- 2018-09-06 08:00:06
- សេដ្ឋកិច្ច
មន្ត្រី៖ យុវជនត្រូវដុសខាត់សមត្ថភាពបន្ថែមទៀតដើម្បីងាយស្រួលរក និងរក្សាការងារ
- 2018-09-06 08:00:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្ត្រី៖ យុវជនត្រូវដុសខាត់សមត្ថភាពបន្ថែមទៀតដើម្បីងាយស្រួលរក និងរក្សាការងារ
ចន្លោះមិនឃើញ
មន្ត្រីជំនាញឲ្យដឹងថាយុវជនមានភាពសកម្មក្នុងការរកការងារធ្វើ តែថាត្រូវដុសខាត់សមត្ថភាពបន្ថែមទៀតដើម្បីងាយបានទទួលការងារ និងរក្សាការងារឲ្យបានល្អ ខណៈចំនួនអ្នកជាប់បានការងារតាមការកត់ត្រារបស់អង្គភាពជំនាញមានតិចជាង៥០ភាគរយនៃឱកាសការងារដែលមានប្រចាំខែ។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយ Sabay កាលពីម្សិលមិញ ឯកឧត្តម ហៃ ហ៊ុនឡេង អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ លើកឡើងថា តាមរយៈកម្មវិធីសម្ភាសន៍ការងារប្រចាំខែ អ្នករកការងារចន្លោះពី២៥ ទៅ៣០ភាគរយប៉ុណ្ណោះបានទទួលការងារពីកម្មវិធីនេះ។
ជារៀងរាល់ខែទីភ្នាក់ងារជាតិមុខរបរ និងការងារ មានរៀបចំកម្មវិធីសម្ភាសន៍ការងារដោយមានក្រុមហ៊ុនផ្សេងៗចូលរួមជ្រើសរើសបុគ្គលិក ហើយអ្នករកការងារអាចយកឯកសារពាក់ព័ន្ធដើម្បីចូលសម្ភាសន៍ផ្ទាល់។
តាមរយៈកម្មវិធីនេះឯកឧត្តម ហៃ ហ៊ុនឡេង បានកត់សម្គាល់ថា៖ «បានន័យថាក្នុងចំណោមអ្នករកការងារ១០០នាក់យើងអាចជាប់ពិតប្រាកដ ឬក្រុមហ៊ុនអាចទទួលយកបានប្រហែលជា៣០នាក់ អ៊ីចឹងបានន័យថាអ្នក៧០នាក់ផ្សេងទៀតគាត់មិនទាន់បំពេញតម្រូវការរបស់ក្រុមហ៊ុនសហគ្រាសទេ»។
មូលហេតុដែលនាំឲ្យចំនួនអ្នករកការងារធ្វើជាប់បានការងារតិចជាងឱកាសដែលមាននេះ មន្ត្រីជំនាញខាងលើលើកឡើងថាទំនងជាមកពីកត្តាសំខាន់មួយចំនួន ដូជាទីមួយបុគ្គលខ្លួនឯងមិនទាន់មានជំនាញស៊ីគ្នានឹងអ្វីដែលអ្នកជ្រើសរើសចង់បាន ទីពីរអាចថាមានជំនាញត្រូវហើយតែខ្វះបទពិសោធន៍ការងារ មិនធ្លាប់ធ្វើការពីមុនសោះក៏មាន។ សម្រាប់កត្តាមួយទៀតឯកឧត្តមថាអាចមកពីមិនទាន់ចេះរៀបចំខ្លួនសម្រាប់ឆ្លើយសំណួរ ឬបង្ហាញពីខ្លួនឯងឲ្យនិយោជកចាប់អារម្មណ៍។
ឯកឧត្តមបន្ថែមថានៅកម្ពុជាមានយុវជនហក់ចូលទីផ្សារការងារប្រហែលបីសែននាក់ក្នុងមួយឆ្នាំ ដោយថាអ្នកខ្លះកំពុងបន្តកាសិក្សា អ្នកខ្លះធ្វើអាជីវកម្មផ្ទាល់ខ្លួន និងខ្លះចូលធ្វើការភ្លាមតែម្តង។ សម្រាប់កម្លាំងពលកម្ម និងឱកាសការងារឯកឧត្តមថាមានច្រើនដូចគ្នា តែអ្វីដែលមិនស៊ីគ្នាគឺគម្លាតកង្វះជំនាញនៅក្នុងទីផ្សារ។
ឯកឧត្តមបន្តថា៖ «យើងឃើញថាអ្វីដែលមិនទាន់អាចឆ្លើយតបគ្នាគឺថាកម្រិតសមត្ថភាព គុណវុឌ្ឍ ជំនាញ ដែលទីផ្សារការងារចង់បាន...ន័យបច្ចេកទេសហៅថាគម្លាតនូវជំនាញ កង្វះនៃជំនាញនៅក្នុងទីផ្សារ...យើងមានការងារយើងមានមនុស្ស តែជំនាញ និងតម្រូវការទីផ្សារអត់ទាន់ឆ្លើយតបឲ្យគ្នាទៅវិញទៅមក»។
