• 2018-09-07 10:32:02
  • ស្នេហា

ស្រីៗគ្មានថ្ងៃយល់ចំណុចទាំងនេះរបស់មនុស្សប្រុស ហើយចេះតែចោទប្រកាន់ទាំងទទឹងទិស

  • 2018-09-07 10:32:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានរឿងជាច្រើនដែល​មនុស្សស្រីតែងយល់ខុសលើមនុស្សប្រុស ហើយតែងតែចោទប្រកាន់ឈ្លោះរករឿង ហើយពេលខ្លះគេក៏ចេះហត់នឿយ និងតាមយល់ពីមនុស្សស្រីដូចគ្នា។ មនុស្សប្រុស តែងតែត្រូវបានគេលើកមកនិយាយពីរឿងស្នេហាច្រើនជាងមនុស្សស្រី ជាពិសេសគឺចំណុចអាក្រក់ៗរបស់គេ តែអារម្មណ៍ពិតរបស់គេមានមនុស្សតិចណាស់ដែលយល់ច្បាស់។ ខាងក្រោមនេះធាតុពិតរបស់បុរសៗ ដែលនារីភាគច្រើនគ្មានថ្ងៃយល់៖

១. សារធាតុ​ពិត​ប្រាកដ​របស់​មនុស្ស​ប្រុស​​គឺ​មិន​សូវ​ចេះ​ផ្អែមល្ហែម

នារី​ភាគ​ច្រើន​តែង​ប្រាថ្នា​ចង់​បុរស​ម្នាក់​ដែល​ល្អ​ឥត​ខ្ចោះ​ដូច​ក្នុង​ភាព​យន្ត តែ​ត្រូវ​ដឹង​​ថា ជីវិត​ពិត គឺ​មិន​មែន​ជា​ការ​សម្ដែង​ឡើយ គឺ​ត្រូវ​ឆ្លង​កាត់​ការ​ប្រឈម​មុខ​ដាក់​គ្នា​រាប់​ជំពូក។ បុរស​ដែល​មិន​ចេះ​ធ្វើ​ក្នក់ក្នាញ់​មិន​មែន​មាន​ន័យ​ថា​គេ​មិន​ស្រលាញ់​ដៃ​គូ​របស់​គេ​ឡើយ តែ​សារធាតុ​ពិត​របស់​មនុស្ស​ប្រុស​សឹង​តែ​គ្រប់​គ្នា​គឺ​តែង​តែ​បែប​នេះ។ មនុស្ស​ស្រី​ដែល​មិន​យល់​ពី​បុរស តែង​កត់​សម្គាល់​ចំណុច​នេះ ហើយ​ចោទ​ថា គេ​មិន​បាន​ស្រលាញ់​នាង​ឡើយ។ តែ​ផ្ទុយ​មក​វិញ​នារី​ៗ​មិន​គួរ​យក​ចំណុច​នេះ​មក​អា​កាត់​សេចក្ដី​នោះ​ទេ គួរ​មើល​លើ​ទង្វើ​របស់​គូស្នេហ៍​វិញ ទើប​អាច​យល់​ពី​ជម្រៅ​ចិត្ត​ដែល​គេ​មាន​ចំពោះ​នាង​មាន​ទំហំ​ប៉ុណ្ណា។

