​ប្រលង ថ្ងៃទី១ តើ​មាន​មុខវិជ្ជា​អ្វីខ្លះ?

ចំណុច​នេះ កញ្ញា ជ្រីវ សុគន្ធទេពី បញ្ជាក់​ថា ក្រោយ​ដឹង​ហើយ​ត្រូវ​ប្រឹង​ធ្វើ​លំហាត់ និង​ទាញ​រូបមន្ត ដាក់​ឲ្យ​ត្រូវ ដើម្បី​ត្រៀម​មុខវិជ្ជា​បើក​ឆាក ​ទាំង​នោះ​ឲ្យ​បាន​ល្អ។

សូម​ចង​ចាំ និង​តាំងចិត្ត ហើយ​កុំ​ខ្វាយ​ខ្វល់​ពេក រហូត​ភ្លេចភ្លាំង​បាត់​អស់​នូវ​អ្វី​ដែល​ចេះ​ឲ្យ​សោះ។ ត្រូវ​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត ប្រឹង​ឲ្យ​អស់​លទ្ធភាព ចំពោះ​មុខ​វិជ្ជា​នៅ​ថ្ងៃ​ប្រលង​ដំបូង យ៉ាង​ហោច ៧០% ឡើង​ទៅ។

២. ដឹង​ម៉ោង​រំលឹក​មេរៀន​បន្ត ដែល​ល្អ​បំផុត

ទោះ​កៀក​ប្រលង​ក៏​ពិតមែន ត្រូវ​បន្ត​ក្រោក​ពី​គេង នៅ​ម៉ោង ៥ ដើម្បី​ទន្ទេញ​មេរៀន​ផ្នែក​សង្គម និង​វិទ្យាសាស្ត្រ។ ករណី​នេះ មាន​ន័យ​ថា ជា​ឱកាស​ល្អ ដែល​យើង​អាច​រំលឹក​រូបមន្ត ​ដែល​យើង​នៅតែ​មិន​ទាន់​ច្បាស់ ដើម្បី​ឲ្យ​ប្រាកដ​ក្នុង​ចិត្ត​ថា យើង​អាច​ធ្វើ​វា​បាន​ដោយ​ត្រឹមត្រូវ និង​ជឿជាក់​បំផុត។

៣. ចង​ចាំ​រាល់​សម្ភារៈ​ត្រូវ​យក​តាម​ខ្លួន​ទៅ​ប្រលង

កុំ​គិត​ថា នេះ​ជា​ចំណុច​មិន​សំខាន់​ឲ្យ​សោះ។ ត្រូវ​ចងចាំ មុន​ឈាន​ជើង​ចូល​ទៅ​ដល់​តុ​ប្រលង​បាន​លទ្ធផល​ជាប់ និង​ទទួល​បាន​និទ្ទេស​ល្អ។ កុំ​ភ្លេច​កាត​សិស្ស ប៊ិច​ខៀវ ២ ឬ៣ដើម និង​បន្ទាត់​វែង​១ដើម ទៅ​តាម​ខ្លួន។

សូម​ចាំ​ថា ពេល​ទៅ​ប្រលង គ្មាន​ទេ​សម្ភារៈ​រណែងរណោង ម៉ាស៊ីន​គិត​លេខ ឬ​សម្ពាយ​រូបមន្ត​តាម​ខ្លួន។

នៅ​ពេល​យើង​ដឹង​ពី​ចំណុច​ទាំង​នេះ​ វា​ក៏​ជា​ចំណុច​ល្អ ដើម្បី​រំលឹក ខ្លួន​ឯង​ឲ្យ​ប្រយ័ត្ន និង​ហ្វឹក​ហាត់​របៀប​គិត​លេខ និង​ដើម្បី​តេស្ត​សមត្ថភាព នៃ​ការ​ធ្វើ​លំហាត់​។

បន្ថែម​ពី​ចំណុច​នេះ សូម​ផ្ទៀង​ម៉ោង ហើយ​ឧបមា​ថា យើង​កំពុង​តែ​ប្រលង​មែនទែន ដោយ​មិន​ចាំ​បាច់​លប​មើល​រូបមន្ត។ សូម​សង្កេត​ខ្លួន​ឯង​ថា តើ​យើង​អាច​ធ្វើ​បាន​កម្រិត​ណា?

