• 2018-08-13 06:31:38
  • សុខភាព

ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម ក្រុម​ហ៊ុន​ឱសថ​១​ ត្រៀម​​បើក​វគ្គ​អប់រំ​ពី​ជំងឺ​ទឹកនោមផ្អែម រយៈ​ពេល ៣ ឆ្នាំ

  • 2018-08-13 06:31:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​សាណូហ្វី​កម្ពុជា ដែល​ជា​ក្រុមហ៊ុន​ផលិត​ឱសថ​ផ្ដោត​ការ​យកចិត្តទុកដាក់​លើ​តម្រូវ​ការ​អ្នក​ជំងឺ បាន​ធ្វើ​ការ​សម្ពោធ "កម្មវិធី​អប់រំ​ជំងឺ​ទឹកនោមផ្អែម​នៅ​កម្ពុជា" ដែល​មាន​រយៈពេល​ ៣ ​ឆ្នាំ ហៅ​កាត់​ថា CEP-D។ កម្មវិធី​នេះ​ធ្វើឡើង​ក្នុង​គោល​បំណង​ចូលរួម​ចំ​ណែ​ក​ដោះ​ស្រាយ​បញ្ហា​ប្រ​ឈម​ពី​ការ​កើន​ឡើង​នៃ​ជំងឺ​ទឹកនោមផ្អែម នៅ​សណ្ឋាគារ​ភ្នំពេញ ថ្ងៃ​ទី​១១ សីហា ដោយ​មាន​វត្តមាន​ក្រុម​អ្នក​ជំនាញ​ថែទាំ​សុខភាព​ប្រមាណ ១៥០ នាក់ បាន​ចូលរួម។

(រូបកណ្ដាល) អ្នកស្រី ដាវ ធូ​ង៉ា

អ្នកស្រី ដាវ ធូ​ង៉ា (Dao Thu Nga) នាយក​គ្រប់​គ្រង​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា លើក​ឡើង​ថា៖ "គោល​បំណង​នៃ​កម្មវិធី​អប់​រំ​ផ្នែក​ជំងឺ​ទឹកនោមផ្អែម​នៅ​កម្ពុជា​នេះ គឺ​ដើម្បី​លើកកម្ពស់​ការ​យល់ដឹង​ជា​​​សាធារណៈ និង​ផល​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ​ដែល​បណ្ដាល​មកពី​ជំងឺ​នេះ។ ម្យ៉ាង​វិញ​ទៀត យើង​ក៏​នឹង​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ដល់​សហគមន៍​វេជ្ជសាស្ត្រ​ក្នុង​ប្រទេស​​​ជា​មួយ​​ចំ​ណេះ​ដឹង ព្រម​ទាំង​ព័ត៌មាន​វិទ្យាសាស្ត្រ ​វេជ្ជសាស្ត្រ ​ចុងក្រោយ​បំផុត​សម្រាប់​ប្រទេស​កម្ពុជា"។

កម្មវិធី​អប់រំ​ជំងឺ​ទឹកនោមផ្អែម ហៅ​កាត់​ថា CEP-D នេះ​នឹង​រួមបញ្ចូល​ការ​អភិវឌ្ឍន៍​កម្មវិធីសិក្សា វគ្គ​បណ្ដុះបណ្ដាល​ទៅ​ដល់​សហគមន៍​ពី​ការថែទាំ​សុខភាព​ប្រកបដោយ​វិជ្ជាជីវៈ​នៅ​ទូទាំង​ប្រទេស​កម្ពុជា រួម​ទាំង​ពង្រឹង​ការសិក្សា​របស់​ក្រុម​និស្សិត​ទៀត​ផង។ កម្មវិធី​នេះ​នឹង​គាំទ្រ​ទៅដល់​អ្នក​ជំងឺ​ទឹកនោមផ្អែម តាម​រយៈ​ការ​គាំទ្រ​ពី​ក្រុម​ដែល​ត្រូវ​បាន​បង្កើត​ឡើង ហើយ​និង​ក្រុម​ដែល​នឹង​ត្រូវ​បង្កើត​ថ្មី​ផ្សេង​ទៀត ដោយ​មាន​ការ​បង្កើត​ជា​សកម្មភាព​អប់​រំ និង​កម្មវិធី​ពិនិត្យ​ឈាម​ជាដើម​។ កិច្ច​ខិត​ខំប្រឹង​ប្រែង​ទាំង​នេះ នឹង​ត្រូវ​បាន​ធ្វើឡើង​តាម​រយៈ​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន និង​ការ​ចុះ​ផ្សព្វផ្សាយ​នៅ​តាម​មូលដ្ឋាន​នៅ​ទូទាំង​កម្ពុជា។

