• 2018-08-09 08:20:56
  • ការអប់រំ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​អប់រំ និយាយ​អ្វី​ខ្លះ​ពី​​វិញ្ញាសា​ប្រលង​បាក់ឌុប​ឆ្នាំ​នេះ?

  • 2018-08-09 08:20:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ក្រសួង​អប់រំ ​យុវជន និង​កីឡា​ ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ ក្នុង​​ការ​រៀបចំ​ការ​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​បាក់ឌុប​ឆ្នាំ​ ២០១៨ នេះ ខណៈ​ការ​ប្រលង​នៅ​តែ​មាន​ការ​រឹត​បន្តឹង និង​ធ្វើ​ឱ្យ​កាន់​តែ​ល្អ​ជាង​ឆ្នាំ​មុន​ៗ​។

  ដោយ​​និយាយ​ផ្ដោត​តែ​លើ​វិញ្ញាសា​​ប្រលង​ក្នុង​ឆ្នាំ​នេះ លោក​ អ៊ឹង ង៉ោហុក ​ប្រធាន​នាយកដ្ឋាន​កិច្ចការ​ប្រឡង នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា​​បាន​ថ្លែង​ថា ​វិញ្ញាសា​ប្រលង​ គឺ​ក្រសួង​អប់រំ​នៅតែ​ខិត​ខំ​រក្សា​ស្តង់​ដា​ឱ្យ​នៅ​ដដែល​ដូច​​គ្នា​នឹង​ឆ្នាំ​មុន​ដែរ​​ ពោល​គឺ​ក្រសួង​អប់រំ​មិន​រឹត​បន្តឹង​ឱ្យ​ខ្ពស់​ជាង​មុន ឬ ទាប​ជាង​នោះ​ទេ។ លោក​ថា ក្រសួង​បាន​វាស់​ស្ទង់​សមត្ថភាព​បេក្ខជន​រួចជាស្រេច​មុន​នឹង​ចេញ​វិញ្ញាសា ខណៈ​សិស្ស​ជាច្រើន​បាន​​ខិត​ខំ​រៀន​​បំប៉ន​សម្រាប់​ការ​ប្រលង​ថ្នាក់​ជាតិ​មួយ​នេះ។ ​បន្ថែម​លើ​នេះ​ក្រសួង​អប់រំ​​ក៏​បាន​សង្ខេប​មេរៀន​ទាំង​​ផ្នែក​វិទ្យាសាស្ត្រ និង​សង្គម​​ដល់​បេក្ខជន​​ផងដែរ។

ការ​ប្រលង​បាក់ឌុប នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ​២០-២១ ខែ​សីហា​នេះ​​ មាន​មណ្ឌល​ប្រលង​ចំនួន ១៩៦មណ្ឌល និង​មាន​បេក្ខជន​ទាំងអស់​ចំនួន ១សែន​១ម៉ឺន​៧ពាន់​០៦១នាក់​។​

​ លោក​បាន​បន្ថែម​ថា តាម​រយៈ​កំណែទម្រង់​ការ​ប្រលង​​ ដែល​​បាន​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​ ២០១៤ មក​​នោះ ​​​គឺ​ពុំមាន​ករណី​ស៊ី​សំណូក​សូក​ប៉ាន់​ ការ​បើក​សំណៅ​ឯកសារ​មើល​ពេល​​​ប្រលង និង​ការ​បែក​ធ្លាយ​​វិញ្ញាសា​ប្រលង​នោះ​ទេ។ “អញ្ចឹង​ជាគោល​ការណ៍​អ្នក​ចេះ​ គឺ​ជាប់​ហ្នឹង ​គឺ​ក្រសួង​អប់រំ​ធ្វើ​បាន​ពិត​ប្រាកដ​ ក្នុងរយៈពេល​តាំងពី​ឆ្នាំ​២០១៤ ហើយ​ឆ្នាំ​នេះ គឺជា​ឆ្នាំ​ទី៥ នឹង​ខិត​ខំ​ទប់​ស្កាត់ និង​លុប​បំបាត់​បញ្ហា​ទាំងអស់​នេះ​​មិន​ឱ្យ​កើត​មាន​ជា​ដាច់​ខាត”។

  សម្រាប់​ការ​ប្រលង​បាក់ឌុប​ឆ្នាំ​​នេះ​ គឺ​ក្រសួង​អប់រំ​មាន​​ចំណុច​កំណែទម្រង់​មួយ​សំខាន់​គឺ ​ការ​ត្រួត​ពិនិត្យ​មណ្ឌល​ប្រលង​យ៉ាង​ហ្មត់ចត់ ដែល​ដឹក​​នាំ​ផ្ទាល់​ពី​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​ ​អគ្គនាយក​ និង​ប្រធាន​នាយកដ្ឋាន​ ក្រសួង​អប់រំ​យុវជន និង​កីឡា ​មាន​​ភារកិច្ច​ចុះ​ទៅ​មើល​មណ្ឌល​ផ្ទាល់​។ ដូច្នេះ​សុវត្ថិ​​ភាព​មណ្ឌល​ត្រូវ​បាន​ធានា។ “អញ្ចឹង​លើស​ពី​នេះ​ក្រៅ​ពី​មាន​ការ​ចុះ​ត្រួតពិនិត្យ​​មណ្ឌល​សំណេរ​ទាំង​ ១៩៦ ទូទាំង​ប្រទេស​ពី​​​ក្រសួង​អប់រំ ក៏​មាន​​ការ​ចុះ​បន្ថែម​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផងដែរ ព្រោះ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​គាត់​មាន​ភារកិច្ច​ចូលរួម​សង្កេតការណ៍​ដូច្នេះ​គាត់​ត្រូវ​ចុះ​មើល​មុន​ដែរ ហើយ​មណ្ឌល​និមួយ​ៗ​មិន​មាន​បញ្ហា​របង​ ជញ្ជាំង​ និង​ដំបូល​ធ្លុះ​ធ្លាយ​នោះ​ទេ”។

  ជា​ជំនួយ​ស្មារតី​ដល់​បេក្ខជន​ប្រលង ​ក្រសួង​អប់រំ​យុវជ​ន និង​កីឡា​បាន​​​បង្ហាញ​ពី​មេរៀន​សង្ខេប​ និង​លំហាត់​គំរូ​សម្រាប់​ត្រៀម​ប្រលង​​សញ្ញា​បត្រ​បាក់ឌុប លើ​មុខវិជ្ជា​សំខាន់ៗ​មួយចំនួន​។ ប៉ុន្តែ​យ៉ាង​ណា​ក្តី​នេះ​គ្រាន់​តែ​ជា​ឯកសារ​ជំនួយ​ប៉ុណ្ណោះ តែ​មិន​មែន​​ជា​ឯកសារ​ពេញ​លេញ​​សម្រាប់​កម្មវិធី​សិក្សា​ថ្នាក់​ទី​ ១២​នោះ​ទេ។

  ​​​ឆ្នាំ​នេះ​ គឺជា​​ឆ្នាំ​ចុង​ក្រោយ​​នៃ​អាណត្តិ​ទី៥ ​របស់​រាជរដ្ឋាភិបាល​ ដែល​បាន​កែ​ទម្រង់​ការ​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប​) ​ក្រោម​ពាក្យ​ស្លោក​ “អ្នក​ចេះ​គឺជាប់​”៕

អត្ថបទ៖ សុផល

មតិយោបល់