• 2018-08-10 03:03:54
  • សេដ្ឋកិច្ច

វីដេអូខ្លី៖ របរនំបញ្ចុកទឹកម្ហិច ម្ចាស់ដើម ខេត្តកំពត

  • 2018-08-10 03:03:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

នំ​បញ្ចុក​ទឹក​ម្ហិច គឺជា​អត្តសញ្ញាណ​មួយ​របស់​ខេត្ត​កំពត ដែល​គ្មាន​នៅ​ខេត្ត​ណា​ផ្សេង​ទេ។ បើ​គេ​ចង់​ទទួលទាន​នំ​បញ្ចុក​ទឹក​ម្ហិច​នេះ គេ​ត្រូវ​តម្រង់​ទៅ​ភូមិ​ព្រៃ​តុម្ព នៃ​ស្រុក​ទឹកឈូ ព្រោះ​ទីនោះ​ជា​កន្លែង​កំណើត​របស់​នំបញ្ចុក​ទឹក​ម្ហិច​នេះ។

សូមទស្សនាវីដេអូ​ខ្លី

តាំងពី​១៤​ឆ្នាំ​មុន​​មក​​ម្ល៉េះ អ្នកស្រី ឌុច ណែត បាន​ចាប់​ផ្ដើម​ធ្វើ​នំ​បញ្ចុក​នេះ​លក់​មុន​គេ ដើម្បី​រក​ចំណូល​បន្ថែម​ផ្គត់ផ្គង់​គ្រួសារ។ កាល​ណោះ នំ​បញ្ចុក​របស់​អ្នកស្រី លក់​តែ​មួយ​ចាន ២០០​រៀល​តែ​ប៉ុណ្ណោះ។ បន្តិចម្ដងៗ នំ​បញ្ចុក​ទឹក​ម្ហិច​របស់​អ្នកស្រី ស្រាប់តែ​ល្បី​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា​មាន​រសជាតិ​ឆ្ងាញ់ ហើយ​មាន​អតិថិជន​ស្កាត់​មក​ពី​ទី​ជិត​ឆ្ងាយ​មក​ទទួលទាន​យ៉ាង​ច្រើន​កុះករ។

អ្នក​ស្រី ឌុច ណែត អាយុ​៥០​ឆ្នាំ អ្នក​លក់​នំ​បញ្ចុក​ទឹក​ម្ហិច​ នៅ​ភូមិ​ព្រៃ​ស្ពឺ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹក​ឈូ ខេត្ត​កំពត​

អតិថិជន​ភាគ​ច្រើន​បាន​ជំរុញ​ឲ្យ​អ្នក​ស្រី​ដំឡើង​ថ្លៃ​នំបញ្ចុក​នេះ ព្រោះ​ពួកគេ​យល់ថា ការ​ធ្វើ​នំបញ្ចុក គឺជា​ការងារ​ធ្ងន់ ហើយ​លំបាក ទម្រាំ​បាន​នំបញ្ចុក​មួយ​ចានៗ។ ឥឡូវនេះ នំបញ្ចុក​ទឹកម្ហិច​របស់​អ្នកស្រី ឌុច ណែត លក់​បាន​តម្លៃ ២ ០០០​រៀល​ក្នុង​មួយ​ចាន។

កាលពី​ដើម អ្នកស្រី​លក់​នំ​បញ្ចុក​នេះ​តែ​ឯង​ប៉ុណ្ណោះ ប៉ុន្ដែ​សព្វថ្ងៃ មាន​កន្លែង​លក់​នំបញ្ចុក​ទឹកម្ហិច​ជាង​៣០​កន្លែង​នៅ​ទូទាំង​ខេត្ត​កំពត ហើយ​ដែល​មួយ​ចំនួន​ធំ សុទ្ធតែ​បាន​មក​សាកសួរ​អ្នកស្រី ពី​របៀប​ធ្វើ ហើយ​យក​ទៅ​ធ្វើ​តាម។ សម្រាប់​អ្នកស្រី ឌុច ណែត ការ​ចែក​រំលែក​ចំណេះ​ជំនាញ​ដល់គ្នា គឺ​ដើម្បី​ចែកគ្នា​រស់។ ដូច្នេះ​ហើយ​អ្នកស្រី​មិន​ដែល​រួញរា​ក្នុង​ការ​ចែក​រំលែក​ចំណេះដឹង​ទាក់ទង​នឹង​ការ​ធ្វើ​នំបញ្ចុក​ទឹកម្ហិច​នេះ​ទៅ​ដល់​អ្នក​ដទៃ​នោះទេ។

របរ​ធ្វើ​នំ​បញ្ចុក​ទឹកម្ហិច មិនមែន​លក់​ដាច់​រាល់ថ្ងៃ​នោះដែរ។ ថ្ងៃ​ខ្លះ​លក់​ដាច់ អ្នកស្រី​ចំណេញ​បាន​ពី ៤ទៅ៥ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ។ លុះ​ថ្ងៃ​លក់​មិនដាច់ អ្នកស្រី​ត្រូវ​ខាត​ដើម​ផង​ក៏មាន។ ប៉ុន្តែ​បើ​ទោះ​ជា​អ៊ីចឹង​ក៏ដោយ ក៏​អ្នកស្រី ឌុច ណែត នៅតែ​រក្សា​ចិត្ត​បន្ត​លក់​នំ​បញ្ចុក​នេះ​បន្ដ​ទៀត ព្រោះ​វា​ជា​មុខ​របរ​ដែល បាន​ផ្ដល់​ចំណូល​ដល់​អ្នកស្រី ជាង១០ឆ្នាំ មក​ហើយ​ដោយ​អ្នកស្រី​មិនចាំ​បាច់​ទៅ​ធ្វើការ នៅ​ក្រៅ​ផ្ទះ ឆ្ងាយ​ពី​គ្រួសារ​ជាទី​ស្រលាញ់​នេះទេ​៕

ចុចអាន៖ មកស្គាល់​កន្លែង​លក់​នំ​បញ្ចុក​ទឹក​ម្ហិច​ ដំបូងបង្អស់ នៅ​ខេត្តកំពត

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

មតិយោបល់