• 2018-08-18 04:28:07
  • ការអប់រំ

ទម្លាប់​មិន​រីកចម្រើន​ទាំង​១០ ដែល​អ្នក​គួរ​ជម្រុះ​ចោល​មុន​ឈាន​ដល់​វ័យ​៣០​ឆ្នាំ

  • 2018-08-18 04:28:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​គ្រប់គ្នា​តែង​មាន​គោលដៅ​ដើម្បី​សម្រេច។ ប៉ុន្តែ​ដោយសារ​តែ​ភាព​មមាញឹក​នឹង​ការងារ ពួកគេ​តែង​ទុក​​ឲ្យ​ពេលវេលា​ជា​អ្នក​កំណត់​គោលដៅ​នោះ​ជំនួស។

ឈាន​ដល់​វ័យ​៣០ គឺ​ជា​ពេលវេលា​ល្អ​បំផុត​នៃ​ជីវិត​មនុស្ស​​ដែល​ទទួល​បាន​គ្រប់​ផ្នែក​នៃ​ជីវិត​ទាំង​បទពិសោធន៍ និងការ​គិត។ ប៉ុន្តែ​បើ​ចង់​ឲ្យ​គោលដៅ​អនាគត​ត្រចះត្រចង់ គួរ​បោះបង់​ទម្លាប់​មិន​រីកចម្រើន​ទាំង​ ១០​ ខាង​ក្រោម៖

១ រស់​នៅ​កំដរ​ថ្ងៃ​ឈប់​សម្រាក

ជម្រើស​ល្អ​បំផុត​ដើម្បី​បញ្ចៀស​ពី​បញ្ហា​នេះ ដូចជា​ការ​បង្កើត​ផែនការ​អភិវឌ្ឍ​សម្រាប់​ខ្លួន​ឯង បង្កើត​ទម្លាប់​ល្អ​សម្រាប់​ខ្លួនឯង ដូចជា​ធ្វើ​អ្វី​ផ្សេង​ក្រៅ​ពី​ការងារ​ប្រចាំថ្ងៃ ពិសេស​មិន​នៅ​មុខ​កុំព្យូរទ័រ ឬ ធ្វើ​កម្មវិធី​សប្បុរសធម៌​ជាមួយ​មិត្តភ័ក្ដិ ព្រោះ​​​វា​មិន​ត្រឹម​ជា​ការ​កម្សាន្ត​ចុង​សប្ដាហ៍​សម្រាប់​អ្នក​ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើ​ឲ្យ​អ្នក​ដទៃ​ដែល​ទទួល​របស់​ពី​អ្នក​សប្បាយ​ចិត្ត​ទៀត​ផង។

២ ទម្រន់​មិន​ចង់​ឆាប់​គេង

ល្អ​បំផុត​អ្នក​គួរ​​រៀបចំ​ម៉ោង​ចូលគេង​ឲ្យ​បាន​ទៀងទាត់ ព្រោះ​ការ​ចូលគេង​យឺតយូរ វា​បាន​ប៉ះពាល់​ដល់​គុណភាព​ដំណេក និង កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​អ្នក។

៣ មិន​ទូរសព្ទ​ទៅ​សួរ​សុខទុក្ខ​ឪពុកម្តាយ​ចាស់​​

អ្នក​ខ្លះ​យល់​ថា​មិន​ទូរសព្ទ​ទៅ​សួរ​សុខទុក្ខ​ឪពុកម្តាយ​ចាស់​ព្រោះ​គិត​ថា​ពួកគាត់​មាន​កូន​ចៅ​ច្រើន​ហើយ​ដែល​នឹង​ខ្វល់ខ្វាយ​ពី​គាត់​ តែ​មិន​ដូច្នោះ​ទេ។ ទូរសព្ទ​របស់​អ្នក​មាន​អត្ថន័យ​បំផុត​សម្រាប់​ឪពុក​ម្តាយ​ដែល​កាន់​តែ​ចាស់​។

