• 2018-08-10 10:30:00
  • ការអប់រំ

ដំណឹងល្អ! ចៅហ្វាយខេត្តព្រះសីហនុ ប្រកាសផ្តល់កន្លែងស្នាក់នៅ Free ២ប្រភេទ សម្រាប់សិស្សបាក់ឌុប

  • 2018-08-10 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អភិបាល​ខេត្ត​ព្រះសីហនុ បាន​ប្រកាស​ថា បេក្ខជន​ដែល​ត្រូវ​ប្រលង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ក្នុង​ខេត្ត​ ហើយ​ខ្វះខាត​កន្លែង​ស្នាក់​នៅ​អំលុងពេល​ប្រលង អាច​ចុះ​ឈ្មោះ​ ដើម្បី​បាន​ស្នាក់​នៅ​ ដោយ​ឥត​គិត​ថ្លៃ​ (Free ) នៅ​តាម​ទីតាំង​ដែល​បាន​រៀន​ចំ ២ប្រភេទ។

ឯកឧត្ដម យន្ត មីន បាន​បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ថា ទីតាំង​ដែល​បាន​រៀប​ចំ​ មាន​២​ប្រភេទ​ គឺ​ផ្ទះ​សំណាក់ និង​សណ្ឋាគារ។

សិស្សានុសិស្ស​ដែល​មកពី​វិទ្យាល័យ ហ៊ុន សែន កំពង់​សិលា និង​វិទ្យាល័យ ហ៊ុន សែន កែវ ផុស ត្រូវ​ស្នាក់​នៅ​ទីប្រជុំជន​ស្រុក​ព្រៃនប់។ ដោយ​ឡែក​សិស្សានុសិស្ស​ដែល​មក​ពី​ វិទ្យាល័យ​ស្ទឹង ហាវ នឹង​ត្រូវ​ស្នាក់​នៅ​ទី​រួម​ក្រុង​ព្រះសីហនុ។

លោក កែវ ឡាយ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា បាន​ប្រាប់ Sabay ថា​មក​ទល់​ពេល​នេះ​មាន​បេក្ខជន​ប្រលង​បាក់ឌុប បាន​ចុះ​ឈ្មោះ​ស្នាក់​នៅ​តាម​កន្លែង​ដែល​បាន​រៀប​ចំ តាម​ការ​ស្នើ​របស់​អភិបាល​ខេត្ត សរុប​ចំនួន ១៣០នាក់​ហើយ។ ការ​ស្នើ​នេះ ក្នុង​គោល​បំណង​ជួយ​សម្រាល​បន្ទុក​​ឪពុកម្ដាយ​របស់​សិស្ស ដែល​ជួប​ការ​លំបាក។

លោក​ថា តំបន់​ដែល​នៅ​ឆ្ងាយ និង​ពិបាក​រក​កន្លែង​ស្នាក់នៅ​ជាង​គេ​ក្នុង​ខេត្ត​ព្រះសីហនុ មាន២តំបន់ គឺ​ស្រុក​កំពង់​សីលា និង​ស្រុក​ស្ទឹងហាវ។

លោក កែវ ឡាយ បន្ត​ថា ក្នុង​សម័យ​ប្រលង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ សម្រាប់​ខេត្ត​ព្រះសីហនុ ខាង​មុខ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ២០ សីហា មាន​មណ្ឌល​ប្រលង​ចំនួន​៥។

សូម​បញ្ជាក់​ថា សិស្សានុសិស្ស​ដែល​មាន​បំណង​ស្នាក់​ នៅ​តាម​ទីតាំង​ដែល​បាន​រៀន​ចំ មាន​ផ្ទះ​សំណាក់ និង​សណ្ឋាគារ អាច​ទាក់ទង​ចុះ​ឈ្មោះ​ស្នាក់​នៅ​សម្រាប់​ពេល​ប្រលង​បាក់ឌុប​ខាងមុខ តាម​រយៈ​លេខ ០១៦ ៩៥៥ ០៨៦/០១២ ៩៥៥ ០៨៦ និង​លេខ ០១៦ ៨៣ ៦១ ៦១។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់