• 2018-08-28 08:30:00
  • សុខភាព

អានហើយ អាណិតអ្នកម្តាយ! ហេតុផល៥នេះ ធ្វើឲ្យស្រ្តីមានកូនហើយ មិនសូវស្អាត តែហ៊ានលះបង់គ្មានស្តាយ

  • 2018-08-28 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​មាន​ផ្ទៃពោះ ស្ត្រី​គ្រប់​រូប​បាន​លះ​បង់​យ៉ាង​ច្រើន​ មុន​បានផ្ដល់​កំណើត​ដល់​កូន​ៗ ជា​ទី​ស្រលាញ់​ មក​កាន់​ពិភពលោក​ដ៏​ស្រស់​ស្អាត។ វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សម្ភព បាន​ប្រាប់​ថា ៥ចំណុច នៃ​សម្រស់​ ដែល​ស្ត្រី​បាន​បាត់បង់ តាំង​ពី​ពេល​មាន​ផ្ទៃពោះ​។ ជាទូទៅ ចំណុច​ដែលបាន​បាត់បង់​ទាំងនោះ គឺ​មិន​ងាយ​វិល​ត្រលប់​មក​សភាព​ដើម​វិញ ដូច​កាល​មិន​ទាន់​មាន​កូន​ឡើយ។ ​

ក្នុង​កិច្ច​សម្ភាស​ជាមួយ Sabay វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មាតា បាន​ប្រាប់​ថា ជា​ការ​ពិត​ សម្រស់​គឺ​ជា​រឿង​ដែល​ស្ត្រី​ស្រលាញ់ និង​ខ្វល់ខ្វាយ​បំផុត។ ដោយឡែក នៅ​ពេល​មាន​កូន ស្ត្រី​តែង​ជួប​ប្រទះ និង​ប្រឈម នឹង​បញ្ហា​បង់​វាសឹង​តែ​ទាំង​ស្រុង រាប់​ពី​ពេល​ចាប់មាន​ផ្ទៃពោះ​មក​ម្ល៉េះ។ ​

១. ស្បែក​ខ្មៅ​ស្រអាប់

វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ពន្យល់​ថា ច្បាស់​ណាស់ នេះ​ជា​ចំណុច​ដែល​ស្ត្រី​ សឹង​តែ​គ្រប់​រូប​ហើយ តែង​ជួប ។​ ទោះ​បីចង់​មិន​ចង់ គឺ​ស្ត្រី​មាន​ពេល​មាន​ទម្ងន់​កូន គឺ​ស្បែក​មិន​សូវ​ជា​ស្អាត​ទេ។ មូលហេតុ​គឺ ដោយសារ​តែ​ការ​ប្រែប្រួល នៃ​កត្តា​អ័រម៉ូន ក្នុង​ខ្លួន​ខុស​ពី​ធម្មតា ហើយបង្ហាញ​ចេញ​មក​ក្រៅ​តាម​រយៈ ​ រោគ​សញ្ញា​វិល​មុខ ញឹកញាប់ និង​ការ​គេង​មិន​សូវ​លក់​ស្រួល​ ។

រូបតំណាង

មួយ​វិញ​ទៀត ស្ត្រី​ភាគ​ច្រើន ងាយ​ប្រឈម​នឹង ការ​ចាញ់​កូន។ ​ស្ត្រី​ខ្លះ​ចាញ់​កូន​កម្រិត​តិចតួច រីឯ​អ្នក​ខ្លះ ធ្វើ​ទុក​ចាញ់​ខ្លាំង រហូត​ដល់​ដាក់​ចំណី​ចូល​មិន​បាន​ គឺ​ប្រឈម​នឹង​ក្អួត បង្អោរ។ នេះ​ហើយ​ សុទ្ធ​តែ​ជា​ដើមហេតុ នៃ​ការ​បាត់បង់​ ពណ៌​ស្បែក​ស្អាត ព្រោះ​គេង​ក៏​មិន​គ្រប់ ហូប​អាហារ​ក៏​មិន​ឆ្ងាញ់ ដែល​អ្នក​ម្ដាយ​បាន​ឆ្លងកាត់ ទម្រាំ​ផុត​ដំណាក់កាល​តាំងពី​ពេល​ពពោះ​កូន​មក។

២. ឡើង​សង្វារ​លើ​ស្បែក

សង្វារ​ជា​ស្នាម​ឆ្នូត​ពណ៌​ស ក្រហម ឬ​ខ្មៅ​ ទៅ​តាម​ប្រភេទ​ស្បែក​នីមួយៗ។ ប្រសិន​បើ​មិន​បាន​លាប​ក្រេម​ការពារ​សង្វារ​ទេ វា​នឹង​ផ្ដើម​ចេញ មក​ចាប់​ពី​ចន្លោះ ត្រីមាស​ទី១​មក ​មាន​ន័យ​ថា ស្ត្រី​ខ្លះ​អាច​ឆាប់​បែក​សង្វារ​តាំង​ពី​ពេល​មាន​ផ្ទៃ​ពោះ​ បាន​ជាង​ ៣ខែ​មក។ ស្ថានភាព​សុខភាព ពី​ស្ត្រី​ម្នាក់ ទៅ​ម្នាក់ មាន​បញ្ហា​សង្វារ ​ខុស​ៗ​គ្នា។ សង្វារ​ខ្លះ​វា​មាន​តិចតួច មិន​មាន​បញ្ហា​ទេ។ ប៉ុន្តែ​ស្ត្រី​ខ្លះ កើត​មាន​ច្រើន​កន្លែង ទំហំ​ក៏ធំ​ៗ ពាសពេញ​ដង​ខ្លួន ហាក់​ដូច​ស្បែក​ខ្លា ដាម​ប្រតាក​ លើ​ស្បែក​ គួរ​ឲ្យ​ខ្លាច ជាពិសេស​ត្រង់​គល់​ភ្លៅ ពោះ និង​កន្លែង​ឯកជន​ផ្សេង​ទៀត។