២. គេ​មិន​សូវ​មាន​ពេល​វេលា​សម្រាប់​នាង មិន​មែន​មាន​ន័យ​គេ​ទុក​នាង​ចោល​ឡើយ

គ្រប់​ពេល​ដែល​មនុស្ស​ប្រុស​ទទួល​ពាក្យ​សម្ដី​ថា «បង​មិន​ស្រលាញ់​អូន​ទេ បង​ឯង​គិត​តែ​រឿង​ការងារ បង​ឯង​ទុក​អូន​ចោល» គឺ​សុទ្ធ​តែ​ជា​ឃ្លា​មក​វាយ​ប្រហារ​បេះ​ដូង​របស់​គេ​ឲ្យ​ខ្ទេចខ្ទាំ។ តាម​ពិត​អារម្មណ៍​បែប​នេះ​កើត​ឡើង ព្រោះ​តែ​នាង​ស្រលាញ់​បុរស​ម្នាក់​នោះ​ខ្លាំង ដល់​ថ្នាក់​ឃ្លាត​មួយ​នាទី​មិន​បាន។ ដូច្នេះ​ហើយ​នាង​មិន​អាច​យក​អារម្មណ៍​របស់​ខ្លួន​ឯង មក​ជះ​កំហឹង​លើ​បុរស​ដែល​ខ្លួន​ស្រលាញ់​នោះ​ឡើយ។ ហេតុ​ផល​នេះ ព្រោះ​ទោះ​ជា​គេ​ចំណាយ​ពេល​នៅ​ជាមួយ​នាង​ច្រើន​ជាង​អ្នក​ណា​ទាំង​អស់ គ្រាន់​តែ​ឃ្លាត​ពី​គ្នា​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង ក៏​នាង​ទៅ​ចោទ​ប្រកាន់​គេ​បាត់​ទៅ​ហើយ។

នារីៗ​គួរ​រៀន​ស្វែង​យល់​ឲ្យ​ច្បាស់​ពី​គូ​ស្នេហ៍​របស់​ខ្លួន​ថា តើ​គេ​ត្រូវ​ចំណាយ​ពេល​ធ្វើ​អ្វី​ខ្លះ​ក្នុង​១​ថ្ងៃៗ គេ​មិន​មែន​មាន​តែ​ស្នេហា​មួយ​មុខ​ឡើយ គេ​នៅ​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ។ ត្រូវ​ចាំ​ថា​ មនុស្ស​ដែល​រវល់​ខ្លាំង ហើយ​តែង​ឆ្លៀត​ពេល​ទំនេរ​របស់​គេ ទៅ​ជួប​នាង មាន​ន័យ​ថា​គេ​ស្រលាញ់​នាង​ខ្លាំង​បំផុត​ហើយ។

៣. គាត់​ក៏​ធុញ​ទ្រាន់​នឹង​ភាព​ម្ញ៉ិកម្ញ៉ក់​របស់​នាង​ដូចគ្នា

គ្រប់​ពេល​នាង​ធ្វើ​ញ៉ិកញ៉ក់​ដាក់ ធ្វើ​ងងក់ ធ្វើ​ដូច​កូន​ក្មេង មិន​មែន​សុទ្ធ​តែ​គួរ​ឲ្យ​ស្រលាញ់​នោះ​ទេ។ ទោះ​បី​ជា​គេ​មិន​បង្ហាញ​ភាព​ធុញ​ទ្រាន់​នៅ​នឹង​មុខ​នាង មិន​មែន​មានន័យ​ថា គេ​ពេញ​ចិត្ត​ឡើយ ព្រោះ​តែ​ស្រលាញ់​ខ្លាំង ទើប​គេ​ចេះ​តែ​សម្រប​ខ្លួន​តាម​នាង។ ពេល​ខ្លះ​ចំ​ពេល​ដែល​អារម្មណ៍​គេ​មិន​សូវ​ល្អ គេ​អាច​និយាយ​មិន​ពីរោះ​ស្ដាប់ កាយវិការ​មិន​ទន់​ភ្លន់ សូម​កុំ​ចោទ​ថា គេ​ឈប់​ស្រលាញ់​ គេ​ឈប់​ខ្វាយ​ខ្វល់ ព្រោះ​គេ​ក៏​ចេះ​ធុញ​ដូច​គ្នា។ ត្រូវ​ដឹង​ថា​មនុស្ស​ប្រុស​ដែល​រឹងមាំ ម៉ឺងម៉ាត់ មិន​ចូល​ចិត្ត​ភាព​ញ៉ិកញ៉ក់​របស់​ស្រីៗ​ប៉ុន្មាន​ឡើយ។