យុទ្ធនាការ​ជា​បន្តបន្ទាប់​រួមមាន ការ​ផ្សព្វផ្សាយ​តាម​បណ្ដា​ខេត្ត​នានា ការ​ផ្សព្វផ្សាយ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​តាម​រយៈ​ការចែក​រំលែក​ព័ត៌មាន​ពី​ដៃគូ​សហការ​ដូចជា​សមាគម​ជំងឺ​ទឹកនោមផ្អែម និង​ក្រពេញ​នៅ​កម្ពុជា (CSDE) ក្រសួង​សុខាភិបាល សាកល​វិទ្យា​ល័យ​វិទ្យាសាស្ត្រ​សុខាភិបាល (UHS) និង​ភាគី​ពាក់​ព័ន្ធ​ដទៃ​ផ្សេង​ទៀ​ត​។

គម្រោង CEP-D រយៈពេល ​៣ ​ឆ្នាំ​ដែល​ធ្វើ​នៅ​ទូទាំង​ប្រទេស​នេះ បាន​ទទួល​ថវិកា​ជិត កន្លះ​លាន​ដុល្លារ​ ដែល​ជា​សហ​ហិរញ្ញប្បទាន​រវាង​ក្រុមហ៊ុន​សាណូ​ហ្វី និង KFW DEG ដោយ​មាន​ការ​សហការ​ប្រតិបត្តិ​ជាមួយ​សមាគម​គ្រូពេទ្យ​ទឹកនោម​ផ្អែម និង​ក្រពេញ​នៅ​កម្ពុជា​។ ថវិកា​ទាំង​នោះ​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​សម្រាប់​ក្រុម​វេជ្ជបណ្ឌិត ប្រមាណ ១១៨០​នាក់ ក៏ដូចជា​និស្សិត​ចំនួន ៥០០​នាក់ មកពី​សាកល​វិទ្យាល័យ​វេជ្ជសាស្ត្រ​សុខាភិបាល ហើយ​ក៏​ដើម្បី​លើកកម្ពស់​ការ​យល់ដឹង មិន​ត្រឹមតែ​ក្នុង​ចំណោម​អ្នក​ជំងឺ​ទឹកនោមផ្អែម​នោះ​ទេ តែ​ថែមទាំង​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ជា​រួម ដើម្បី​ធានា​ថា​ប្រជា​ជន​កម្ពុជា​យល់ដឹង​ថា​តើ​តើ​វា​មាន​សារៈ​សំខាន់​យ៉ាងណា​ក្នុង​ការ​គ្រប់​គ្រង​ជំងឺ​នេះ។

លោក​សាស្ត្រាចារ្យ​មហា​បរិញ្ញា​វេជ្ជបណ្ឌិត កុយ វ៉ាន់​នី ប្រធាន​សមាគម​​គ្រូពេទ្យ​ទឹកនោម​ផ្អែម និង​ក្រពេញ​នៅ​កម្ពុជា ​បញ្ជាក់​ថា ចំនួន​ប្រេ​វ៉ា​ឡង់​នៃ​ជំងឺ​ទឹកនោមផ្អែម​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១០ ​មាន ២,៣% ក្នុង​តំបន់​ជនបទ។ ចំណែក​នៅ​តាម​ទីក្រុង​មាន​​ ៣​ ដង​ខ្ពស់​ជាង​នៅ​តាម​ជន​បទ ខណៈ​ដែល​ប្រជា​ជន​ចំនួន ៥,៦% ត្រូវ​បាន​រក​ឃើញ​ថា​មាន​ជំងឺ​នេះ​ដោយ​ផ្អែក​តាម​ការ​ស្ទង់​មតិ ​​ដោយ​ក្រសួងសុខាភិបាល។ អត្រា​នេះ​គឺ នៅ​ទាប​ជាង​បណ្ដា​ប្រទេស​ក្នុង​ចំណោម​ប្រជាជន​អាស៊ីអាគ្នេយ៍​ពិត​មែន​ តែ​ខ្ពស់​ជាង​​បណ្ដា​ប្រទេស​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាង​លិច និង​​ប្រទេស​ផ្សេងៗ​ទៀត​នៅ​លើ​ពិភព​លោក។ នេះ​បើ​តាម​របាយការណ៍​សហព័ន្ធ​ជំងឺ​ទឹក​នោម​ផ្អែម​អន្តរជាតិ​ប៉ាស៊ីហ្វិក​ខាងលិច៕

អត្ថបទ៖ សុខណា

មតិយោបល់