• 2018-08-10 04:08:22
  • ការអប់រំ

នេះជាប្រវត្តិស្ដេចខ្មែរ១អង្គ ដណ្ដើមទឹកដីបាត់ដំបង សៀមរាប មង្គលបុរី និងស៊ីសុផុនពីថៃ

  • 2018-08-10 04:08:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះករុណា ​ព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ (ស៊ីសុវត្ថិ)  ជា​ព្រះមហាក្សត្រខ្មែរ​មួយអង្គ ក្នុងរជ្ជកាលនៅឆ្នាំ១៩០៧ ក្រោមការជួយជ្រោមជ្រែងពីសំណាក់បារាំង ​បាន​ទាម​ទារ​ទឹកដី​នៃ​ខេត្ត​សំខាន់ៗរួម​មាន បាត់ដំបង សៀមរាប មង្គលបុរី និងស៊ីសុផុន ពី​ប្រទេស​សៀម(ថៃ) បន្ទាប់​ពីការ​ត្រួតត្រា​របស់​ពួកគេ​អស់​ជា​ច្រើនឆ្នាំ​។

ព្រះអង្គព្រះប្រសូតនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៨៤០ ជាព្រះ​រាជ​បុត្រា​ នៃ​ព្រះករុណា ព្រះ​បាទសម្ដេច​ព្រះ​ហរិរក្សរាមាឥស្សរាធិបតី ព្រះ​អង្គ​ឌួង​ ព្រះបរមកោដ្ឋ​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង​សម្ដេច​ព្រះ​វររាជិនីនាថ ពៅ​ ព្រះអង្គត្រូវជាព្រះអនុជបង្កើតមាតាទីទៃ នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម ព្រះសុវណ្ណកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានបំពេញការសិក្សានៅទីក្រុងបាងកក នាព្រះរាជាណាចក្រថៃ។

នៅឆ្នាំ ១៨៧០ ព្រះអង្គ ទទួលបានគោរមងារជា សម្តេចព្រះឧបរាជ និងត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពជា បន្ទាប់ពីព្រះរៀមរបស់ព្រះអង្គគឺ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម ព្រះសុវណ្ណកោដ្ឋ បានយាងចូលព្រះទីវង្គិតនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩០៤ ដោយមានព្រះបរមនាមក្នុងព្រះបរមសិរីរាជសម្បត្តិថា ព្រះករុណា ព្រះបាទសម្តេចព្រះ សុីសុវត្ថិ ចមចក្រពង្ស ហរិរក្សបរមិន្ទ្រ ភូវន័យក្រៃកែវហ្វា សុលាល័យ ព្រះចៅក្រុងកម្ពុជាធិបតី។

នៅគ្រា​កម្ពុជាសិ្ថត​នៅ​ក្រោម​អាណាព្យាបាល​បារាំង​ ព្រះ​អង្គ សិរីសុវត្ថិ ជា​ព្រះមហាក្សត្រ​ប្រកប​ដោយ​ទសពិរាជធម៏​ដ៏ខ្ពង់ខ្ពស់ ទ្រង់​មាន​ព្រះរាជហឫទ័យ ទុកដាក់​ចំពោះ​ព្រះរាជកិច្ច​ក្នុងការអភិវឌ្ឍ​ប្រទេសជាតិ​លើគ្រប់​វិស័យ​ជាពិសេស​ ផ្នែកសិក្សា​ធិការព្រះអង្គ​បានកសាង វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ​និង​សាលារចនា ដើម្បី​ជា​ឧត្តម​ប្រយោជន៍​ក្នុង​ការផ្តល់​នូវចំណេះ​វិជ្ជា​ដល់​កូនចៅ​ប្រជានុរាស្រ្ត ​ព្រម​ទាំង​អនុញ្ញាត​ឲ្យ​មាន​ការគោរព​ និង​ទទួល​ស្គាល់​អំពី​ទ្រព្យសម្បត្តិឯកជន។

នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩២៧ បន្ទាប់​ពីព្រះរោគ​មហារីក​បានយាយី​ព្រះរាជសុខភាព​របស់​ព្រះអង្គអស់​រយៈពេល​ប្រមាណ​ជាង២ឆ្នាំ ​ព្រះអង្គបាន​យាងចូលព្រះទីវង្គិត​នាព្រះបរមរាជវាំង​ក្នុងព្រះជន្ម ៨៧ ​ព្រះវស្សា និង​បានទទួល​ព្រះបរមបច្ឆា​មរណនាមជា « ព្រះរាជានុកោដ្ឋ »​។ គិតមកថ្ងៃទី ០៩ សីហា ឆ្នាំ ២០១៨ គឺជា​ខួបលើកទី៩១ ឆ្នាំ​នៃការយាងចូលព្រះទីវង្គិតរបស់​ព្រអង្គ។

ប្រភព៖ Royal du Cambodge

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់