• 2018-08-20 08:16:47
  • ការអប់រំ

ករណី​​បេក្ខជន​ម្នាក់​ប្រលង​បន្ទប់​១ម្នាក់ឯង នៅ​កំពង់​ស្ពឺ​ត្រូវ​បាន​បកស្រាយ

  • 2018-08-20 08:16:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបថត​មួយ​សន្លឹក​ ដែល​បាន​បង្ហាញ​ឱ្យ​ឃើញ​បេក្ខជន​ម្នាក់​អង្គុយ​ប្រលង​នៅ​បន្ទប់​មួយ​តែ​ម្នាក់ឯង​ ត្រូវ​បាន​​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម Faebook ជាច្រើន​មាន​ការ​ងឿង​ឆ្ងល់​ជា​ខ្លាំង​ ។  រូបភាព​នេះ​ត្រូវ​បាន​បង្ហោះ​ដោយ​មន្រ្តី​អ្នក​សង្កេត​ការ ខណៈ​ឯកឧត្ដម​ ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះ​ពិនិត្យ​ផ្ទាល់ ​នៅ​មណ្ឌល​ប្រលង​មួយ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​។

ទាក់ទង​នឹង​បញ្ហា​នេះ​ លោក ថន ថារិន ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​បាន​ថ្លែង​ថា បេក្ខជន​រូប​នេះ​ប្រលង​នៅ​មណ្ឌល​បឋម​សិក្សា​វល្លិ៍ ​បន្ទប់លេខ១៣ ដែល​ស្ថិត​ក្នុ​ង​ខេត្ត​កំពង់ស្ពឺ ហើយ​មូលហេតុ​ ដែល​ត្រូវ​ប្រលង​ម្នាក់ឯង​គ្រប់​មុខ​វិជ្ជា​នេះ ដោយ​សារ​​​ក្នុង​មួយ​បន្ទប់​​ក្រសួង​អប់រំ​តម្រូវ​ឱ្យ​​មាន​បេក្ខជន​ប្រលង​តែ ២៥ នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​សារ​លើស​ម្នាក់​ទើប​​ត្រូវ​បំបែក​ឱ្យ​ប្រលង​បន្ទប់​មួយ​ម្នាក់ឯង​បែប​នេះ។ លោក​ថា ​យុវជន​នេះ​មាន​ឈ្មោះ សេម​ វិចិត្រ មក​ពី​វិទ្យាល័យ​ទ័ព​មានជ័យ ស្ថិត​នៅ​ក្នុង​ស្រុក​គងពិសី​ខេត្ត​កំពង់​ស្ពឺ។ “អញ្ចឹង​ការ​ប្រលង​គឺ ត្រូវ​ធ្វើ​ដូច​គេ​ដូច​ឯង​ដែរ បើ​ទោះ​ជា​ត្រូវ​ប្រលង​បន្ទប់​មួយ​ម្នាក់ឯង​មែនពិត ដោយ​បន្ទប់​នេះ​មាន​អនុរក្ស​ពីរ​នាក់​ចាំ​ត្រូត​ពិនិត្យ​​មើល​ការ​ប្រលង”។

លោក​បាន​ឱ្យ​ដឹង​ថា ការ​ប្រលង​សញ្ញាបត្រមធ្យម​សិក្សា​ទុតិយភូមិ(បាក់ឌុប)​នៅ​ខេត្ត​កំពង់​ស្ពឺ​​ឆ្នាំ​នេះ​មាន​បេក្ខជន​ជាង ៤ពាន់​នាក់​ប្រលង​ ខណៈ​ទិដ្ឋភាព​ទូទៅ​នៃ​ការ​ប្រលង​មួយ​ព្រឹក​មក​នេះ គឺ​ដំណើរ​ការ​ទៅ​ដោយ​រលូន​​ទាំង​បញ្ហា​សន្តិសុខ​សណ្ដាប់​ និង​អាកាសធាតុ​គឺ​អំណោយ​ផល​ល្អ។  “មែនទែន​ទៅ​មាន​ម្នាក់​ដែរ ដែល​គាត់​វិល​មុខ​ ប៉ុន្តែ​អាច​ដំណើរ​ការ​បាន​ដោយ​សារ​យើង​បាន​សម្រួល​ឱ្យ​គាត់​អង្គុយ​ខាង​ក្រៅ​បន្ទប់ ​… អញ្ចឹង​ទាំង អាកាសធាតុ ទាំង​បេក្ខជន ​ទាំង​ការ​បំពេញ​ការងារ​របស់​គណៈមេប្រយោគ​ម៉ោង​ពេល​គឺ​ត្រឹមត្រូវ​ល្អ”។

  ឯកឧត្ដម​ វ៉ី សំណាង អភិបាល​ខេត្ត​កំពង់​ស្ពឺ​​​ ក្នុង​ពិធី​កាត់​ក្រដាស​វិញ្ញាសា​ប្រលង​​កាល​ពី​ព្រឹក​មិញ​បាន​អំពាវនាវ​ដល់​បេក្ខជន​ទាំង​អស់​គោរព​តាម​​ការ​ណែនាំ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ឲ្យ​បាន​ម៉ត់ចត់​បំផុត។ បន្ថែម​លើ​នេះ​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត ខ្ញុំ​និង​ផ្ដល់​ម៉ូតូ ចំនួន​មួយ​គ្រឿង ចំពោះ​ប្អូនៗ​ណា​ដែល​ទទួល​បាន​និទ្ទេស A៕

រូបថត៖ ACU

អត្ថបទ៖ សុផល

មតិយោបល់