- 2018-08-10 11:31:00
- ព័ត៌មាន
រឿងនៅស្រុកយើងទេ! ដាក់អន្ទាក់ចាំចាប់ចោរ លទ្ធផលចេញមកអស់សំណើចខ្លាំងហ្មង
- 2018-08-10 11:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងនៅស្រុកយើងទេ! ដាក់អន្ទាក់ចាំចាប់ចោរ លទ្ធផលចេញមកអស់សំណើចខ្លាំងហ្មង
ចន្លោះមិនឃើញ
តោះ...បើកទំព័រសប្ដាហ៍ការងារថ្មីជាមួយមាតិកា "នឹកឡើងហួសចិត្ត" បន្តទៀត។ នៅព្រលប់ថ្ងៃសុក្រនេះ មានរឿងមួយរបស់លោក ស៊ីណា ដែលសាច់រឿងមានពាក់ព័ន្ធនឹងចោរ ប៉ុន្តែជារឿងហួសចិត្ត និងអស់សំណើច។
បាទដំបូងសូមជម្រាបសួរបងប្អូនទាំងអស់ ខ្ញុំបាទមានឈ្មោះ ស៊ីណា បច្ចុប្បន្នកំពុងបម្រើការនៅក្រុមហ៊ុនឯកជនមួយ។ តាមពិតទៅរឿងនេះ មិនមែនជារឿងខ្ញុំផ្ទាល់ទេ ប៉ុន្តែជារឿងដឹង និងនៅជាប់ដឹងពីហេតុការណ៍នោះ គឺកើតនៅកម្មករដែលត្រូវបានជួលឲ្យមកធ្វើការងារសាងសង់ និងជួសជុលខ្លះនៅកន្លែងធ្វើការកាលពីមុនរបស់ខ្ញុំ។
កាលពីមុន ខ្ញុំជាសន្តិសុខប្រចាំការនៅអង្គការអន្តរជាតិធំមួយ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុន្នីវង្ស។ កាលនោះ ដោយសារអង្គការខ្ញុំ មានតម្រូវការជួសជុល និងធ្វើថ្មីនូវការងារថ្មីមួយចំនួន ក៏បានជួលក្រុមហ៊ុនផ្នែកសាងសង់ឲ្យមកម៉ៅការ។ ក្រុមកម្មករ ត្រូវបានចែកជាផ្នែកតូចៗ ទទួលបន្ទុកការងារតាមជំនាញរៀងខ្លួន ខ្លះសាងសង់ ខ្លះជួសជុលអីចឹងទៅ។
ចិត្ត ជាកម្មករម្នាក់ស្ថិតក្នុងក្រុម ជួសជុលទ្វារធំផ្នែកខាងមុខរបស់អង្គការ។ នៅពីមុខអង្គការ មានប៉ុស្ថិ៍យាមធំចំនួន២ ដែលមានបង្អួចធ្វើពីកញ្ចក់បិទស្កុតខ្មៅដែលមិនអាចមើលឃើញខាងក្នុងឡើយ។ ប៉ុស្តិ៍យាមទាំងពីរ គឺនៅអមសងខាងផ្លូវចូល ប៉ុន្តែមួយក្នុងចំណោមនេះ បិទចោល មានតែមួយប៉ុណ្ណោះដែលត្រូវប្រើប្រាស់ដោយសន្តិសុខពួកខ្ញុំ។
ក្រុមការងារជួសជុលទ្វារ មកធ្វើប្រឹងធ្វើកិច្ចការការងារតាមទំនួលខុសត្រូវរៀងៗខ្លួន។ ធ្វើតាំងពីព្រឹករហូតដល់ម៉ោងបាយ...ក្រុមកម្មករជួសជុលទ្វារ ក៏នាំគ្នាចូលទៅក្នុងបរិវេណអង្គការវិញ ដើម្បីទទួលទានអាហារថ្ងៃត្រង់(ក្រុមហ៊ុនបានទិញបាយមកឲ្យញុំាជាស្រេច)។ ក្រោយបាយត្រង់រួច និងសម្រាកយកកម្លាំងហើយ ពួកគេបានវិលមកកាន់ការងារវិញ។ បន្តិចមកក៏ដឹងថា បាត់ម៉ូទ័រកាត់ដែកមួយ ដែលកម្មករភ្លេចនៅមុខទ្វារ។