៤ ព្យាយាម​ផ្គាប់ចិត្ត​អ្នកផ្សេង​គ្រប់​ពេល

តែង​ព្យាយាម​សន្យា​ថា​អ្នក​នឹង​ធ្វើ​អ្វី​នានា​ដើម្បី​បំពេញចិត្ត​អ្នក​ដទៃ​គ្រប់​ពេល​ពេក មាន​តែ​ធ្វើ​ឲ្យ​អ្នក​​មិន​រីក​ចម្រើន ពោល​គឺ ធ្វើ​ឲ្យ​អ្នក​ដទៃ​រីករាយ​ ប៉ុន្តែ​អ្នក​មិន​​រីករាយ​ឡើយ។

៥ តែង​អស់​លុយ​ចុង​ខែ

វា​ដល់​ពេល​​ហើយ ដែល​ត្រូវ​ពិនិត្យ​ថា​តើ​លុយ​ទាំង​នោះ​ទៅ​ណា ហើយ​អ្នក​មាន​វិធី​ណា​ខ្លះ ដើម្បី​ទុកដាក់​លុយ​ទាំង​នោះ។

៦ ប្រដូច​ជីវិត​ខ្លួន​ទៅ​នឹង​អ្នក​ដទៃ

Scroll ​លើ facebook ហើយ​តែង​ចង់​​ប្រដូច​ជីវិត​ខ្លួន​ឯង​ឲ្យ​ដូច​អ្នក​ដទៃ។ ជីវិត​នៅ​លើ facebook ឬ បណ្ដាញ​សង្គម​មិន​សុទ្ធ​តែ​ពិត​ប្រាកដ​នោះ​ទេ។ អ្នក​អាច​នឹង​គិត​ថា​ជីវិត​ខ្លួន​ឯង​​​ស៊ុបទ្រុប រី​ឯ​អ្នកដទៃ​តែង​មាន​ក្តី​សុខ។

៧ កំណត់​គោលដៅ​ដែលមិនអាចទៅរួច

ដែល​ហៅ​ថា​គោលដៅ​ឆ្លាតវៃ ​គួរតែ​ជា​គោលដៅ​​ដែល​គិត​ទៅ​លើ​គោលការណ៍ ៥ (SMART)។

  • Specific (ជាក់លាក់) ៖ ឧទាហរណ៍​ជំនួស​ឲ្យ​ការ​និយាយ​ថា​អ្នក​ចាប់ផ្តើម​ហាត់​ប្រាណ គួរ​តែ​កំណត់​ថា​ចាប់​ផ្តើម​រត់​រាល់​ព្រឹក
  • Measurable (អាច​វាស់វែង​ពី​ភាព​ជោគជ័យ​បាន) ៖ ឧទាហរណ៍ ​ជំនួស​ឲ្យ​ការ​និយាយ​ថា​អ្នក​ចង់​ស្រក​ទម្ងន់ គួរ​និយាយ​ថា​នឹង​ព្យាយាម​សម្រក​ទម្ងន់​ឲ្យបាន​​៥​គីឡូក្រាម ក្នុង​រយៈ​ពេល​១០​ខែ។
  • Achievable (ដែល​អាច​សម្រេច​បាន) ៖ ឧទាហរណ៍ ​ជំនួស​ឲ្យ​ការ​និយាយ​ថា​អ្នក​ចង់​ឡើង​តំណែង គួរ​តែ​និយាយ​ថា អ្នក​នឹង​ប្រឹង​ធ្វើ​ការ​លើស​ធម្មតា​៣​ដង ឬ ជំនួស​ឲ្យ​ការ​ចង់​ក្លាយ​ជា​អ្នក​មាន អ្នក​គួរ​ដាក់​ផែនការ​បង្កើន​ចំណូល​​លើ​ចំណូល​សព្វថ្ងៃ​៥​ដង។
  • Relevant (ដែល​ពាក់ព័ន្ធ) ៖ គោលដៅ​និង​ផែនការ​របស់​អ្នក​គួរ​តែ​ស៊ី​គ្នា។ ឧទាហរណ៍ អ្នក​ចង់​ជួប​នារី​ម្នាក់​ដែល​មាន​ចំណូល​ចិត្ត​ដូច​អ្នក។ គួរ​ធ្វើ​យ៉ាង​ម៉េច? មាន​ច្រើន​ជម្រើស អាច​ថា​​បើ​អ្នក​ចង់​ជួប​អ្នក​រៀន​សូត្រ អ្នក​គួរ​ចុះ​ឈ្មោះ​រៀន​ថ្នាក់​ត្រៀម IELTS ឬ ចង់​ជួប​អ្នក​រក​ស៊ី គួរ​ទៅ​ចូលរួម​សិក្ខាសាលា​សហគ្រិន​ស្រ្តី​ជាដើម។
  • Time-bound (កំណត់​ពេលវេលា​ជាក់លាក់) ៖ គោលដៅ​របស់​អ្នក​គួរតែ​កំណត់​ពេលវេលា​ឲ្យ​បាន​​ជាក់លាក់។ ឧទាហរណ៍ គោលដៅ​ចង់​ទៅ​រៀន​នៅ​បរទេស​​ក្នុង​រយៈ​ពេល​២​ឆ្នាំ​បន្ទាប់​ពី​ចប់​បរិញ្ញាបត្រ។ បន្ទាប់​មក ​បំបែក​គោលដៅ​នោះ​ជា​ដំណាក់​កាល​តូចៗ ដូច​ជា៖ ១​ឆ្នាំ​ដំបូង​ត្រូវ​ប្រឡូក​ក្នុង​កិច្ចការ​ងារ​ស្ម័គ្រចិត្ត​សង្គម សួរ​អ្នក​ធ្លាប់​ទៅ​រៀន​នៅ​ក្រៅ និង ប្រឹង​យក​ពិន្ទុ IELTS ឲ្យ​បាន​ខ្ពស់ និង ១​ឆ្នាំ​បន្ទាប់​ទៀត ត្រូវ​ដាក់​អាហារូបករណ៍​ដែល​ត្រូវ​នឹង​បំណង ឬ ប្រហាក់ប្រហែល​ឲ្យ​បាន​ច្រើន​កន្លែង។