រូបតំណាង

វេជ្ជបណ្ឌិត​បញ្ជាក់​ថា សង្វារ​បើ​បាន​ចេញ​លើ​ស្បែក​ហើយ គឺ​មិន​ងាយ​បាត់​ទៅវិញ ងាយ​ៗ​ទេ។ សង្វារ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ខូច​ស្បែក​ ពេល​មាន​ផ្ទៃពោះ​ទេ​​ ប៉ុន្តែ​វា​ក៏​បាន​ធ្វើ​ឲ្យ​ស្ត្រី​ពិបាក​ចិត្ត​ ក្រោយ​សម្រាល ពិសេស​ពេល​ស្លៀក​ពាក់​ខោអាវ​វាល​ៗ​ ចេញ​សាច់។ បញ្ហា​នេះ បាន​ជះ​ឥទ្ធិពល​ ដែល​ជំរុញ​ឲ្យ​ស្ត្រី​ខ្លះ បាន​ចំណាយ​លុយ ខ្ទង់​ពាន់​ដុល្លារ ទៅ​ក្រៅ​ប្រទេស ដើម្បី​ព្យាបាល​ឲ្យ​បាត់​សង្វារ តែ​វា​មិន​​អាច​បាត់​ទាំង​ស្រុង​ទេ។

៣. ឡើង​គីឡូ​ខ្លាំង

ចំពោះ​ស្ត្រី​ដែល​ញ៉ាំ​បាន ញ៉ាំ​ឆ្ងាញ់ ពេល​មាន​ផ្ទៃពោះ ស្ត្រី​តែង​ឃ្លាន​ខ្លាំង​ជាង​ធម្មតា ព្រោះ​តម្រូវ​ការ​របស់​ទារក​ក្នុង​ផ្ទៃ។ យើង​ធម្មតា ញ៉ាំ​អាហារ​ តែ៣ ឬ​៤ដង​យ៉ាង​ច្រើន ប៉ុន្តែ​សម្រាប់​អ្នកម្ដាយ​តែង​ញ៉ាំ ចន្លោះ​ពី ៥ ទៅ១០ ដង ក្នុង​១ថ្ងៃ។ អាស្រ័យហេតុនេះ ស្ត្រី​មាន​ផ្ទៃពោះ ប្រឈម​នឹង​ឡើង​គីឡូ​គំហុក ជាង​ស្ត្រី​ធម្មតា។

រូបតំណាង

យើង​សង្កេត​ឃើញ​ថា ស្ត្រី​ខ្លះ​បាន​កើន​ទម្ងន់​ចន្លោះ ពី​១០ ទៅ២០ គីឡូ​ពេល​មាន​កូន​ម្ដង​។ មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ នៅ​ពេល​ដែល​គីឡូ​បាន​ឡើង ហើយ​ រួច​ចង់​ឲ្យ​វា​ស្រក​ដូច​ដើម​វិញ​នោះ។ ស្ត្រី​ខ្លះ ​ក៏​បាន​ស្រក​វិញ​ខ្លះ រីឯ​ស្ត្រី​ខ្លះ គឺ​មិន​បាន​ស្រក​ស្រុត​គីឡូ​ទេ មាន​តែ​ឡើង​ថែម​ទៅ​មុខ​ទៀត។

៤. ស្បែក​ពោះ​ឡើង​ក្រាស់

ទោះ​ក្រោយ​សម្រាល​កូន​ហើយ មនុស្ស​ស្រី​ភាគ​ច្រើន គឺ​ប្រឈម​នឹង ការ​សល់​ស្បែក​ពោះ​ក្រាស់។ អ្នក​ខ្លះ តែង​និយាយ​លេង​ថា ទោះ​សម្រាល​កូន​ហើយ តែ​ដូច​នៅ​សល់​ កូន​១​ទៀត ព្រោះ​ពោះ​ដូច​អត់​ស្រក​អី​បន្តិច។

សូម​បញ្ជាក់​ថា នៅ​ក្នុង​អត្ថបទ​សុខភាព​ភាគ​បន្ទាប់ Sabay នឹង​ជូន​គន្លឹះ​ងាយ​ៗ​គួរ​យល់​ដឹង និង​ដំណោះស្រាយ​បញ្ហា​ខាងលើ ដើម្បី​ជួយ​ឲ្យ​ស្ត្រី​អាច​មាន​សម្រស់​ស្រស់​ស្អាត​ឡើង​វិញ។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់