• 2018-08-19 05:27:46
  • សុខភាព

ថៃ​ ​រ៉ាប់រង​ការ​ព្យាបាល​ជំងឺ​បេះ​ដូង​ពី​កំណើត​ឲ្យ​កុមារ​ក្រីក្រ​កម្ពុជា ៧ នាក់​ ​ឆ្នាំ​នេះ​

  • 2018-08-19 05:27:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ថ្ងៃ​ទី​ ១៧ សីហា ២០១៨ នេះ​ កុមារ​កម្ពុជា​ចំនួន​ ៧ នាក់ ​បានទទួល​ការវះកាត់ព្យាបាល​​ជំងឺ​បេះដូង​ពី​កំណើត​ដោយ​ឥតគិត​ថ្លៃ​តាម​រយៈ​គម្រោង​សប្បុរស​ធម៌​ព្យា​បាល​ជំងឺ​បេះដូងនៅកម្ពុជា ក្រោម​ការ​ឧបត្ថម្ភ​របស់​មូលនិធី​មន្ទីរ​ពេទ្យ បំរ៉ុងរ៉ាត់ និង​មន្ទីរ​ពេទ្យ​អន្តរជាតិ​បំរ៉ុងរ៉ាត របស់​ថៃ។

រួម​ជាមួយ​​ស្ថានទូត​ថៃ​ប្រចាំ​នៅព្រះរាជាណាកម្ពុជា សមាគម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្តេច​តេជោ​(TYDA) មន្ទីរ​ពេទ្យកាល់​ម៉ែត ​និង​ក្រុមហ៊ុន​អាកាស​ចរណ៍​ថៃ AirAsia បាន​រៀប​ចំ​សន្និសីទ​សារ​ព័ត៌​មាន​ស្តី​ពី គម្រោង​សប្បុរសធម៌​ព្យាបាល​ជំងឺ​បេះដូង​នៅ​កម្ពុជា​ដែល​ជាគម្រោង​មួយ ​បង្កើត​ឡើង​ក្នុង​គោល​បំណង​ប្រើ​ប្រាស់​ជំនាញ​ឯក​ទេស​ និងធន​ធានផ្ទាល់របស់មន្ទីរពេទ្យ បំរ៉ុងរ៉ាត់ ​ដើម្បី​ផ្តល់​ការ​វះ​កាត់​ព្យាបាល​ជំងឺ​បេះដូង​ពី​កំណើត​ដោយ​ឥត​គិត​ថ្លៃ ជូន​ដល់​កុមារ​ក្នុង​ប្រទេស​ជិត​ខាង។

ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ មូល​និធិ​មន្ទីរ​ពេទ្យ​​បំរ៉ុងរ៉ាត់​ និង​មន្ទីរ​ពេទ្យ​អន្តរជាតិ​បំរ៉ុងរ៉ាត់ បាន​ពង្រីក​គម្រោង​សប្បុរសធម៌​មួយ​នេះ​​នៅ​ប្រទេស មីយ៉ាន់ម៉ា ​និង​វៀតណាម​ រួច​ហើយ ដោយ​ឆ្នាំនេះ​ បាន​ធ្វើ​ឡើង​នៅ​កម្ពុជា ខណៈ​ តាំងពីឆ្នាំ​២០០៣ គម្រោង​​ដដែល​នេះ​បាន​ជួយដល់​អ្នកជំងឺបានជាង ៧៧៧នាក់ នៅប្រទេសថៃ។

លោក​ស្រី Napas Paorohitaya ​  តំណាង​មូល​និធិ​មន្ទីរ​ពេទ្យ បំរ៉ុងរ៉ាត់ និង​ជា​នាយក​ផ្នែក​ទីផ្សារ​នៃមន្ទីរពេទ្យ​ដដែល​នេះ​ លើក​ឡើង​ថា៖ "គម្រោង​ដែល​ផ្តល់​ការ​វះ​កាត់​បេះដូង​សម្រាប់​កុមារ​ដែល​មាន​ជំងឺ​សរសៃ​ឈាម​បេះដូង​ពី​កំណើត​ ត្រូវ​បាន​ផ្តួច​ផ្តើម​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ជួយ​កុមារ​ និង​ត្រូវ​ការ​ការ​វះ​កាត់​បេះដូង​ពិត​ប្រាកដ។ បើ​មិន​ដូច្នេះ​ទេ​ពួក​គេ​នឹង​ប្រឈម​នឹង​ការ​ស្លាប់​មុន​អាយុ​ ឬ​ការ​លូតលាស់​មិន​ប្រក្រតី។ ការ​វះ​កាត់​បេះដូង​គឺ​ជា​ការងារ​ដ៏​ចាំ​បាច់ ​និង​ស្មុគស្មាញ​ដែល​តម្រូវ​ឱ្យ​មាន​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្រ្ត​ខ្ពស់​ និង​អ្នក​ឯកទេស​ខាង​វេជ្ជសាស្ត្រ មាន​បទពិសោធន៍​។ ម្យ៉ាង​ ការវះកាត់មានតម្លៃខ្ពស់ ​ដែល​ជា​​មូលហេតុ​នាំ​មូល​និធិមន្ទីរពេទ្យ​បំរ៉ុងរ៉ាត់​បាន​កកើត​ឡើង​ដើម្បី​ធានាបាន​ថា ​កុមារ​ត្រូវ​បាន​ព្យាបាល​ទាន់​ពេល​ដោយ​កាត់​បន្ថយ​ផល​វិបាក​ និង​អត្រា​មរណភាព​ស្រប​ពេល​ដែល​សុខភាព​របស់​កុមារ​ត្រូវ​បាន​លើក​កម្ពស់។ ដើម្បី​បង្ហាញ​ពី​ទំនាក់​ទំនង​ដ៏​កក់​ក្តៅ​រវាង​ថៃ និង​កម្ពុជា​តាម​រយៈ​កម្មវិធី​សុខភាព​សាធារណៈ​ យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ផ្តល់​ជូន​ការ​វះ​កាត់​បេះដូង​ដល់​កុមារ​កម្ពុជា​​ដែល​មាន​ជំងឺ​បេះដូង​ពី​កំណើត​នៅ​មន្ទីរ​ពេទ្យ​ បំរ៉ុង​រ៉ាត់​ ក្នុង​ប្រទេស​ថៃ។ ការ​វះ​កាត់​នេះ​នឹង​ត្រូវ​បាន​ផ្តល់​ជូន​ដោយ​ឥតគិតថ្លៃ​ដែល​អាច​ជួយ​សម្រួល​ដល់​ស្ថានភាព​លំបាក​របស់​មន្ទីរពេទ្យ​នៅកម្ពុជា"។

