• 2018-08-08 05:30:00
  • សេដ្ឋកិច្ច

២ស្នៀត ជោគជ័យ លែងស៊ីឈ្នួលគេ ពីបុរសរូបសង្ហារ ចាប់អាជីពការងារស្រ្តី បានចំណូលកប់

  • 2018-08-08 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ដើម​ពីចិត្ត​ស្រលាញ់ និង​រត់​ទៅ​រៀន​ជំនាញ​ស៊ី​ឈ្នួល​ឲ្យ​គេ ម្ចាស់​ហាង​រូប​សង្ហារ​ម្នាក់​ បាន​ចាប់​អាជីព​ដ៏​ពេញ​និយម​១ ដែល​​ភាគច្រើន​មាន​តែ​​ស្ត្រី​ទេ​ចូលចិត្ត​ធ្វើ រហូត​ទទួល​ជោគជ័យ គួរ​ឲ្យ​សរសើរ។

នោះ​គឺ លោក សំ សុ​បញ្ញា ម្ចាស់​ហាង Salon ល្បី​ឈ្មោះ​១ មាន​ទីតាំង​ចំនួន​ ២ធំៗ នៅ​កណ្ដាល​រាជធានី​ភ្នំពេញ និង​មាន​ភ្ញៀវ ចេញ​ចូល​គ្រប់​ឋានៈ​មិន​ចេះ​ដាច់ ពិសេស​តារា​ល្បី​ៗ។

កញ្ញា ហេង ចន្ថា Miss Grand Cambodia 2016

លោក​បាន​ប្រាប់ Sabay ​ថា មុន​មាន​ថ្ងៃនេះ លោក​បាន​ឆ្លងកាត់​រឿង​រ៉ាវ និង​បទពិសោធន៍​ជាច្រើន ក្នុង​របរ​ ដែល​ធ្វើ​ឲ្យ​គេ​ស្អាត​ ស្រលាញ់​ពេញ​ចិត្ត​ រហូត​មាន​ភ្ញៀវ​គាំទ្រ​ច្រើន។

លោក​រំលឹក​ទៅ​អតីតកាល​ថា តាំង​ពីតូច រហូត​ធំ​ដឹង​ក្ដី​មក លោក​ ដឹង​ ថា​ខ្លួន​ឯង​ស្រលាញ់​ការងារ​ ដែល​ចង់​ឲ្យ​គេ​ស្អាត ដូចនេះ រាល់​ពេល​ទំនេរ​ៗ លោក​ចូលចិត្ត​តុបតែង​ឲ្យ​មិត្តភ័ក្ដិ​ តាមរយៈ​ការ​ឆ្នៃ​ម៉ូត​សក់​នានា​ប្លែកៗ។

បន្ទាប់​មក​លោក​បាន​សម្រេចចិត្ត មក​រៀន​ជំនាញ​នេះ នៅ​ហាង Salon មួយ ដោយ​គ្រាន់​តែ​ស៊ី​ឈ្នួល​គេ គ្មាន​អ្វី​ទាំង​អស់ គឺ​បាន​ប្រាក់​ខែ១២០ដុល្លារ ក្នុង១ខែ។

ចិត្ត​ស្រលាញ់ ការ​តស៊ូ និង​ជំនាញ បាន​ជំរុញ ឲ្យ​លោក​បែក​គំនិត​ចង់​រកស៊ី​ខ្លួនឯង ដោយ​ជោគជ័យ។

ចុងក្រោយ​ លោក បាន​ឈប់​ធ្វើការ​ឲ្យ​គេ និង​មក​បើក​ហាង​ ១​ខ្លួនឯង ក្រោយ​សន្សំ​បាន​ទុន​ដំបូង​ជិត ១ម៉ឺន​ដុល្លារ មុន​ឈាន​ទៅ​ពង្រីក​សាខា​បន្ទាប់​ បែប​ទំនើប។

លោក សំ សុ​បញ្ញា

ក្នុង​ចែក​រំលែក​គន្លឹះ​អាជីវកម្ម មាន​២ចំណុច​សំខាន់ ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន ដែល​បុរស​វ័យ ២៨ឆ្នាំ​រូប​នេះ បាន​ជម្នះ​ដោយ​ជោគជ័យ ឈប់​នៅ​ធ្វើការ​ឲ្យ​គេ ហើយ​ក្លាយ​ជា​ថៅកែ​នៅ​វ័យ​ក្មេង។

