• 2018-08-10 05:30:00
  • ព័ត៌មាន

ប្រយ័ត្នផងអ្នកទៅប្រទេសអារ៉ាប់ ក្រសួងប្រកាសជំងឺឆ្លង១ប្រភេទ គ្រោះថ្នាក់ជីវិត

  • 2018-08-10 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​ជាន់ខ្ពស់​ នៃ​ក្រសួង​សុខាភិបាល​ បាន​ជូន​ដំណឹង​ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រុងប្រយ័ត្ន ករណី​ជំងឺ​ឆ្លង​ប្រភេទ​ថ្មី ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត សម្រាប់​អ្នក​ធ្លាប់​ធ្វើ​ដំណើរ​ ឬ​ឆ្លងកាត់​ទៅ​កាន់​ប្រទេស​អារ៉ាប់ និង​តំបន់​១​ចំនួន​ទៀត​នៅ​ឧបទ្វីប​មជ្ឈិម​បូព៌ា។

ឯកឧត្ដម ​វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​ប្រាប់ Sabay ថា ជំងឺ​ឆ្លង​ប្រភេទ​ថ្មី​នេះ មាន​ឈ្មោះ​ថា រលាក​ផ្លូវ​ដង្ហើម​​មជ្ឈិម​បូព៌ា (Middle East Respiratory Syndrome MERS​)។

ឯកឧត្ដម ​វេជ្ជបណ្ឌិត លី សូវ៉ាន់ (រូបភាពនាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង)

ជំងឺឆ្លង​នេះ កំពុង​រាតត្បាត​នៅ​ក្នុង​ប្រទេស​នៅ​ឧបទ្វីប​មជ្ឈិម​បូព៌ា និង​ក្នុង​ពិភពលោក។ ឯកឧត្ដម បន្ត​ថា ជំងឺ​នេះ អាច​ចម្លង​ពី​អ្នក​ឈឺ​តាម​រយៈ​ការ​កាន់ ឬ​ប៉ះ​ពាល់​គ្នា។

ចំពោះ​កម្រិត​នៃ​ការ​ចម្លង​តិច ឬ​ច្រើន​ យើង​មិន​អាច​កំណត់​បាន​ទេ មាន​ន័យ​ថា គឺ​អាស្រ័យ​លើ ស្ថានភាព​ជំងឺ​ មាន​អាការៈ​ពី​ស្រាល ទៅ​ធ្ងន់ធ្ងរ រហូត​ដល់​ស្លាប់​តែ​ម្ដង បើ​មិន​បាន​ដឹង និង​ព្យាបាល​​ទាន់​ពេល។

ទោះ​ជា​យ៉ាង​ណា ឯកឧត្ដម ​វេជ្ជបណ្ឌិត លី សូវ៉ាន់ បញ្ជាក់​ថា បច្ចុប្បន្ន ករណី​អ្នក​ឆ្លង​ ឬ​ស្លាប់​ដោយសារ​ជំងឺ​នេះ មិនទាន់​មាន​វត្តមាន​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ។

ឯកឧត្ដម ​ថា យ៉ាង​នេះ​ក្ដី ប្រជាពលរដ្ឋ​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ករណី​អ្នក​ដែល​មាន​ប្រវត្តិ​ឆ្លង​កាត់​ទៅ​តំបន់​មាន​បញ្ហា ព្រោះ​ក្នុង​ពិភពលោក​ មាន​អ្នក​ស្លាប់​ប្រមាណ ៧៩១។

រូបភាពតំណាង

សូម​បញ្ជាក់​ថា ជំងឺឆ្លង​ថ្មី ដែល​មាន​ឈ្មោះ​ថា រលាក​ផ្លូវ​ដង្ហើម​​មជ្ឈិម​បូព៌ា​ កំពុង​រាតត្បាត នៅ​ក្នុង​ប្រទេសអារ៉ាប់អេមីរ៉ាត់ ហ្ស័កដានី គូវែត អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត យ៉េម៉ែន។

តួ​លេខ​ពី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​បាន​ឲ្យ​ដឹង​ថា បើ​គិត​ពី​ត្រឹម​ខែ​កក្កដា ឆ្នាំ​២០១៨ នៅ​ទូទាំង​ពិភពលោក មាន​ករណី​ឆ្លង​ជំងឺ​នេះ​ចំនួន ២២២៩ ក្នុង​នោះ ៧៩១ បាន​ស្លាប់ ស្មើ​នឹង​អត្រា​ស្លាប់ ៣០% ភាគ​ច្រើន​កើត​នៅ​ឧបទ្វីប​មជ្ឈិម​បូព៌ា។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់