៤. ហត់​នឹង​ការ​រករឿង​គ្មាន​ហេតុផល តែ​គេ​ចង់​បាន​ការ​យល់​ចិត្ត និង​កម្លាំង​ចិត្ត

មាន​រឿងរ៉ាវ​ជា​ច្រើន​ដែល​គេ​ត្រូវ​ប្រឈម ក្នុង​ជីវិត​រាល់​ថ្ងៃ មិន​មែន​ត្រូវ​តែ​មក​ដោះ​ស្រាយ​តែ​រឿង​ច្រំ​ដែល​ៗ ដែល​នាង​តែង​រករឿង​គេ​នោះ​ទេ។ បើ​មាន​អ្វី​អាច​មក​ផ្លាស់​ប្ដូរ​ការ​គិត​របស់​មនុស្ស​ស្រី មនុស្ស​ស្ទើរ​តែ​ទាំង​អស់ ចង់​ឲ្យ​នាង​ប្ដូរ​ពី​ការ​រក​រឿង មក​និយាយ​ដោយ​ហេតុផល និង​រក​ដំណោះស្រាយ​វិញ។ ទោះ​ជា​មាន​រឿង​អ្វី​ក៏​ដោយ គេ​មិន​ដែល​ចង់​ឃើញ​នាង​យំ នាង​ស្រែក​ដាក់​នោះ​ទេ គេ​មាន​អារម្មណ៍​ថា ហាក់​អស់​កម្លាំង​ចិត្ត ហត់​នឿយ ហើយ​ពេល​ខ្លះ​គេ​សឹង​តែ​ដើរ​ចេញ​ពី​នាង​ ព្រោះ​តែ​គេ​គិត​ថា វត្ត​មាន​គេ​គឺ​ធ្វើ​ឲ្យ​នាង​ឈឺ​ចាប់។

៥. ខួរ​ក្បាល​គេ​មិន​មែន​គិត​តែ​ចង់​ក្បត់​លួច​មាន​ស្រី​ឡើយ

រឿង​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​គេ​ហត់​នឿយ​ដែរ​នោះ គឺ​ការ​ចោទ​ប្រកាន់ និង​ចាប់​កំហុស​ឥត​ឈប់​ឈរ ប្រៀប​ដូចជា​គេ​កើត​មក​ជា​មនុស្ស​ត្រូវ​តែ​ខិល ត្រូវ​តែ​ខូច​ឬ​យ៉ាង​ណា? មនុស្ស​ប្រុស​ទាំង​អស់​មិន​ដូច​គ្នា​ទាំង​អស់​ឡើយ។

បែប​នេះ​ហើយ​ទើប​នារី​ៗ គួរ​រៀន​សង្កេត​ និង​យល់​ឲ្យ​ច្បាស់​ពី​ជម្រៅ​ចិត្ត​របស់​គេ ដែល​មាន​ចំពោះ​នាង។​គេ​អាច​នឹង​ងាក​មើល​ស្រី​ស្អាត អាច​នឹង​សរសើរ​នារី​ផ្សេង​ថា​ស្អាត គឺ​សុទ្ធ​តែ​មិន​អាច​កំណត់​ថា គេ​ជា​មនុស្ស​សាវា​ឡើយ ព្រោះ​ធម្មជាតិ​របស់​មនុស្ស​គ្រប់​គ្នា គឺ​វា​តែងតែ​បែប​នេះ។ ប៉ុន្តែ​ក្នុង​ចិត្ត​របស់​គេ មិន​អាច​ទៅ​ដាក់​ក្ដី​ស្រលាញ់​លើ​នរណា​ម្នាក់​ត្រឹម​ក្រឡេក​មួយ​ខ្វាច់​នោះ​ឡើយ។ ចំណុច​ទាំង​នេះ សូម​នារី​គិត​ពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ​ផង ព្រោះ​ពេល​ខ្លះ​ក៏​នាង​សរសើរ​បុរស​ផ្សេង​ថា សង្ហា​ដូច​គ្នា។

នៅ​មាន​ចំណុច​ជា​ច្រើន​ទៀត ដែល​នារីៗ មិន​ដែល​យល់​ពី​ចិត្ត​របស់​មនុស្ស​ប្រុស។ ដូច្នេះ​កុំ​ទាមទារ​ឲ្យ​ខាង​ប្រុស​យល់​ពី​ខ្លួន​រហូត​នោះ ព្រោះ​ពេល​ខ្លះ​នាង​ផ្ដល់​តម្លៃ​លើ​ខ្លួន​ឯង​ជ្រុល រហូត​ភ្លេច​គិត​ថា បុរស​ដែល​ខ្លួន​ស្រលាញ់​កុំ​ពុង​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​នោះ​ទេ៕ ​

​​​

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់