• 2018-08-28 04:59:22
  • ព័ត៌មាន

កសិករ​បង្វែរស្ថានការណ៍​ពីទឹកលិចស្រូវ មក​បង្កើត​របររកចំណូល​

  • 2018-08-28 04:59:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កសិករ​ជា​ច្រើន​គ្រួសារ​នៅ​ឃុំគោកពោធិ៍​ ស្រុក​បុរីជលសារ​ ខេត្តតាកែវ​ នាំ​គ្នា​ចេញ​នេសាទ​ក្តាម​នៅ​តាម​បឹង​នានា​ក្បែរ​ភូមិ​ដើម្បី​លក់​ឲ្យ​ឈ្មួញ​កណ្តាល​ប្រមូល​លក់​បន្ត​ទៅ​ឈ្មួញ​​វៀតណាម​ ខណៈទឹក​បឹង​ឡើង​ធំលិចលង់​ដីស្រែអស់​មួយ​ចំនួន​។

(កសិករ​កំពុង​ប្រមូល​ឧបករណ៍លប​ដែលបាន​ដាក់​យក​ក្តាមសម្រាប់​លក់)

លោក​ខៀវ​ សំណាង ជា​អ្នក​ទទួល​ទិញ​ក្តាម​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​បាន​ប្រាប់​ Sabay​ថា​ប្រជាពល​រដ្ឋ​នៅ​តំបន់​ខាង​លើ​ភាគ​ច្រើន​នាំគ្នា​ប្រកប​របរ​នេសាទ​ដោយ​ប្រើឧបករណ៍​លប​ដាក់​ យក​ក្តាម​ដើម្បី​រក​ចំណូល​បន្ថែម​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​។

លោក​ថា​ក្នុង​មួយ​ថ្ងៃ​លោក​ទិញ​បាន​ក្តាម​ប្រមាណ​ជាង​២០០គីឡូក្រាម។ លោកថា​ក្តាម​នៅ​រដូវ​វស្សា​ងាយ​រកតែតម្លៃ​ត្រឹម​៤០០០​រៀល​ក្នុង​មួយគីឡូក្រាម សម្រាប់ក្តាមឈ្មោល និង​១០០០​រៀល​សម្រាប់​ក្តាម​ញី។ ចំណែក​នៅ​រដូវប្រាំងវិញ​លោក​ថា​ក្តាម​ឈ្មោល​បាន​ថ្លៃ​៨០០០​រៀល ឯក្តាម​ញីបាន​ថ្លៃ៤០០០​រៀល ក្នុង​មួយ​គីឡូក្រាម​ដូចគ្នា ដោយ​ថា​នៅ​រដូវប្រាំង​ក្តាម​សម្បូរខ្លាញ់ និងពិបាក​រកជាង​រដូវវស្សា​។​​​​

បើ​តាម​លោក​សំណាង ក្តាម​តូចៗ​វៀតណាម​យក​ទៅកិន​ច្នៃ​ធ្វើ​ចំណី​ត្រី​ស៊ី​ឆាប់​ធំធាត់​បានលឿន​ជាង​ចំណី​ផ្សេង​ទៀតដោយ​ឡែក​ចំពោះ​ក្តាមធំ​ៗនិង​ក្តាម​ឈ្មោល​ដង្កៀប​ធំយក​ទៅ​ធ្វើម្ហូប​នៅតាម​ហាង​អាហារ​នានា​។

(ដីស្រែនៅជុំវិញ​បឹង​មួយ​ចំនួន​បាន​លិចលង់​ដោយ​ទឹក​បឹង​ឡើង​ធំ)

ងាក​មក​លោក​ទឹម ទាប​កសិករ​វ័យ​៥៨ឆ្នាំ​នៅ​ភូមិ​ព្រៃ​មូល​ប្រាប់​ថា​ឆ្នាំ​នេះ​ទឹក​បឹង​ឡើង​ធំ​ជាង​បណ្តា​ឆ្នាំមុនៗ​ និងបាន​ធ្វើឲ្យ​លិចលង់​ដីស្រែ​មួយចំនួន​​នៅជិតៗបឹង។ លោក​ថា​ស្រែខ្លះមានស្រូវ​ជិត​ប្រមូល​ផល និង​ខ្លះ​មិនទាន់​នៅឡើយ។

ទោះយ៉ាងណា​លោក​ថា​ទឹក​លិចនេះ​ក៏បាន​បង្កើត​មុខរបរ​ដល់​កសិករ​ដែរ ដោយ​ការ​ដាក់​លប​យក​ក្តាម​លក់។ លោក​ថាមុខ​របរដាក់​លប​យក​ក្តាម​របស់​លោក​ហាក់បី​ដូច​គ្រាន់​បើដែរ​ដោយ​ថាក្នុង​មួយ​យប់​លោក​ទទួល​បាន​ក្តាម​ប្រមាណ​ជា​២០​ទៅ៣០​គីឡូក្រាម​។

បុរស​វ័យ​កណ្តាល​រូប​នេះ​បន្ត​ថា​លោក​មាន​ទូកមួយ​និង​លប​ជាង​២០០​ដាក់​យក​ក្តាម​ដោយ​ប្រើនុយ​ខ្យង​ដំឲ្យហ្មត់​ដាក់​ចូល​ក្នុង​លប​។ លោក​បន្ត​ថា​៖«ដាក់​លប​ពេល​ព្រឹក​ស្អែក​ឡើង​ដើប្រមូល​ក្នុង​១ថ្ងៃៗ​ខ្ញុំចំណាយ​ពេល​ស្ទើ​រតែ១០​ម៉ោង​ក្នុង​បឹង​ក្នុង​ជម្រៅ​ទឹក​២ម៉ែត្រ​...ព្រោះ​តែគ្មាន​មុខរបរ​អ្វីផ្សេង​ហើយ​កម្រៃ​ទទួល​បាន​ចន្លោះ​ពីបួន​ទៅប្រាំម៉ឺន​រៀលប៉ុណ្ណោះ​ហើយបើ​សិន​ជា​ដាក់​ដល់​ទឹក​ជម្រៅ៣ម៉ែត្រ...​រិត​តែសម្បូរ​ក្តាម​ច្រើន​តែប្រឈម​គ្រោះ​ថ្នាក់​បន្តិច​»។

ចំណែក​លោក​អ៊ុន​ ឈួន វ័យ​៥៦​ឆ្នាំ​ បាន​ឲ្យ​ដឹង​ថ្វីបើ​តម្លៃក្តាម​ពុំ​សូវជា​បាន​ថ្លៃ​​ក៏ដោយ​ក៏ការ​ងារ​នេះ​អាច​ជួយ​សម្រួល​ជីវភាព​គ្រួសារ​បាន​មួយ​កម្រិតដែរ៕

អត្ថបទដោយ៖ ជិន វេន

មតិយោបល់