• 2018-08-19 05:27:01
  • ការអប់រំ

ទីបំផុត! រកកន្លែងទុកក្រមាវែងបង្អស់ក្នុងលោកឃើញហើយ តែក្ដីបារម្ភធំបំផុតគឺរឿងមួយ

  • 2018-08-19 05:27:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្ពុជា​បាន​បង្កើត​កំណត់​បំបែក​ក្រមា​វែង​បំផុត​លើ​ពិភព​លោក​១ ១៤៩ម៉ែត្រ ត្រឹម​ពេល​ ០៦ខែ ​ខណៈ​ពេល​នេះ​ការ​រក្សា​ស្នាដៃ​ក្រមា​ដ៏​មាន​តម្លៃ​ ត្រូវ​បាន​តម្កល់​នៅ​សារ​មន្ទីរ​ជាតិ ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ និង​ភ្ញៀវ​អន្តរជាតិ​ចូល​ទស្សនា​បន្ត។ ​យ៉ាង​ណា​ទាក់​ទិន​បច្ចេកទេស​រក្សា​ទុក​វិញ​ អ្នក​ជំនាញ​នៅ​តែ​មាន​ក្ដី​ព្រួយ​បារម្ភ​ខ្លាច​សណ្ឋាន​នៃ​ក្រមា​អាច​ប្រែប្រួល​រូបរាងនា​ថ្ងៃមុខ​។

​ ​លោក គង់ វីរៈ ប្រធាន​នាយកដ្ឋាន​សារមន្ទីរ លើក​ឡើង​​​ថា យើង​បារម្ភ​ ក្រមា​អាច​ប្រែ​ពណ៌​ យើង​មិន​អាច​ទប់​ស្កាត់​បាន​១០០ភាគរយ​ទេ។ បញ្ហា​បារម្ភ​នោះ​គឺ​ក្រមា​ក៏​មិន​ខុស​ពី​ក្រណាត់​ដទៃ​ ដែល​ងាយ​រង​ប៉ះ​ពាល់​ពី​ពន្លឺ​ និង​សំណើម ​ដោយ​ហេតុ​ថា​សារ​មន្ទីរ​​មិនទាន់​មាន​បន្ទប់​រក្សា​វាយនភណ្ឌ​​ដែល​មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់​នៅ​ឡើយ​។

លោក គង់ វីរៈ ប្រធាន​នាយកដ្ឋាន​សារមន្ទីរ

​​​​ ​លោក វីវៈ​ បន្តថា​ យើង​មិន​អាច​ការពារ​ពេញលេញ ​តែ​យើង​កាត់​បន្ថយ​កុំ​ឲ្យ​ក្រមា​ស្លក​ពណ៌ ​រង​ផល​ប៉ះពាល់​ពី​សំណើម​បាន​ ​យើង​អាច​ប្រើ​ក្រណាត់​ខ្មៅ​គ្រប​លើ​វា​ពេល​បិទ​ទ្វារ​ និង​ក្នុង​ករណី​ខ្លះ​ទៀត​ យើង​នឹង​រៀប​ចំ​កាលវិភាគ​តាំង​បង្ហាញ​ក្រមា​ មិន​អាច​បើក​​ពេញ​ទល់​មួយ​ឆ្នាំ​បាន​ទេ ​និង​តាម​ដាន​សាច់​ក្រមា​រៀង​រាល់​៣ខែម្ដង ​ក្រែង​លោ​មាន​សត្វ​ស៊ី។​ យ៉ាង​ណា​ក្ដី​ ទីតាំង​សារមន្ទីរ​ ជា​ទីតាំង​អនុគ្រោះ​មួយ​ទទួល​ពន្លឺ​មិន​ផ្ទាល់​ខ្លាំង​ដល់​ការ​រក្សា​ទុក​វត្ថុ​បុរាណ​នានា​ ជាពិសេស​ក្រមា​ដែល​​​អាច​ការពារ​បាន​ខ្លះ​។

មក​ទល់​សព្វ​ថ្ងៃ ​សារមន្ទីរ​ជាតិ​បាន​ប្រមូល​រក្សា​ទុក​នូវ​ប្រភេទ​ក្រណាត់​ខ្មែរ​ច្រើន​ប្រភេទ​ ​​សូត្រ ហ៊ូល ពិដាន​ ​មាន​អាយុ​ជិត១០០ឆ្នាំ ​តាំង​ពី​បុរេ​ប្រវត្តិ។ ពាក់​ព័ន្ធ​បញ្ហា​បច្ចេកទេស​នេះ ​ប្រធាន​សារមន្ទីរ​ខាងលើ​ នឹង​យក​ទៅ​ជជែក​បន្ថែម​ជាមួយ​ថ្នាក់​ដឹក​នាំ ដើម្បី​ទ្រទ្រង់​កម្រិត​ថវិកា​មួយ​សមរម្យ​សាងសង់​បន្ទប់​សម្រាប់​ដាក់​តាំង​វាយនភណ្ឌ​នា​ថ្ងៃ​អនាគត​។

ឯកឧត្តម ហ៊ុន ម៉ានី ​ប្រធាន​សហភាព​​​សហព័ន្ធ​យុវជន​កម្ពុជា ​ជា​សហ​ស្ថាបនិក​បង្កើត​ក្រមា​វែង​បង្អស់​របស់​កម្ពុជា ជាមួយ​ក្រុមការងារ​GoGo Cambodia បង្ហើប​ថា​ ទាក់​ទង​ការ​រក្សា​ទុក​ក្រមា​ឲ្យ​យូរ​អង្វែង​ ក្រុម​ការងារ​ទាំង​អស់​នឹង​នៅ​តែ​​រង់​ចាំ​ជួយ​បន្ត​ទៀត​ទាំង​កម្លាំង​ និង​ថវិកា ​ប្រសិន​បើ​មាន​ការ​ស្នើ​សុំ​ពី​ខាង​សារមន្ទីរ៕​​​​​​​

​​ ​​​​​​​​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់