• 2018-08-10 08:30:00
  • ព័ត៌មាន

ដឹងមុនក៏ល្អ! ច្បាស់រោគសញ្ញាទាំង៨ នៃជំងឺឆ្លងថ្មី កំពុងរាតត្បាតខ្លាំង នៅប្រទេសអារ៉ាប់ ៧នេះ

  • 2018-08-10 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 69

ចន្លោះមិនឃើញ

ជំងឺ​ឆ្លង​ប្រភេទ​ថ្មី​ ដែល​មាន​ឈ្មោះ​ថា រលាក​ផ្លូវ​ដង្ហើម​​មជ្ឈិម​បូព៌ា (Middle East Respiratory Syndrome MERS​) កំពុង​រាតត្បាត​នៅ​តាម​​ប្រទេស​នៅ​ឧបទ្វីប​មជ្ឈិម​បូព៌ា ដែល​មាន​ប្រទេស​ ប្រទេស​ អារ៉ាប់​អេមីរ៉ាត់ ហ្សកដានី គូវែត អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត និង​យ៉េម៉ែន។ 

អ្នក​ជំនាញ​បាន​រក​ឃើញ​រោគ​សញ្ញា ៨ចំណុច​ ត្រូវ​ប្រុង​ប្រយ័ត្ន ចំពោះ​អ្នក​ដែល​បាន​ទៅ ឬ​គ្រោង​នឹង​ទៅ​ ប្រទេស​នៅ​ឧបទ្វីប​មជ្ឈិម​បូព៌ា ​ដើម្បី​ចូលរួម​ពិធី​សាសនា។ បើ​តាម​ការ​បញ្ជាក់​ពី​ ឯកឧត្ដម ​វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង និង​ជា​អ្នក​នាំ​ពាក្យ នៃ​ក្រសួង​សុខាភិបាល។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង បាន​ណែនាំ​សារ​សុខភាព​សំខាន់ មាន​ដូចជា

១. អ្នក​ធ្វើដំណើរ​ទៅ​ឧបទ្វីប​មជ្ឈិម​បូព៌ា​ និង​មាន​រោគ​សញ្ញា គ្រុន​ក្ដៅ ក្អក ពិបាក​ដក​ដង្ហើម​ និង​រាក ត្រូវ​ស្វែង​រក​មន្ទីរពេទ្យ​ព្យាបាល​ជាបន្ទាន់។

២. បើ​សិន​ជា​អ្នក​ទើប​ត្រឡប់​មក​ពី​ឧបទ្វីប​មជ្ឈិម​បូព៌ា និង​មាន​រោគ​សញ្ញា គ្រុនក្ដៅ ក្អក ពិបាក​ដក​ដង្ហើម និង​រាក ក្នុង​អំលុង​ពេល ១៤ថ្ងៃ ក្រោយ​ត្រឡប់​មក​ពី​តំបន់​មជ្ឈិម​បូព៌ា អ្នក​​ត្រូវ​តែ​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់ ព្រម​ទាំង​ប្រាប់​គ្រូ​ពេទ្យ​ថា អ្នក​ទើប​ត្រឡប់​មក​ពី​តំបន់​ខាង​លើ។

៣. បើ​សិន​ជា​អ្នក​មាន​រោគ​សញ្ញា រលាក​ផ្លូវ​ដង្ហើម​ស្រួច​ស្រាវ អ្នក​ត្រូវ​អនុវត្ត​ទម្លាប់​ខ្ទប់​មាត់​ ឬ​ច្រមុះ​ ជាមួយ​ក្រណាត់ ឬ​សំលៀកបំពាក់ នៅ​ពេល​អ្នក​ ក្អក​ ឬ​កណ្ដាស់ និង​លាង​ដៃ​ ឲ្យ​បាន​ញឹក​ញាប់។

៤. បើ​សិន​ជា​អ្នក​មាន​រោគ​សញ្ញា រលាក​ផ្លូវ​ដង្ហើម​យូរ អ្នក​គួរ​តែ​ពន្យារ​ពេល​ក្នុង​ការ​ធ្វើដំណើរ។

៥. នៅ​ពេល​ធ្វើ​ដំណើរ អ្នក​អាច​កាត់​បន្ថយ​ហានិភ័យ នៃ​ការ​ចម្លង​ដោយ​ចៀសវាង​ការ​ប៉ះពាល់​ផ្ទាល់​ជា​មួយ​អ្នក​មាន​ ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ស្រួច​ស្រាវ។

៦. ចៀសវាង​ការ​ហូប​សាច់​មិន​ឆ្អិន​ល្អ បន្លែ​ឆៅ​ផ្លែ​ឈើ​មិន​បាន​ចិត​សំបក និង​ទឹក​មិន​មាន​សុវត្ថិភាព ។

៧. លាង​ដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក ជាពិសេស​ក្រោយ ការ​ប៉ះពាល់​អ្នក​ឈឺ​ និង​នៅ​ជុំវិញ​បរិស្ថាន និង​អ្នក​ឈឺ។

៨. ចៀសវាង​ការ​ទៅ​លេង​កសិដ្ឋាន​ចិញ្ចឹម​សត្វ​ស្រុក និង​សត្វ​ព្រៃ ជាពិសេស សត្វ​អូដ្ឋ (ឈឺ ឬ ស្លាប់) ។

សូម​បញ្ជាក់​ថា ប្រសិន​ជា​អ្នក​មាន​ប្រវត្តិ​ធ្លាប់​ទៅ​​ប្រទេស​នៅ​ឧបទ្វីប​មជ្ឈិម​បូព៌ា ទាំង​៧ ដែល​មាន​ប្រទេស​ ប្រទេស​ អារ៉ាប់​អេមីរ៉ាត់ ហ្សកដានី គូវែត អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត និង​យ៉េម៉ែន ហើយ​សង្ស័យ​ឆ្លង​រលាក​ផ្លូវ​ដង្ហើម​​មជ្ឈិម​បូព៌ា សូម​ទាក់ទង​ព័ត៌មាន​បន្ថែម តាម​ទូរសព្ទ​លេខ ១១៥ របស់ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៃ​ក្រសួង​សុខាភិបាល។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់