• 2018-08-08 08:40:49
  • ការអប់រំ

សុង វីរីកា ជាប់លេខ១តាំងពីថ្នាក់ទី៥ ដល់ទី១១ ប្រាប់គន្លឹះពិសេស៦ចំណុច ក្លាយជាសិស្សឆ្នើម

  • 2018-08-08 08:40:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹម​វ័យ​១៦​ឆ្នាំ​យុវតី​វ័យ​ក្មេង សុង វីរីកា ក្លាយ​ជា​ជយលាភី​លេខ​១ ក្នុង​ការ​ប្រឡង​ប្រជែង​ថ្នាក់​ជាតិ ក្រោម​ប្រធានបទ​យល់​ដឹង​ពី​អាស៊ាន​កាល​ពី​ថ្មីៗ​នេះ ទើប​តែ​ប្រគល់​រង្វាន់​រួចរាល់​នៅ​ទីស្នាក់​ការ​របស់​ក្រសួង​ការ​បរទេស ហើយ​ត្រៀម​ប្រកួតប្រជែង​បន្ត​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ខាង​មុខ​នេះ។ មុន​នឹង​ក្លាយ​ជា​ជើង​ឯក​ក្នុង​កម្មវិធី​នេះ វីរីកា ក៏​ជា​សិស្ស​ឆ្នើម​ម្នាក់​ក្នុង​ថ្នាក់​តែង​ជាប់​ចំណាត់​ថ្នាក់​លេខ​១ តាំង​ពី​ថ្នាក់​ទី​៥ ដល់​ទី​១១។ ត​ទៅ​នេះ​គឺ​ជា​ការ​ចែក​រំលែក​បទពិសោធន៍​របស់ វីរីកា ដើម្បី​ក្លាយ​ជា​សិស្ស​ឆ្នើម​៖

១. ការ​តាំង​ចិត្ត

សិស្ស​មក​ពី​សាលា​ Western រូប​នេះ​ប្រាប់​ថា ដំបូង​បំផុត​ត្រូវ​មាន​ការ​តាំង​ចិត្ត​ឲ្យ​ដល់។ មុន​នឹង​ក្លាយ​ជា​សិស្ស​ឆ្នើម​ម្នាក់ ពី​មុន​មក រីកា មិន​សូវ​យក​ចិត្ត​ទុកដាក់ ឬ​ខ្វល់​ខ្វាយ​ខ្លាំង​រឿង​ពិន្ទុ​ឡើយ រហូត​ដល់​ពេល​មួយ​មិត្ត​រួមថ្នាក់​បាន​បង្អាប់​រឿង​ពិន្ទុ​ចាញ់​គេ​បាន​ធ្វើ​ឲ្យ​រីកា​មាន​ការ​រំជួល​ចិត្ត​យ៉ាង​ខ្លាំង។ កត្តា​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​យុវតី​រូប​នេះ មាន​ការ​តាំង​ចិត្ត​ថា​ត្រូវ​តែ​រៀន​ឲ្យ​ពូកែ យក​ឈ្នះ​ចិត្ត​ខ្លួន​ឯង​ឲ្យ​បាន។

យុវតី​វ័យ​ក្មេង សុង វីរីកា

២. ជ្រើសរើស​វិធីសាស្ត្រ​រៀន​ដែល​សមស្រប​នឹង​ខ្លួន​ឯង

វីរីកា លើក​ឡើង​បន្ត​ថា តើ​យើង​ចូលចិត្ត​បរិយាកាស​រៀន​បែប​ណា ទើប​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ល្អ ហើយ​សប្បាយ​ចិត្ត​នឹង​រៀន។ ដូច្នេះ​ត្រូវ​ធ្វើ​អ្វី​ដែល​ជា​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​ឯង មិន​ចាំបាច់​ព្យាយាម​រៀន​តាម​អ្នក​ណា​ម្នាក់​នោះ​ទេ។ ជាក់​ស្ដែង​ចំពោះ​រីកា​ផ្ទាល់​ចូលចិត្ត​មើល​មេរៀន​នៅ​ពេល​យប់ នៅ​កន្លែង​ស្ងប់​ស្ងាត់​មាន​ខ្យល់​អាកាស​ល្អ ដូចជា​នៅ​រាល​ហាល​ក្រៅ​ផ្ទះ​ជា​ដើម។ ចំពោះ​លំហាត់​ចូល​ចិត្ត​ធ្វើ​នៅ​បណ្ណាល័យ ឬ​ក្នុង​ថ្នាក់​រៀន។

៣. ធ្វើអ្វី​ដែល​ត្រូវ​តែ​ធ្វើ

ប្រសិន​បើ​ចង់​ក្លាយ​ជា​សិស្ស​ឆ្នើម​ម្នាក់​ប្រាកដ​ជា​ដឹង​ច្បាស់​ខ្លួន​ឯង​ហើយ​ថា អ្វី​ដែល​ចាំបាច់​ត្រូវ​តែ​ធ្វើ ក្នុង​នោះ​រួម​មាន៖ ការ​អនុវត្ត​លំហាត់ មើល​មេរៀន ស្រាវជ្រាវ ស្វ័យ​សិក្សា​ជាមួយ​មិត្ត​ភក្ដិ​ជា​ដើម។ ប្រសិន​បើ​ចង់​រៀន​ពូកែ​តែ​ចូលចិត្ត​អ្វី​ដែល​ផ្ទុយ​ពី​ការ​រៀបរាប់​ខាង​លើ​នេះ​ ក៏​មិន​អាច​ទៅ​រួច​ដែរ។

