• 2018-08-20 03:47:30
  • ការអប់រំ

រដ្ឋមន្រ្តី​អប់រំ៖ ចំនួន​សិស្ស​ប្រឡង​បាក់ឌុប​កើន​ឡើង ហើយ​ដំណើរការ​ប្រឡង​កាន់តែ​ល្អ

  • 2018-08-20 03:47:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​បើក​វិញ្ញាសារ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែ​សីហា ឆ្នាំ​២០១៨​នេះ។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា ឆ្នាំ​នេះ គឺ​ជា​ឆ្នាំ​ទី៥​ហើយ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា រៀបចំ​ឲ្យ​មាន​កំណែ​ទម្រង់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ហើយ​លទ្ធផល​ល្អ​ប្រសើ​រនេះ​បាន​ដោយ​ការ​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅ​ក្នុង​ការ​រៀបចំ​ការ​ប្រឡង ក៏ដូចជា​ការ​បំប៉ន​សិស្ស​ដើម្បី​ឲ្យ​គាត់​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​បន្ថែម​ទៀត។

សូមចុចអាន៖ ទិដ្ឋភាព សង្គ្រោះបន្ទាន់​បេក្ខជន​ប្រលង​បាក់ឌុប​ ព្រឹកមិញ​ នៅខេត្តក្រចេះ

លោក​បាន​បន្ត​ថា នៅ​ឆ្នាំ​នេះ ចំនួន​សិស្ស​មាន​ការ​កើនឡើង គឺ​ជាង ១០​ម៉ឺន​នាក់ និង​មណ្ឌល​ប្រឡង​កើន​ឡើង​ដល់ ១៩៦​មណ្ឌល។ លោក​បន្ដ​ថា ក្រសួង​បាន​ប្តូរ​មណ្ឌល​ប្រឡង​មួយ​មណ្ឌល​នៅ​ខេត្ត​កំពត ដោយសារ​ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​ជាប់គ្នា បណ្ដាល​ឲ្យ​ទឹក​លិច ហើយ​បាន​ប្តូរ​ទៅ​កន្លែង​ដែល​មាន​សុវត្ថិភាព។

លោក​បញ្ជាក់​ថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដំណើការ​ប្រឡង​កាន់​តែ​ល្អ ហើយ​មិន​ឃើញ​សិស្ស​ណា​ម្នាក់​កាន់​សំណៅ​ឯកសារ ឬ​គ្រឿង​អេឡិចត្រូនិក​ចូល​មណ្ឌល​ប្រឡង​ទេ។ ហើយ​ទាំង​អនុរក្ស មេប្រយោគ បាន​បំពេញ​ការងារ​ក្នុង​ការ​ទទួល​ខុសត្រូវ​ទាំង​អស់​គ្នា។

ចំណែក​លោក ឃាង សេង អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ថ្លែង​ថា សម្រាប់​ការ​ប្រឡង​ឆ្នាំ​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ដាក់​អ្នក​សង្កេតការណ៍​ជាង ៥ ០០០​នាក់ និង​សម្រាប់​នៅ​ភ្នំពេញ​មាន​ជាង ៩០០​នាក់។ ហើយ​ការ​ប្រឡង​នេះ អនុវត្ត​គោលការណ៍​ច្បាប់ តម្លាភាព យុត្តិធម៌ និង​ទទួល​យក​បាន។ ការ​ប្រឡង​នេះ នឹង​កាត់​បន្ថយ​ឲ្យ​អស់​នៅ​ចំណុច​អវិជ្ជមាន​ដែល​កើតឡើង​កន្លង​មក និង​ទទួល​បាន​លទ្ធផល​ល្អ​ជាង​បណ្តា​ឆ្នាំ​មុនៗ។

ការរឹតបន្ដឹង​ពេល​ចូលប្រឡង​បាក់ឌុប​

រីឯ​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានថ្លែង​ថា ការពារ​សន្តិសុខ​សម្រាប់​ការ​ប្រឡង​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ គឺ​អាច​ធានា​បាន។ លោក​ថា សាលារាជធានី​ភ្នំពេញ បាន​ជួយ​រៀបចំ​កន្លែង​ផ្ញើកង់ ម៉ូតូ ដោយ​មិន​ឲ្យ​យក​លុយ​ទេ។

លោក ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​បញ្ជាក់​ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ដាក់​អ្នក​សង្កេតការណ៍​ប្រឡង​ចំនួន ៦០០​នាក់។

ក្រសួង​អប់រំ យុវជន និងកីឡា បាន​បញ្ជាក់ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ដែល​ប្រព្រឹត្ត​ធ្វើឡើង​នៅថ្ងៃ​ទី២០ ខែ​សីហា ឆ្នាំ​២០១៨​​នេះ គឺ​មាន​បេក្ខជន​សរុប ១១៧ ០៦១​នាក់ និង​មាន​មណ្ឌល​ប្រឡង​សរុប ១៩៥​មណ្ឌល ចែកចេញ​ជា ៤៧១៦​បន្ទប់ នៅ ២៥ រាជធានី-ខេត្ត​ទូទាំង​ប្រទេស។

ការ​ប្រឡង​នេះ នឹងត្រូវ​ប្រកាស​លទ្ធផល​នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ នារសៀល​ថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ​២០១៨ សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល និង​នៅថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០១៨ សម្រាប់​មណ្ឌល​ប្រឡង​នៅខេត្ត​ផ្សេងៗ៕

ប្រភព៖ Kley Kley អត្ថបទ៖ សោភា

មតិយោបល់