៨ ចំណាយ​ពេល​លើស​លុប​ជាមួយ​ទូរទស្សន៍ និង បណ្តាញ​សង្គម

ទូរទស្សន៍ និង បណ្តាញ​សង្គម​​ជា​កន្លែង​កម្សាន្ត​របស់​អ្នក​ ប៉ុន្តែ​​សៀវភៅ​មិន​ត្រឹម​កំដរ​អារម្មណ៍​របស់​អ្នក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្តល់​​ការ​អប់រំ​ទៀត​ផង។

៩ តែង​បារម្ភ​ពី​ការ​គិត​របស់​អ្នក​ដទៃ​មក​លើ​ខ្លួន

ការ​ព្រួយបារម្ភ​ពី​ការ​គិត​​របស់​អ្នក​ដទៃ​មក​លើ​ខ្លួន​ជា​ទម្លាប់​ដ៏​ពេញ​និយម​បំផុត ពិសេស​ទំនោរ​នេះ​តែង​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​មនុស្ស​វ័យ​ចន្លោះ​ពី ២០ ទៅ ៣០ ឆ្នាំ។ ប៉ុន្តែ​ការ​បារម្ភ​ខ្លាំង​ខ្លាច​អ្នក​ដទៃ​គិត​មិន​ល្អ​មក​លើ​ខ្លួន វា​ជា​ការ​ខ្ជះខ្ជាយ​ថាមពល និង ពេលវេលា​ផ្ទាល់​ខ្លួន។

១០ ដឹង​សព្វ

ស្ទើរ​គ្រប់គ្នា​​នៃ​មនុស្ស​វ័យ​ចន្លោះ​ពី ២០ ទៅ ៣០ ឆ្នាំ តែង​មាន​មោទនភាព​ថា​ខ្លួន​ជា​មនុស្ស​ដឹង​សព្វ មិន​សូវ​បើក​ចំហ​ទទួល​យក​ការ​រិះគន់​របស់​អ្នក​ដទៃ។ ប៉ុន្តែ​មនុស្ស​នៅ​ពេល​វ័យ​កាន់​តែ​ច្រើន តែង​មាន​ភាព​បើក​​ទូលាយ ទទួល​យក​បទពិសោធន៍​របស់​មនុស្ស​ជុំវិញ​ខ្លួន៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់