• 2018-08-20 03:31:24
  • ការអប់រំ

​ខេត្ត​ណា​ខ្លះ ​​ប្រកាស​បន្ត​​ផ្ដល់​រង្វាន់​ធំ​ដល់​អ្នក​បាន​​​និទ្ទេសA?

  • 2018-08-20 03:31:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ការ​ប្រលង​សញ្ញា​បត្រ​មធ្យម​ទុតិយភូមិ(បាក់ឌុប)បាន​​ចាប់​ផ្តើម​នៅ​ថ្ងៃនេះ ថ្នាក់​ដឹក​ និង​អ្នក​តំណាងរាស្ត្រ​នៅ​ខេត្ត​ចំនួន​ ៥ ​បាន​ប្រកាស​បន្ត​ផ្ដល់​រង្វាន់​លើក​ទឹកចិត្ត​ដល់​បេក្ខជន​ប្រលង​សញ្ញាបត្រ​បាក់ឌុប​បាន​និទ្ទេស A។

តួ​យ៉ាង​បេក្ខជន​រស់​នៅ​ក្នុង​ខេត្ត​កណ្ដាល​​បើ​ប្រលង​ជាប់​និទ្ទេស​ A ឯកឧត្ដម​ ម៉ៅ ភិរុណ អភិបាល​ខេត្ត​នឹង​ផ្ដល់​រង្វាន់​ម៉ូតូ​​ ១ គ្រឿង។ ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​នឹង​គ្រូបង្រៀន និង​សិស្ស​ថ្នាក់​ទី​១២ កាល​ពី​ថ្ងៃទី​១៦ កន្លងមក​នេះ។ បន្ថែម​លើ​នេះ​ឯកឧត្ដម​ ស៊ុន ចាន់​ថុល ​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​កោះធំ ខេត្ត​កណ្ដាល​ក៏​បាន​ប្រកាស​ផ្ដល់​រង្វាន់​​ម៉ូតូ​ម្នាក់​១ គ្រឿង​ដល់​បេក្ខជន​ប្រលង​ជាប់​និទ្ទេស​ A នៅ​ស្រុក​កោះ​ធំ​ផងដែរ។  

ឯកឧត្ដម ស ថាវី អភិបាល​ខេត្ត​ឧត្តរ​មាន​ជ័យ​​ក៏​បាន​សន្យា​ផ្ដល់​រង្វាន់​ scopy ស៊េរី​ឆ្នាំ​២០១៨ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​សិស្ស​ទទួល​បាន​និទ្ទេស​ A ដែរ ខណៈ​ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​ ១៩ ខែ​សីហា នេះ​ក្នុង​ពិធី​សំណេះសំណាល​ ជាមួយ​នឹង​បេក្ខជន​​ប្រលង ៩៩១​នាក់ ។  

ចំណែក​ខេត្ត​កោះកុង​វិញ ​លោក​ជំទាវ​អភិបាល​ខេត្ត​ មិថុនា ភូថង  បាន​ប្រកាស​ផ្តល់​រង្វាន់​លើក​ទឹកចិត្ត​ដល់​បេក្ខជន​ប្រលង​បាក់ឌុប​ជាប់​នូវ​ទឹក​ប្រាក់​ចំនួ​ន​១ ០០០​ដុល្លារ។ ខេត្ត​កោះកុង​មាន​បេក្ខជន​ប្រលង​បាក់​ឌុបជិ​ត​១ ពាន់​នាក់​ មណ្ឌល​ប្រលង​ចំនួន ៣ និង​អ្នក​សង្កេត​ការណ៍ ៤៧​នាក់។

បេក្ខជន​កំពុង​ប្រលង​បាក់ឌុប​ ថ្ងៃទី ២០ សីហា ២០១៨​នេះ

​ក៏​មាន​ដែរ ចំពោះ​បេក្ខជន​ឆ្នើម​​និទ្ទេស​ A មក​ពី​ខេត្ត​ព្រះសីហនុ ដោយ​ទទួល​បាន​ម៉ូតូ​​ម្នាក់​១​គ្រឿង។ នេះ​បើតាម​ឯកឧត្ដម​ យន្ត​ មីន អភិបាលខេត្ត​ព្រះសីហនុ​ ដែល​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ពេលថ្មីៗ​នេះ។ ឯកឧត្ដម​ថា តាម​ការ​ពី​គ្រោះ​យោបល់​ និង​ការ​សម្រេច​របស់​ឯកឧត្ដម​​ ប៉ុល​ សារឿន​ ប្រធាន​គណៈ​ពង្រឹង​កូន​សិស្ស​ប្រលង​ទុតិយភូមិ(បាក់ឌុប)ឆ្នាំនេះ និង​បាន​ការ​ផ្ដល់​ជា​រង្វាន់​នូវ​ម៉ូតូម្នាក់១គ្រឿងចំពោះជ័យលាភីនិទ្ទេសA និង​បាន​អំពាវនាវ​ឱ្យ​បេក្ខជន​​ប្រឹង​ប្រែង​ឱ្យ​អស់​សមត្ថភាព។  

វិល​មក​ខេត្ត​ព្រៃវែង​ឯណេះ​វិញ​ចំពោះ​សិស្ស​និទ្ទេស A នឹង​ទទួល​បាន​ម៉ូតូ​១​គ្រឿង​ដដែល សម្រាប់ លោកគ្រូ ឬ​អ្នកគ្រូ ក៏​នឹង​ទទួល​បាន​ម៉ូតូ​ផង​ដែរ ប្រសិន​បើ​មុខវិជ្ជា របស់​សិស្ស​និទ្ទេស A ណាមួយ ដែល​លោក គ្រូ អ្នក​គ្រូ​បង្រៀន​បំប៉ន ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ។ នេះ​បើ​យោង​តាម​ការ​លើ​ក​ឡើង​របស់​ឯកឧត្ដម ស សុខា បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម Facebook កាល​ពី​ពេល​ថ្មីៗ​។

ការ​ប្រលង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ(បាក់ឌុប)​ ឆ្នាំ២០១៨ នេះ​មាន​ មាន​មណ្ឌល​ប្រលង​ចំនួន​១៩៦​មណ្ឌល និង​មាន​បេក្ខជន​ទាំង​អស់​ចំនួន ១១៧ ០៦១នាក់ ខណៈ​ឆ្នាំ​មុន​មាន​បេក្ខជន​ប្រលង​ សរុប​ចំនួន​ជាង​​១០១ ៤១០ នាក់ ស្រី ៥០ ០៤៩ នាក់ និង​មាន​មណ្ឌល​ប្រលង​ចំនួន ​១៧៨​ ​មណ្ឌល​ ក្នុង​​នោះ​ថ្នាក់​វិទ្យាសាស្ត្រ ​មាន ១០៨ មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​​សង្គម​ មាន ៧០​ មណ្ឌល​ ត្រូវ​ជា​ ៤០៩៣​បន្ទប់​ ទូទាំង​ប្រទេស៕    

អត្ថបទ៖ សុផល

មតិយោបល់