• 2018-09-07 04:04:37
  • ព័ត៌មាន

តោះ! ជុំគ្នាជួយសម្អាតទីក្រុងយើងក្នុង«ទិវាសំអាតពិភពលោក» ដំបូងបង្អស់នៅកម្ពុជា

  • 2018-09-07 04:04:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត​«ទិវា​សំអាត​ពិភពលោក» ត្រូវ​បាន​ប្រារព្ធ​ជា​ផ្លូវ​ការ​ហើយ​នៅ​កម្ពុជា ដែល​នឹង​​ធ្វើ​ស្របគ្នា​ជាមួយ​ប្រទេស​ឯ​ទៀត​ទូទាំង​ពិភពលោក នៅ​ព្រឹក​ ថ្ងៃ​ទី ១៥ កញ្ញា ចាប់​ពី​ម៉ោង ៦ ដល់ ម៉ោង​១១ព្រឹក ដោយ​ចំណុច​ជួប​ជុំ​គឺ​នៅ​មុខ​ក្រសួង​បរិស្ថាន។ ព្រឹត្តិការណ៍​បរិស្ថាន​ពិភពលោក​នេះ​រៀប​ចំ​ជា​លើក​ដំបូង​នៅ​កម្ពុជា ដោយ​​ក្រសួងបរិស្ថាន សហការ​ជាមួយ​អង្គការ GoGreen និងLet's Do It។

យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​បរិស្ថាន​កម្ពុជា ​នៅ​ឆ្នាំ​២០១៧ បាន​ឲ្យដឹង​​​ បាន​ចាក់ចោល​សំរាម​ប្រមាណ ១.៤២លានតោន ហើយ​ ៦០% គ្រប់​គ្រង​មិន​បាន​ត្រឹមត្រូវ ក្នុង​នោះ​១៥.៧៤% ជា​ប្លាស្ទិក​ដែល​អាច​កប់​ទៅ​ក្នុង​ដី​ និង​ចូល​ទៅ​ក្នុង​ទឹក។

ឥលូវ​នេះ«ទិវា​សំអាត​ពិភពលោក​កម្ពុជា» កំពុង​ស្វះ​ស្វែង​អំពាវ​នាវ​ឲ្យ​អ្នក​ចូលរួម​ឲ្យ​បាន​ច្រើន​បំផុត មក​ពី​វិស័យ​ផ្សេង​ៗ ​គ្នា​នៅ​ក្នុង​ខេត្ត​ក្រុង​ទាំង ២៥ទូទាំងប្រទេស ដើម្បី​ធ្វើ​សកម្មភាព​រួម​គ្នា​ក្នុង​រយៈពេល ១​ថ្ងៃនេះ​ដើម្បី​ស្មារតី​ស្រលាញ់​បរិស្ថាន។

«ឱកាស​នេះ​មិន​ត្រឹម​តែ​ដើម្បី​សម្អាត​ទីក្រុង​យើង​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​សកម្មភាព​មួយ​លើ​ស្ទួយ​ស្មារតី​ស្រលាញ់ និង​យក​ចិត្ត​ទុកដាក់​ចំពោះ​បរិស្ថាន​យើង ព្រោះ​ជួន​ការ​យើង​មាន​ទឹក​ចិត្ត​ យើង​ចង់​ឲ្យ​បរិស្ថាន​យើង​ស្អាត​ តែ​គ្រាន់​តែ​មិន​មាន​ឱកាស​ចូល​រួម​សម្អាត​ទីក្រុង​យើង​ប៉ុណ្ណោះ។ ដូច្នេះ​ឥលូវ​នេះ​យើង​មាន​ឱកាស​ហើយ ​ខ្ញុំ​សង្ឃឹម​ថា​បង​ប្អូន​គ្រប់​វ័យ និង​គ្រប់​ស្រទាប់​វណ្ណៈ​ចូល​រួម​ឲ្យ​បាន​ច្រើន»។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក វ៉េង រចនា ប្រធាន​ផ្នែក​ទំនាក់​ទំនង​ នៃក្រុមហ៊ុន Sabay ដែល​ជា​ដៃ​គូ​សហការ​រៀបចំ​កម្មវិធី​នេះ។​

«គ្រាន់​តែ​លះ​បង់ ៥ម៉ោង​នៃ​ពេល​វេលា​របស់​អ្នក នៅ​ព្រឹក​ថ្ងៃសៅរ៍​ទី ១៥ កញ្ញា ដើរ​រើស​សំរាម ជួយ​សំអាត​ទីក្រុង​យើង ជុំ​គ្នា​ជាមួយ​បងប្អូន​ខ្មែរ​យើង​ជា​ច្រើន​នាក់​ទៀត​ក្នុង​បរិយាកាស​សប្បាយ​ៗ យើង​នឹង​បាន​ទីក្រុង​​ស្អាត ហើយ​ប្រជាជន​ក៏​កាន់​តែ​មាន​សុខភាព​ល្អ​ដែរ»។ លោក​អំពាវនាវ​បន្ថែម។

World Cleanup Days ជា​ចលនា​សកល​មួយ​ដែល​​​ផ្សារភ្ជាប់​មនុស្ស​ និង​បរិស្ថាន​នេះ ​ធ្វើ​ឡើង​ក្នុង​គោលដៅ​ធ្វើ​ឲ្យ​ពិភពលោក​ស្អាត​គ្មាន​សំរាម។ ទិវា​នេះ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​នៅ ១៥០ប្រទេស ជុំវិញ​ពិភព​លោក ដែល​មាន​មនុស្ស​ចូល​រួម​ប្រហែល ៣៨០​លាន​នាក់ ស្មើ​នឹង​៥% នៃ​ប្រជាជន​សរុប​ទូទាំង​ពិភពលោក ដោយ​ពួកគេ​បាន​ចូល​រួម​សម្អាត កន្លែង​ធ្វើការ គ្រឹះស្ថាន​សិក្សា និង ទី​សាធារណៈ​។

ទិវា​នេះ​ត្រូវ​បាន​លេច​ឡើង​ឆ្លើយ​តប​នឹង​ការ​កើន​ឡើង​នូវ​ការ​​បោះ​ចោល​សំរាម​ប្រមាណ ៤ពាន់​លាន​តោន​នៅ​លើ​ផែនដី ក្នុង​នោះ​មាន​ប្លាស្ទិក ជាង ៨លានតោន ត្រូវ​បាន​ចាក់​ចូល​ទៅ​ក្នុង​សមុទ្រ​ ជា​រៀងរាល់​ឆ្នាំ​។ ការ​បោះចោល​សំរាម​មិន​បាន​ត្រឹមត្រូវ​ មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​ខូច​បរិស្ថាន​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​បាន​បំផ្លាញ​នូវ​ធនធាន​សម្រាប់​ចិញ្ចឹម​មនុស្ស​លើ​ភពផែន​ដី​ផង​ដែរ។

ចាប់​អារម្មណ៍​ចូល​រួម​ជាមួយ​យើង​ទេ? សូម​ចុះ​ឈ្មោះ​ឥលូវ​នេះ នៅទីនេះ ព័ត៌មាន​បន្ថែម​សូម​ចូលទៅផេក World Clean Up Day Cambodia

អត្ថបទ៖ ដេត លីដា

មតិយោបល់