• 2018-08-10 03:33:29
  • សេដ្ឋកិច្ច

ឆ្នាំ​នេះ​ធនាគារ​ខ្មែរ Wing បាន​ពាន២ ទៀត​ហើយ​ពី​កម្មវិធី​​ពាន​រង្វាន់​និយោជក​លំដាប់​អាស៊ី​

  • 2018-08-10 03:33:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ថ្មី​ម្ដង​ទៀត ធនាគារ​ឯកទេស Wing ​ បាន​បង្ហាញ​ភាព​ឈាន​មុខ​គេ​ផ្នែក​អភិវឌ្ឍ​ធនធានមនុស្ស បន្ទាប់ពី​ទទួល​បាន​ពាន​រង្វាន់​ពី​កម្មវិធី "​ពាន​រង្វាន់​និយោជក​ល្អ​បំផុត​នៅ​អាស៊ី" លើក​ទី៩ ដែល​រៀបចំឡើង​នៅ​​សិង្ហ​បុរី កាលពី​ថ្ងៃ​ទី៣១ ​កក្កដា​ ២០១៨ ។

ក្នុង​កម្មវិធី​នេះ Wing ទទួល​បាន​ពាន​រង្វាន់​ចំនួន​២​ គឺ "​ពាន​រង្វាន់​និយោជក​ល្អ​បំផុត​" និង "​ពាន​រង្វាន់​វគ្គ​បណ្ដុះបណ្ដាល​ល្អ​បំផុត"។ ពាន​​ទាំង​នេះ គឺជា​ការ​ទទួល​ស្គាល់ Wing លើ​​ការ​ខិត​ខំ​ប្រឹង​ប្រែង និង​ការ​ប្ដេជ្ញា​ចិត្ត​ដើម្បី​អភិវឌ្ឍ​បុគ្គលិក​របស់​ខ្លួន ក៏ដូចជា​រៀបចំ​គោល​នយោបាយ និង​យុទ្ធសាស្ត្រ​ធន​ធាន​មនុស្ស ដែល​រួមមាន​ការ​បណ្ដុះបណ្ដាល​សមត្ថភាព និង​ទេពកោសល្យ​ជាដើម​។

លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនា​គា​រឯក​ទេស​វី​ង កំពុង​ទទួល​ពាន​រង្វាន់

លើកឡើង​ក្នុង​ឱកាស​​ទទួល​ពាន​រង្វាន់ លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនា​គា​រឯក​ទេស ​Wing បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​លោក​បាន​ផ្ដោត​ការ​យកចិត្តទុកដាក់​លើ​ការ​កែ​ល​ម្អ​បុគ្គលិក​ តាម​រយៈ​ការ បណ្តុះ​បណ្តាល​ជា​បន្តបន្ទាប់​ ផ្តល់​​បទពិសោធន៍​ការងារ​ដ៏​ល្អ​បំផុត និង​តាមរយៈ​ការអនុវត្ត​ផែនការ​គ្រប់​គ្រង​ធន​ធាន​មនុស្ស​ប្រកបដោយ​គុណភាព។

ក្រៅពី​ផ្ដល់​ជូន​វគ្គ​បណ្ដុះបណ្ដាល​ល្អ​បំផុត​ដូចជា Employee Passport Program និង​ Manager Passport Program Wing ក៏​ប្ដេជ្ញា​ចិត្ត​បង្កើត​បរិយាកាស​ការងារ​ដែល​មាន​ភាព​សប្បាយ និង​ទាក់ទាញ ដែល​អាច​ឲ្យ​បុគ្គលិក​អាច​កសាង​ស្មារតី​ជា​ក្រុម និង​ចូលរួម​ចំណែក​ជួយ​ទៅដល់​សហគមន៍​ដែល​ពួកគេ​រស់នៅ។ សកម្មភាព​ទាំង​នេះ​រួមមាន ការ​ប្រកួត​បាល់ទាត់​បុគ្គលិក Wing ពិធី​អបអរ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ និង​សកម្មភាព​ទំនួលខុសត្រូវ​ស​ង្គ​ម​នៅ​​​ទី​ជន​បទ តាម​រយៈ​ការសាងសង់​ផ្ទះ​ជូន​ប្រជា​ជន​ក្រីក្រ ជីក​អណ្ដូង​ទឹក​ស្អាត និង​បរិច្ចាគ​ថវិកា​ជូន​ដល់​មន្ទីរពេទ្យ​កុមារ និង​ជាច្រើន​ទៀត​។

នេះ​ជា​ឆ្នាំទី​ ៣ ​របស់​ធនាគារ​ឯកទេស Wing ដែល​បាន​ឈ្នះ​ពាន​រង្វាន់​និយោជក​ល្អ​បំផុត​នៅ​អាស៊ី។ពាន​រង្វាន់​និយោជក​ល្អ​បំផុត​នៅ​អាស៊ី​លើក​ទី៩ ត្រូវ​បាន​រៀបចំឡើង​ដោយ​វិទ្យាស្ថាន Employer Branding Institute មហាសន្និបាត​ពិភព​លោក HRD និង Stars of the Industry Groups ដែល​មាន​គោលបំណង​ផ្ដល់​រង្វាន់​ដល់​អាជីវកម្ម​នៅ​តាម​តំបន់ ជាច្រើន​ដែល​រួម​ចំណែក​ដល់​ការ​គ្រប់​គ្រង អភិវឌ្ឍ និង​ច្នៃប្រឌិត​ទេពកោសល្យ​របស់​បុគ្គលិក៕

អត្ថបទ៖ សុខណា

មតិយោបល់