• 2018-08-20 00:30:00
  • សេដ្ឋកិច្ច

យុវជនខ្មែរ១ក្រុម បង្កើតទីតាំងជួលការិយាល័យតម្លៃទាបកក់តាមអនឡាញ

  • 2018-08-20 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

SPAREasia ដែល​ជា​ក្រុមហ៊ុន​បង្កើត​ឡើង​ដោយ​និស្សិត​ទើប​បញ្ចប់​ការសិក្សា​ ​បាន​ប្រកាស​ដាក់​ដំណើរការ​គេហទំព័រ​ថ្មីរបស់ខ្លួន ​ក្នុង​វិស័យ​អាជីវកម្ម​​ឌីជីថល​ ក្រោម​​គោល​បំណង​បំពេញ​តម្រូវ​ការ​ងាយស្រួល​សម្រាប់​ជួល​ទីតាំង​របស់​ពេល​ខ្លី។

លោក សឿន​ ថារិទ្ធិ​ សហ​ស្ថាបនិក​ បាន​ប្រកាស​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​នូវ​គេហទំព័រ​នេះ ​ប្រព្រឹត្ត​ទៅ​នៅ​កន្លែង​ធ្វើការ​រួម​គ្នា​ឈ្មោះថា​ "សហការ" (Sahaka Coworking Space) បាន​ថ្លែង​ថា SPARE ជា​គេហទំព័រ​ដំបូង​បង្អស់​នៅ​កម្ពុជា ដែល​ជម្រុញ​ឲ្យមាន​ការប្រើប្រាស់​ទីតាំង​ទំនេរ​សម្រាប់ជួល។

សហ​ស្ថាបនិក ពន្យល់​ថា​ គេហទំព័រ​នេះ​ អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ដាក់​ជួល​ បន្ទប់​ប្រជុំ​តាម​កាហ្វេ​មានគ្នា ៣ទៅ១០នាក់ បន្ទប់​ការិយាល័យ​ឯកជនសម្រាប់មនុស្ស៨នាក់ឡើង ទីតាំង​រៀប​ចំ​កម្មវិធី​ចម្រុះ​ និង​ទីកន្លែង​ធ្វើ​ការ​រួម​គ្នា​លក្ខណៈអន្តរជាតិយ៉ាង​ងាយ​ស្រួល និងសម្ភារៈផ្សេងសម្រាប់ការប្រជុំនានា។ រីឯតម្លៃជួល មាន​ចាប់​ពី ១០ដុល្លារឡើង ដើម្បីកាន់តែច្បាស់សូមចូលទៅកាន់ គេហទំព័រ ​spareasia.com

លោក ថារិទ្ធិ​ បញ្ជាក់ថា ​រាល់​ទីតាំង​ផ្ដល់​ជូន​ទាំងអស់​ ត្រូវបាន​ធានា​ត្រឹម​ត្រូវ​ និងមាន​ផាសុកភាព​ តាមរយៈ​ការចុះ​ពិនិត្យ​ដោយ​ក្រុមហ៊ុន មុននឹង​ធ្វើ​ការ​ផ្សព្វផ្សាយ​។ មិនតែប៉ុណ្ណោះ​ លោកអ្នក​អាច​ប្រើ​ប្រាស់​គេហទំព័រ​នេះ តាមទូរស័ព្ទដៃ​ និងទីតាំង​កក់​បាន​ច្រើន​ប្រភេទ និងការ​សន្សំសំចៃខ្ពស់ ដែល​បាន​ប្រមូល​ផ្ដុំ​ទីតាំង​ប្រមាណ​ជាង​ ១០០កន្លែង​នៅ​រាជធានី​ភ្នំពេញ​។

​​​បន្ថែមពីនេះ ​ក្រុម​យុវជន​ស្ថាបនិកខាងលើ​ដែលមានឈ្មោះថា​​​ សឿន​ ថារិទ្ធិ​ សេង វីរៈបុត្រ​ ស្រង់ ណារុនដេត​ និង​ លាងបញ្ញារិទ្ធិ បាន​សង្កត់ធ្ងន់ថា​ ការចាប់​ផ្ដើម​ចេញ​នូវ​គំនិត​នេះ ដោយសារ​ការបណ្ដុះ​បណ្ដាល និង​ផ្ដល់​គំនិត​អាជីវកម្ម​យ៉ាងសកម្ម ពី​កម្មវិធី​ Smart Start : Young innovator Program និង​អ្នកជំនាញ​ពីក្រុម​របស់​ Impact Hub Phnom Penh៕

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់