កម្មករឈ្មោះ ចិត្ត ជាអ្នកកាន់ម៉ូទ័រនេះ ត្រូវមេការស្ដីឲ្យយ៉ាងខ្លាំង ចំពោះការធ្វេសប្រហែល ព្រមទាំងត្រូវកាត់លុយខ្លះផង។ កម្មករ ចិត្ត ដឹងកំហុស មិនបានតបតការស្ដីបន្ទោស រួមទាំងការពិន័យទេ ប៉ុន្តែមិនអស់ចិត្ត ខឹងនឹងខ្លួនឯងផង មិនគួរភ្លេចភ្លាំងបែបនេះ និងម្យ៉ាងខឹងនឹងចោរខ្លាំងផង។ ភ្លាមៗ គេបាននឹកឃើញគំនិតមួយ។ "បង ខ្ញុំសុំទោសពិតមែន...ឥឡូវអីចេះបង ខ្ញុំជឿថា អាចោរនឹងវារត់មិនរួចពីដៃខ្ញុំទេ...ខ្ញុំសុំម៉ូទ័រមួយទៀត ដាក់នុយស្ទូចយកវាឲ្យបាន ជឿខ្ញុំទៅបង ខ្ញុំធានា..."។ ចិត្ត ថ្លែងទៅកាន់មេការ ។ គំនិតរបស់គេ គឺយកម៉ូទ័រមកដាក់ចោលមុខទ្វារ ធ្វើដូចភ្លេចទៀត ហើយរូបគេចូលទៅសង្ងំក្នុងប៉ុស្តិ៍យាមកញ្ចក់ខ្មៅមួយទុកចោលនៅម្ខាងផ្លូវចោលនោះ ចាំមើល និងចាប់ចោរ។
គំនិតនេះ មេការបានយល់ព្រម...ស្អែកឡើងក្រុមការងារបន្តការងារតាមធម្មតា។ លុះមកដល់ ម៉ោងបាយ ក្រុមការងារទាំងអស់ បានចូលទៅបាយខាងក្នុងអស់ ប៉ុន្តែកម្មករ ចិត្ត បានយកបាយមកញុំាក្នុងប៉ុស្ដិ៍យាមដែលទុកចោលនោះ។ ជាមួយគ្នា គេបានយកម៉ូទ័រទៅដាក់ចោលនៅមុខទ្វារ ធ្វើដូចភ្លេច ដូចទៅនឹងថ្ងៃម្សិលមិញដែរ។ ឯរូបគេ អង្គុយចាំមើលពីក្នុងប៉ុស្ដិ៍មក ជាមួយក្ដីសង្ឃឹមថា ចោរដែលធ្វើឲ្យគេត្រូវមេការស្ដីបន្ទោសនោះ នឹងភ្លាត់នៅថ្ងៃនេះមិនខាន។
ប្រមាណមួយក្រោយមក ក្រុមការងារក៏វិលមកកាន់ការងារជួសជុលទ្វារបន្តទៀត។ ពេលចេញមកដល់ក្រៅ ក្រុមការងារមិនឃើញមានម៉ូទ័រដែលប្រើជានុយនោះទេ។ "អញសង្ឃ័យចូលដើមហើយ អាចិត្ត...អ្ហែងដើរទៅមើលវាក្នុងប៉ុស្ដិ៍មើល៍!”។ មេការប្រើកម្មករម្នាក់ទៀត អោយមើលក្នុងប៉ុស្ដិ៍យាម។ មានអីទៅដល់ ទំនងពុលបាយ កម្មករ ចិត្ត ដេកលក់យ៉ាងស្រួល...ស្រមុកខុយ។
ចូលដើមបណ្ដោយ ចិត្ត អើយ...!!!
បងប្អូនមានអនុស្សាវរីយ៍ហួសចិត្ត សើចសប្បាយ ចង់ចែករំលែក សូមទាក់ទងលេខ ០១០ ៥៥៥ ៦៩៥ ឬផ្ញើសារជាសំឡេងមកប្រអប់សារនៃទំព័រ នឹកឡើងហួសចិត្ត ក៏បាន!!!