១. ពាក្យសំដី និង​អត្តចរិត

ថៅកែ​ហាង Share Salon រូប​សង្ហារ បាន​ផ្ដល់​ភាព​ជា​គំរូ​ជា​មុន​ដល់​បុគ្គលិក តាម​រយៈ​ការ​ប្រើ​ពាក្យ​សំដី​ប្រចាំ​ថ្ងៃ។ លោក សំ សុ​បញ្ញា បញ្ជាក់ ថា នេះ​ជា​អ្វី​ដែល​ត្រូវ​ប្រយ័ត្ន​មុន​គេ បើ​មិន​ចង់​ឲ្យ​បាត់​ភ្ញៀវ​ចង់​ដោយ​មិន​ដឹង​ខ្លួន។ លោក​ថា ពាក្យ​សំដី​ និង​អត្តចរិត ដូចជា​មុខ​កាំបិត អីចឹង​មិន​ថា​យើង​ជា​ម្ចាស់​ហាង​ក៏ដោយ ដាច់ខាត ត្រូវ​ប្រើប្រាស់​​ឲ្យ​បាន​ល្អ មាន​ការ​គោរព​ ទៅ​កាន់​បុគ្គលិក​គ្រប់​ជាន់​ថ្នាក់។

លោក​ថា នេះ​ជា​ចំណុច​សំខាន់​១ ហាក់​ដូចជា វិធី​បង្រៀន​បុគ្គលិក​ដោយ​ត្រជាក់ ដើម្បី​ឈាន​ទៅ​និយាយ​ស្ដី​ល្អ​ និង​បង្ហាញ​កាយវិការ​ទន់ភ្លន់​ ចៀសវាង​ការ​ថ្នាំងថ្នាក់​ចិត្ត ​ភ្ញៀវ ឈប់​មក​លើក​ក្រោយ។

២. ទឹក​ដៃ​ បែប​កាលីប ប្លែកៗ​ និង​ទាន់​សម័យ

​​ម្ចាស់​ហាង​រូប​នេះ ប្រាប់​ថា នេះ​ជា​រឿង​ដែល​រឹត​តែ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បន្ថែម ពី​ការ​ប្រើ​ពាក្យ​សំដី។ របរ​ផ្នែក​សម្រស់​នេះ គឺ​ទាមទារ​ឲ្យ​មាន​ភាព​ទាក់ទាញ ស្អាត Style កាលីប ប្លែកៗ​ទាន់​សម័យ។ ដូច្នេះ យើង​ត្រូវ​ព្យាយាម​រក​អ្វី​ដែល​ថ្មី និង​បង្រៀន​កូន​ជាង​ឲ្យ​ចេះ យ៉ាង​ហោច​ណាស់​ក៏​បាន ៧០ ទៅ៨០% នៃ​ការងារ​ដែល​មេ​ជាង ឬ​ម្ចាស់​ហាង​ធ្វើ។

សូម​ចាំ​ថា បើ​យើង​ម្ចាស់​ធ្វើ​ស្អាត​ឲ្យ​ភ្ញៀវ តែ​ម្នាក់​ឯង ក៏​មិន​អាច​ធ្វើ​អស់​ដែរ ករណី​មាន​មនុស្ស​ច្រើន​សម្រុក​មក ដូច​រដូវ​កាល​សំបូរ​កម្មវិធី។ តាម​បទពិសោធន៍ និង​ជោគជ័យ​ចំណុច​នេះ លោក សំ សុ​បញ្ញា ប្រាប់​ថា ដោយ​សារ​ភ្ញៀវ​ពេញ​ចិត្ត​ស្នាដៃ​ហាង​របស់​លោក ទើប​ខែ​ដែល​មាន​កម្មវិធី​ការ ច្រើន​ម្ដង​ៗ ​លោក អាច​ទទួល​បាន​ភ្ញៀវ​ច្រើន មក​ផាត់​មុខ ធ្វើសក់ ចន្លោះ​ពី ៥០ ទៅ ៦០នាក់ឯណោះ ក្នុង១ថ្ងៃ។

ភ្ញៀវ​ម្នាក់​ជា​មធ្យម​ចំណាយ ១៥​ ទៅ២៥ដុល្លារ ប្រសិន​បើ​មាន​ថែម​គ្រឿង​នានា ក្រៅ​ពី​ផាត់​មុខ ធ្វើសក់។ បើ​ខែ​មិន​សូវ​សំបូរ​ភ្ញៀវ ហាង​នេះ ក៏​អាច​មាន​អ្នក​មក ចន្លោះ​ពី​១០ ទៅ២០នាក់។

សូម​ទស្សនា​រូបភាព​នៃ​ការ​ផាត់​មុខ និង​ធ្វើសក់ ស្អាត​កប់ ស្នាដៃ របស់​លោក សំ សុ​បញ្ញា។

រូបភាពផ្តល់ឲ្យដោយ លោក សំ សុ​បញ្ញា។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់