• 2018-09-10 12:24:35
  • ព័ត៌មាន

ចេញហើយកម្មវិធីលម្អិត«ទិវាសម្អាតពិភពលោក»ដំបូងនៅកម្ពុជា អ្នកអត់ទាន់សម្រេចចិត្តអាចគិតគូរបាន  

  • 2018-09-10 12:24:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ កម្មវិធី​លម្អិត​ពី​ទិវា​សម្អាត​ពិភពលោកលើកទី១ នៅ​កម្ពុជា ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ សៅរ៍ ទី​១៥ កញ្ញា​នេះ ត្រូវ​បង្ហោះ​ជា​សាធារណៈ​ហើយ នៅ​លើ​ហ្វេសប៊ុក​ផេក​ផ្លូវ​ការ​របស់ World Clean Up Day Cambodia។ កម្មវិធី​នេះ​នឹង​ជូន​ជា​ព័ត៌មាន​បន្ថែម​ ធ្វើ​ឲ្យ​បង​ប្អូន​ខ្មែរ​ដែល​កំពុង​ស្ទាក់​ស្ទើរ​មិន​ទាន់​ច្បាស់​ក្នុង​ចិត្ត​ថា​គួរ​ចូល​រួម ឬ​អត់​នោះ​ អាច​សម្រេច​ចិត្ត​បាន​ឆាប់រហ័ស។ ​

នៅតែ ៥ថ្ងៃ​ទៀត​ទេ ដល់​ទិវា​សម្អាត​ពិភពលោក​ហើយ តើ​អ្នក​បាន​ចុះ​ឈ្មោះ​ចូល​រួម​នៅ?ដើម្បី​ចូល​រួម​សូម​ចុះ​ឈ្មោះ នៅទីនេះ

ក្រសួង​បរិស្ថាន​កម្ពុជា​ក៏​បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​ពី​បុគ្គល​សំខាន់ៗ​អំពាវ​នាវ​​ឲ្យ​មាន​ការ​ចូល​រួម​ឲ្យ​បាន​ច្រើន​បំផុត​ក្នុង​ទិវា​សម្អាត​ពិភពលោក​នេះ ​ដើម្បី​លើក​ស្ទួយ​ស្មារតី​ស្រលាញ់​បរិស្ថាន​ តាមរយៈ​ការ​ធ្វើ​សកម្មភាព​រួម​គ្នា​ក្នុង​រយៈពេល ១​ថ្ងៃនេះ ។ ​​ ព្រឹត្តិការណ៍​បរិស្ថាន​ពិភពលោក​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​​នៅ​ ១៥០​ប្រទេស​ទូទាំង​ពិភពលោក​ ហើយ​​កម្ពុជា​ក៏​ត្រូវ​បាន​ជាប់​នៅ​ក្នុង​ទំព័រ ប្រវត្តិ​សាស្រ្ត នៃ​ការ​សំអាត​ដែល​មាន​ការ​ចូល​រួម​ពី​អ្នក​ស្ម័គ្រចិត្ត​ដ៏​ច្រើន​រាប់​រយ​លាន​នាក់ ចំណែក​ប្រជាជន​កម្ពុជាពី​គ្រប់វិស័យ​ ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​​ចូលរួម​យ៉ាង​ច្រើន​កុះករ​ដែរ​ដើម្បី​សំអាត​ប្រទេស​របស់​យើង​ និង​លើ​ស្ទួយ​ស្មារតី​ស្រលាញ់​បរិស្ថានដែរ​។

ជាក់​ស្ដែង​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧ មាន​ការ​ចាក់​ចោល​សំរាម​ប្រមាណ ១,៤២លានតោន  ហើយ​ ៦០% គ្រប់​គ្រង​មិន​បាន​ត្រឹមត្រូវ ក្នុង​នោះ​១៥,៧៤% ជា​ប្លាស្ទិក​ដែល​អាច​កប់​ទៅ​ក្នុង​ដី​ និង​ចូល​ទៅ​ក្នុង​ទឹក។ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​បរិស្ថាន​ ឆ្នាំ​២០១៧។​

ទោះជា​​សកម្មភាព​ជួបជុំគ្នា​​រើស​សំរាម​សម្អាត​ទី​ក្រុង​នេះ ​ធ្លាប់​មាន​រួច​ហើយ​នៅ​កម្ពុជា​ក្តី តែ​នេះ​ជាលើកដំបូង​កម្ពុជា​រៀប​ចំ​ឲ្យ​មាន​ ទិវា​សម្អាត​ពិភពលោក​ជា​ផ្លូវការ ក្រោម​ការ​ដឹកនាំ​ដោយ​ក្រសួងបរិស្ថាន​កម្ពុជា និង​សហការ​រៀបចំដោយ អង្គការ Go​Green Cambodia និង Let's Do It។ ព្រឹត្តិការណ៍​នេះ​នឹង​ធ្វើ​ដំណាល​គ្នា​ ថ្ងៃ​តែ​មួយ​នៅ ២៥ខេត្តក្រុង​ទូទាំង​ប្រទេស​កម្ពុជា​ក្រោយ​ការ​ដឹកនាំ​របស់​តំណាង​មន្ទីរ និង​ក្រសួងបរិស្ថាន ។ សម្រាប់​អ្នក​នៅ​ភ្នំពេញ អ្នក​ចូល​រួម​ទាំង​អស់​នឹង​ត្រូវ​ជួប​ជុំ​គ្នា​នៅ​មុខ​ក្រសួង​បរិស្ថាន​នៅ​ម៉ោង ៦ព្រឹក ហើយ​បញ្ចប់​នៅ​ម៉ោង ១១ថ្ងៃត្រង់។

ចង់​ដឹង​ថា​តើ​បុគ្គល​សំខាន់​ណាខ្លះ និយាយ​អ្វីខ្លះ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍ World Clean Up Day ២០១៨នេះ​សូម​មើល​វិដេអូ៖ ​

អត្ថបទ​៖ ដេត​ លីដា

មតិយោបល់