សុង វីរីកា កុនុងថ្ងៃទទួលរង្វាន់នៅក្រសួងការបរទេស

៤. ផ្ដោត​អារម្មណ៍​ពេល​សិក្សា

កូន​អ្នក​រាជធានី​ភ្នំពេញ​រូប​នេះ​ប្រាប់​ទៀត​ថា ម៉ោង​រៀន​អ្នក​ណា​ក៏​ឃើញ​មាន​វត្ត​មាន​ក្នុង​ថ្នាក់ តែ​មិន​ប្រាកដ​ថា​កំពុង​តែ​ផ្ដោត​លើ​ការ​រៀន​ទាំង​អស់​នោះ​ទេ។ ជួន​កាល​កំពុង​តែ​រៀន តែ​អារម្មណ៍​កំពុង​រសាត់​អណ្ដែត​គិត​លើ​អ្វី​ផ្សេង ដែល​ជា​កត្តា​ចម្បង​តាម​គ្រូ​លែង​ទាន់។ វីរីកា បន្ត​ថា​ត្រូវ​ផ្ដោត​អារម្មណ៍​ឲ្យ​បាន​ល្អ កុំ​ឲ្យ​រំលង​ចំណុច​ណា​មួយ​ដែល​គ្រូ​កំពុង​បង្រៀន​ឲ្យ​សោះ ហើយ​បើ​មិន​យល់​ត្រង់​ណា​ត្រូវ​រូតរះ​សួរ​ភ្លាម​មិន​បាច់​លាក់​ក្នុង​ចិត្ត​ឡើយ។

៥. ​បើ​មិន​ចូលចិត្ត​មើល​មេរៀន​គួរ​មើល​តាម​វីដេអូ

ចំណុច​នេះ វីរីកា និយាយ​ថា នៅ​ក្នុង​ YouTube សុទ្ធ​តែ​មាន​វីដេអូ​បង្រៀន​តាម​មុខ​វិជ្ជា​ផ្សេងៗ​ដូចជា៖ គណិត​ រូប គីមី គឺ​អាច​ Search រក​មើល​បាន​ទាំង​អស់។ រីកា​ថា ជួន​កាល​មើល​សៀវភៅ​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ធុញ តែមើល​តាម​វីដេអូ​ពេល​ខ្លះ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ល្អ ហើយ​ឆាប់​យល់​ទៀត​ផង។ ជា​ពិសេស​នោះ​អាច​មើល​សារ​ចុះ​សារ​ឡើង ខុស​ពី​គ្រូ​បង្រៀន​ក្នុង​ថ្នាក់​តែ​ចប់​គឺ​ចប់​ហើយ។

​៦. ត្រូវ​ចេះ​ប្រើប្រាស់​ស្មាតហ្វូន​ឲ្យ​មាន​ប្រយោជន៍

សម័យ​បច្ចុប្បន្ន​នេះ បច្ចេកវិទ្យា​កាន់​តែ​រីក​ចម្រើន ហើយ​ក៏​ជា​ផ្នែក​មួយ​ជំរុញ​ឲ្យ​ការ​សិក្សា​កាន់​តែ​ប្រសើរ​ឡើង។ នៅ​ក្នុង​ទូរសព្ទ​គួរ​តែ​ដាក់​កម្មវិធី​ល្អ​ៗ​ដែល​ពាក់ព័ន្ធ​នឹង​ការសិក្សា អាច​ដោត​ឡូត​សៀវភៅ​ល្អ​ៗ​ដាក់​ក្នុង​ទូរសព្ទ​ដៃ។ ចំណុច​នេះ​រីកា​និយាយ​ថា៖ «បើ​សៀវ​ភៅ​យើង​ដាក់​តាម​ខ្លួន​ច្រើន​ក្បាល​អាច​ធ្ងន់​ពិបាក​យក​តាម តែ​បើ​ក្នុង​ទូរសព្ទ​ចង់​ដោន​ឡូត​ប៉ុន្មាន​រយ​ក្បាល​ក៏​មិន​ធ្ងន់​ដែរ ចង់​បើក​មើល​ពេល​ណា​បាន​ពេល​ហ្នឹង»។

យុវតី​ សុង វីរីកា បច្ចុប្បន្ន​អាយុ​១៦​ឆ្នាំ បើក​បវេសនកាល​ឆ្នាំ​ថ្មី​ថ្នាក់​ទី​១២ហើយ មាន​បងប្អូន​៤​នាក់ ក្នុង​នោះ​រីកា​ជាកូន​បង​គេ​ក្នុង​គ្រួសារ។ ក្នុង​អំឡុង​កញ្ញា​ខាង​មុខ​នេះ​រីកា នឹង​ទៅ​ចូលរួម​ការ​ប្រកួត​ប្រជែង​ការ​យល់​ដឹង​ពី​អាស៊ាន នៅ​កោះបាលី ប្រទេស​ឥណ្ឌូណេស៊ី។ គោល​ដៅ​ទៅ​ថ្ងៃ​អនាគត​រីកា ចង់​ក្លាយ​ជា​អ្នក​ធ្វើ​ការ​ក្នុង​អង្គការ​ NASA ឬ​មួយ​ក៏​ធ្វើ​ជា​វេជ្ជបណ្ឌិត ព្រោះ​រីកា ចូលចិត្ត​ផ្នែក​វិទ្យាសាស្ត្រ៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់