លោក​ស្រី Napas Paorohitaya

ឯកឧត្តម​ Panyarak Poolthup ​ឯក​អគ្គរាជទូត​​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​កម្ពុជា ​បានមានប្រសាសន៍​ថា៖ "គម្រោង​នេះ គឺជា​បេសកកម្ម​ដ៏​ល្អ​ឧត្តុង្គឧត្តម​ជាទី​បំផុត។ គម្រោង​នេះ ​មិន​ត្រឹម​តែ​ជួយ​សង្គ្រោះ​អាយុ​ជីវិត​ក្មេងៗ​ ​ដែល​មាន​ជីវភាព​ក្រីក្រ​ និង​អស់​សង្ឃឹម​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ភស្តុតាង​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ចំណង​សាមគ្គី​ភាព​ កិច្ច​សហប្រតិបត្តិការ និង​មិត្ត​ភាព​ដ៏​រឹងមាំ​រវាង​ប្រទេស​ថៃ និង​កម្ពុជា​ទៀត​ផង។ គម្រោង​សប្បុរសធម៌​ព្យាបាល​ជំងឺ​បេះដូង​នេះ​ គឺ​ស្តែង​ឲ្យ​ឃើញ​ពី​ភាពជាក់​ច្បាស់​រវាង​ បេះដូង​ និង ​បេះដូង​ ​ពោល​គឺ​បញ្ជាក់​ពី​ទឹក​ចិត្ត​របស់​ប្រទេស​ថៃ មាន​ចំពោះ​ប្រទេស​កម្ពុជា"។

ឯកឧត្តម​ Panyarak Poolthup

ឯកឧត្តម​សា​ស្រា្ត​ចារ្យ ឈាង រ៉ា អគ្គនាយក​ម​ន្ទីរ​ពេទ្យ​កាល់ម៉ែត បាន​បញ្ជាក់​ថា៖ «ក្នុង​នាមជា​​ប្រជាជនកម្ពុជា ​ខ្ញុំ​​សូម​ថ្លែង​អំណរ​គុណ និង​សម្តែងនូវការដឹងគុណ​យ៉ាងជ្រាល​ជ្រៅជាទីបំផុត ​ចំពោះម្ចាស់​ជំនួយ ​និង​ដៃគូ​ទាំង​អស់​នៃ​មូល​និធិ​នេះ។ ខ្ញុំ​ក៏​សូមចូល​រួម​ត្រេកអរ​ផង​ដែរ​ ​ជាមួយ​នឹង​កុមារ​ដែល​មាន​ជំងឺ​បេះ​ដូង​ពី​កំណើត​នេះ ដែល​បាន​ទទួល​បាន​ការ​វះ​កាត់​នៅ​មន្ទីរ​ពេទ្យ​អន្តរជាតិ បំរ៉ុងរ៉ាត់ នៅ​ប្រទេស​ថៃ ​ដោយ​ឥតគិតថ្លៃ ដែល​នេះ​ជា​ជំនួយ​ដ៏ធំ​សម្រាប់​ប្រជាជន​កម្ពុជា ក៏​​​ជា​ការ​ចាប់​ផ្តើម ចូលរួម​ចំណែក​ដល់​កុមារ​កម្ពុជា​ជាមួយ​មជ្ឈមណ្ឌល​ជំងឺ​បេះដូង​ភ្នំពេញ ​ដែល​ធ្លាប់​បាន​ជួយ​វះ​កាត់ ​និង​ពិនិត្យ​ព្យាបាល​កុមារ​កម្ពុជា​ជា​ច្រើន​មក​ ​ហើយ​គម្រោង​នេះ​ នៅ​តែ​ត្រូវ​ការ​ដៃ​គូសហការ​យូរ​អង្វែង​សម្រាប់​អនាគត តទៅទៀត"៕

អត្ថបទ៖ សុខណា

មតិយោបល់