• 2018-08-29 04:29:02
  • ព័ត៌មាន

នារីវ័យក្មេង ជិះស្គីជិត១ម៉ឺនគីឡូដី រៃអង្គាសលុយសម្រាប់ក្មេងៗរៀនសូត្រនៅកេនយ៉ា

  • 2018-08-29 04:29:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​វ័យ​២៣ឆ្នាំ​ម្នាក់ បាន​ជិះ​ស្គី​ជុំវិញ​សហរដ្ឋអាមេរិក ដោយ​គ្មាន​លុយ , អាហារ និង ទឹក ជាប់​ខ្លួន​ឡើយ ដោយ​ពឹងផ្អែក​លើ​សន្តាន​ចិត្ត​ល្អ​របស់​អ្នក​ដទៃ។

នាង Yanise Ho

នាង Yanise Ho ដែល​មក​ពី​ទីក្រុង​ហុងកុង បាន​ចាប់​អារម្មណ៍​លើ​ការ​ធ្វើដំណើរ​ផ្សង​ព្រេង បន្ទាប់​ពី​បាន​ទៅ​លេង​ប្រទេស​នូវែលហ្សេឡង់ កាល​ពី​អាយុ​១៥ឆ្នាំ។ បន្ទាប់មក នៅ​អាយុ​១៦ឆ្នាំ នាង​បាន​ទៅ​រៀន​នៅ​ទីក្រុង Rome ប្រទេស​អ៊ីតាលី , ចូល​រៀន​មហាវិទ្យាល័យ​នៅ​ទីក្រុង Washington នៅ​អាយុ​១៧ឆ្នាំ , ផ្លាស់​ទៅ​រស់​នៅ​រដ្ឋ California នៅ​អាយុ​១៨ឆ្នាំ និង​ត្រលប់​មក​រស់​នៅ​អាមេរិក​កណ្ដាល និង​អឺរ៉ុប​នៅ​អាយុ ២០ឆ្នាំ។

នៅ​ក្នុង​ឆ្នាំ២០១៦ នាង Ho បាន​ជិះ​ស្គី​ពី​ទីក្រុង Savannah រដ្ឋ Georgia ទៅ​កាន់​ទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក ហើយ​បាន​រក​ឃើញ​គម្រោង​មួយ​ហៅ​ថា «The Bladress Scholarship» តាមរយៈ​អង្គការ One Girl Can។

បច្ចុប្បន្ន​នេះ នាង​កំពុង​ធ្វើ​ដំណើរ​ពី​ទីក្រុង Miami ទៅ​កាន់ រដ្ឋ Los Angeles ដែល​មាន​ចម្ងាយ​សរុប​ជាង ៩ ០០០គីឡូម៉ែត្រ ដើម្បី​រៃអង្គាស​លុយ​សម្រាប់​ការ​សិក្សា​រៀន​សូត្រ​របស់​ក្មេង​ស្រី នៅ​ក្នុង​ប្រទេស​កេនយ៉ា។

«ការ​ធ្វើ​ដំណើរ​របស់​ខ្ញុំ ត្រូវ​បាន​បំផុស​គំនិត​ឡើង ដើម្បី​ផ្ដល់​អំណាច​ដល់​ក្មេង​ស្រី​នៅ​ទូទាំង​ពិភពលោក។ មូលនិធិ​ទាំង​អស់​នឹង​ត្រូវ​បរិច្ចាគ​ដល់​អង្គការ One Girl Can ដើម្បី​ផ្ដល់​ឲ្យ​ក្មេង​ស្រី​ដែល​កំពុង​រស់​នៅ​ក្នុង​ភាព​ក្រីក្រ​នៃ​ប្រទេស​កេនយ៉ា​បាន​រៀន​សូត្រ»។ នេះ​បើ​តាម​សម្តី​នាង Ho។

នារី​វ័យ​ក្មេង​រូប​នេះ​បាន​បន្ថែម​ទៀត​ថា «ការអប់រំ គឺ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​បញ្ចប់​ភាព​ក្រីក្រ , អាពាហ៍ពិពាហ៍​កុមារ និង វិសមភាព​យេនឌ័រ។ សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ វា​ផ្ដល់​ឱកាស​ដល់​ក្មេង​ស្រី​ក្នុង​ការ​ឈាន​ដល់​សក្ដានុពល​ពេញលេញ​របស់​ពួកគេ និង​ចាប់​យក​ជីវិត​ដែល​ពួកគេ​ជ្រើស​រើស»។

គួរ​បញ្ជាក់​ថា នាង Ho បាន​ធ្វើ​ដំណើរ​ប្រមាណ ៥០គីឡូម៉ែត្រ​ក្នុង​មួយ​ថ្ងៃ។ មក​ទល់​នឹង​ពេល​នេះ នាង​ប្រមូល​បាន​លុយ​ចំនួន ១២ ០០០ដុល្លារ និង​សង្ឃឹម​ថា​អាច​ប្រមូល​បាន​សរុប ៦០ ០០០ដុល្លារ៕

ចុច​អាន៖

ប្រភព៖ nextshark ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់