៤. អប់រំ​ផ្លូវចិត្ត​ខ្លួនឯង

មិន​មែន​សំដៅ​ដល់​ការ​ហ្វឹកហាត់​អ្វី​ធ្ងន់ធ្ងរ​ទេ។ គឺ​គ្រាន់​តែ​ចង់​សំដៅ​ថា សមត្ថភាព​យើង​មាន​មែន តែ​បើ​យើង​កើត​សម្ពាធ​ផ្លូវ​ចិត្ត នោះ​ការ​បំពេញ​កិច្ចការ ច្បាស់​ជា​មិន​ល្អ​ទេ។ នៅ​មុន​ថ្ងៃ​ប្រលង សូម​ឧស្សាហ៍​រំលឹក​ប្រាប់​ខ្លួន​ឯង​ថា ម៉ោង​ប្រលង​កុំ​គិត​រឿង​ច្រើន​ពេក។

ជាក់​ស្ដែង ការ​បារម្ភ​ថា ​នៅ​ថ្ងៃ​ស្អែក តើ​មុខវិជ្ជា​នេះ ឬ​នោះ គេ​ចេញ​ពី​អ្វីខ្លះ? ចំណុច​ណា អាច​ចេញ ឬ​មិន​ចេញ​ទៅ​ ​ជាដើម។

គ្រាន់​តែ​ចាំ​ថា ទោះ​យើង​បារម្ភ​ពេក ក៏​មិន​ជួយ​អី​បាន​ដែរ បើ​យើង​មិន​ប្រឹង​ធ្វើ​នោះ។ មួយវិញទៀត គ្រប់​វិញ្ញាសា​ប្រលង គឺ​មិន​អាច​មាន​បេក្ខជន​ណា​ដឹងមុន​នោះ​ទេ សូម​ចាំ​ថា បើ​យើង​ចេះ​ប្រាកដ​ហើយ នោះ​យើង​អាច​ធ្វើ​បាន​គ្រប់​ទម្រង់​ មិនមែន​ដេក​ភ័យ ព្រួយ​ ពាស​វាល​ពាល​កាល នោះទេ។

៥. ទុក​គម្លាត​ពេល​សម្រាក

សូម​ឲ្យ​ខ្លួនឯង​សម្រាក យ៉ាងតិច ១៥ ទៅ ៣០នាទី មុន​ចាប់​ផ្ដើម​ចាប់​ធ្វើ​លំហាត់​ថ្មី ឬ​រៀន​មុខវិជ្ជា​បន្ទាប់ មិន​ថា​ពេល​រៀន​មុន ឬ​អំលុង​ពេល​ថ្ងៃ​ប្រលង​មកដល់។

សូម​​បញ្ជាក់​ថា ចំណុច​នេះ មិនមែន​យើង​ចំណាយ​ពេល​សម្រាក​ជ្រុល​ទេ។ ជាក់​ស្ដែង ដូចជា​គ្រាន់​តែ​ញ៉ាំ​អី ឬ​អង្គុយ​ជជែក ​លេង​អត់​ប្រយោជន៍​ទេ។

មាន​ន័យ​ថា យើង​អាច​ចំណាយ​ពេល​ឲ្យ​មាន​ប្រសិទ្ធ​ភាព ដើម្បី​សួរ​នាំ​មិត្ត​ភក្តិ​ នូវ​ចំណុច​ណា ដែល​មិន​ទាន់​ច្បាស់ ឬ​ភ្លេចភ្លាំង។ ចាត់ទុកថា ដូច​ជា​ពេល​រំលឹក​មេរៀន ឬ​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន នៅ​គ្រប់​​កាលៈទេសៈ​ នោះ​យើង​នឹង​អាច​បង្កើន​ចំណេះ​ដឹង។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់