ឯកឧត្តមឲ្យដឹងទៀតថាចំនួនអ្នកបញ្ចប់ការសិក្សាលើជំនាញវិទ្យាសាស្រ្តសង្គម ភាសាបរទស ធុរកិច្ច ឬសេដ្ឋកិច្ចច្រើនជាងអ្នកបញ្ចប់ការសិក្សាលើផ្នែកបច្ចេកទេស វិស្វកម្ម អេឡិចត្រូនិច និងមេកានិចទៅវិញ ដែលថាជំនាញទាំងនេះកំពុងមានតម្រូវការក្នុងទីផ្សារការងារ។
ត្រង់ចំណុចនេះមានការលើកឡើងដែរថាអ្នកទទួលបានការអប់រំ ឬបណ្តុះបណ្តាលហើយតែបែរជាមិនសូវមានគុណភាពក្នុងការបំពេញការងារទៅវិញ។ របាយការណ៍មួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយកាលឆ្នាំ២០១៥ លើកឡើងថាកម្លាំងពលកម្មនៅកម្ពុជាជាមនុស្សវ័យក្មេង ប៉ុន្តែហាក់ទទួលបានការបណ្តុះបណ្តាលើជំនាញតិចតួច។ ការសិក្សាបង្ហាញថាយុវជន៤នាក់ក្នុងចំណោម១០នាក់បានទទួលការអប់រំមិនពេញលេញដើម្បីបំពេញការងាររបស់ខ្លួនឲ្យបានល្អ។
ងាកមកស្ថាប័នស្រាវជ្រាវផ្នែកសេដ្ឋកិច្ចអន្តរជាតិមួយហៅកាត់ថាOECD កាលពីឆ្នាំ២០១៣ បានលើកឡើងដែរថាកម្ពុជាត្រូវពង្រឹងផលិតភាពវិស័យកសិកម្ម និងការនាំចេញ។
វិស័យកសិកម្មពិតជាមានសារៈសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ វិស័យមួយនេះបានរួមចំណែកផ្តល់ការងារដល់ប្រជាពលរដ្ឋប្រហែលពាក់កណ្តាលនៃអ្នកពេញកម្លាំងធ្វើការងារ ហើយវិស័យនេះ ជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋក្រីក្រ ដែលមានប្រហែល១០ភាគរយនៃប្រជាជនសរុប។ នេះបើតាមប្រភពដដែល។
ប៉ុន្តែក្នុងរបាយការណ៍ស្ទង់មតិឆ្នាំ២០១៥ របស់ទីភ្នាក់ងារជាតិមុខរបរនិងការងារ បង្ហាញថានិស្សិតបញ្ជាប់ការសិក្សានិងប្រលូកក្នុងទីផ្សារការងារមានចំនួនពី២៩ ៥០០នាក់ទៅ៣៣ ០០០នាក់ក្នុងមួយឆ្នាំៗ ហើយអ្នកជ្រើសរើសមុខវិជ្ជាកសិកម្មមាន៤ភាគរយប៉ុណ្ណោះ។ សម្រាប់ឯកឧត្តម ហៃ ហ៊ុនឡេង ក្រៅពីជំនាញបច្ចេកទេស ឬជំនាញជាក់លាក់ណាមួយដែលខ្លួនកំពុងមានអ្នករកការងារធ្វើ ឬអ្នកកំពុងសិក្សាត្រូវមានជំនាញទន់ផងដែរ ដូចជាជំនាញភាសាបរទេស ជំនាញទំនាក់ទំនង ជំនាញរៀបចំផែនការ និងការចេះធ្វើការជាក្រុមជាដើម។ អ្វីទាំងនេះជាតម្រូវការដែលនិយោជក់ចង់បាន ហើយថាជាកត្តាជួយឲ្យអ្នករកការងារធ្វើឆាប់បានការងារ និងអាចរក្សាការងារបាន។ ឯកឧត្តមបន្ថែម។
ទាក់ទងនឹងជំនាញនេះក្រសួងអប់រំបានសរសេរនៅលើគេហទំព័ររបស់ខ្លួនដែរថាចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ មានសិស្សចុះឈ្មោះចូលរៀននៅថ្នាក់ឧត្តមសិក្សាចំនួន២០៧ ០០០នាក់។ ក្រសួងបានលើកឡើងថាបញ្ហាចម្បងរបស់អ្នកសិក្សាគឺការរើសមុខជ្ជាសិក្សាមិនត្រូវតាមតម្រូវការទីផ្សារ ខ្វះខាតសមត្ថភាពក្នុងការគិតបែបស៊ីជម្រៅ និងជំនាញដែលត្រូវនឹងតម្រូវការទីផ្សារ៕