• 2018-09-12 03:27:31
  • ការអប់រំ

ជំនាញទាំង៩នៅកម្ពុជា ពេលរៀនចប់មួយៗ ល្បីប្រាក់ខែអាចដល់ខ្ទង់ពាន់ដុល្លារ

  • 2018-09-12 03:27:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ជ្រើស​ជំនាញ​សិក្សា​ឱ្យ​ត្រូវ​នឹង​ទេពកោសល្យ​ពី​កំណើត​ គឺ​ជា​រឿង​សំខាន់​បំផុត​ក្នុង​ការ​បណ្ដុះ​បណ្ដាល​ឱ្យ​ខ្លួន​ឯង​ ក្លាយ​ជា​មនុស្ស​ពោរពេញ​ដោយសមត្ថភាព​ពិត​ប្រាកដ។ ប៉ុន្តែ​ការ​ជ្រើសរើស​ជំនាញ ដែល​សមស្រប​នឹង​សមត្ថភាព បូក​បន្ថែម​នឹង​ឱកាស​ការងារ​ដែល​មាន​ប្រាក់​បៀវត្ស​ខ្ពស់ ក្រោយ​បញ្ចប់​ការសិក្សា គឺ​កាន់​តែ​ល្អ។ ខាង​ក្រោម​នេះ គឺ​ជា​ជំនាញ​សំខាន់​ៗ​មួយ​ចំនួន ដែល​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន តាម​រយៈ​ការ​លើក​ឡើង​ពី​អ្នក​ជំនាញ​មួយ​ចំនួន៖

១. វិស្វករ​អគ្គិសនី

តាម​ការ​លើក​ឡើង​របស់​អតីត​និស្សិត​ម្នាក់​រៀន​ជំនាញ​នេះ បច្ចុប្បន្ន​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​មួយ ប្រាប់​ថា ការ​សិក្សា​ជំនាញ​នេះ​និស្សិត ត្រូវ​សិក្សា​មុខ​វិជ្ជា​សំខាន់​ៗ​មួយ​ចំនួន​ដូចជា៖ អេឡិចត្រូនិច ឌីជីថល សៀវគ្វីអគ្គិសនី, អេឡិចត្រូនិច សូលីដស្តាត គមនាគមន៍ និង គ្រឿង​យន្ត​ប្រើថាមពល និង អគ្គិសនី។ 

វិស្វកម្ម​អគ្គិសនី បណ្ដុះបណ្ដាល​ឱ្យ​និស្សិត​មាន​អាជីព ជា​អ្នក​បច្ចេកវិទ្យា​វិស្វកម្ម​អគ្គិសនី​។ អ្នក​បញ្ចប់​ការ សិក្សានឹងមានជំនាញ និង​ចំណេះ​ដឹង​សំខាន់​សម្រាប់​ធ្វើការ ក្នុង​វិស័យ​អគ្គិសនី អេឡិច​ត្រូនិច និង​កុំព្យូទ័រ ។ ចំណែក​តម្រូវ​ការ​ធនធាន​មនុស្ស គឺ​មាន​ច្រើន រី​ឯ​អ្នក​សិក្សា​មិន​សូវ​មាន​។ ដូច្នេះ​ហើយ​ទើប​អ្នក​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​នេះ ទទួល​បាន​ប្រាក់​បៀវត្ស​ខ្ពស់​។

២. វិស្វកម្ម​មេកានិច

មុខ​វិជ្ជា​នេះ និស្សិត​​ត្រូវ​មាន​ចំណេះ​ដឹង​ឲ្យ​ល្អ​ផ្នែក​រូប​វិទ្យា និង​គណិត​វិទ្យា។ បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​ និស្សិត​អាច ធ្វើ​ការ​ស្រាវជ្រាវ បង្កើត អភិវឌ្ឍន៍ ផលិត និង​ធ្វើ​​តេស្តឧបករណ៍ជាច្រើន​ដូចជា ម៉ាស៊ីន គ្រឿង​យន្ត ព្រមទាំង​ឧបករណ៍​មេកានិច​ដ៏ទៃ​ទៀត។ វិស្វករ​មេកានិច​មាន​សមត្ថភាព​បង្កើត​ម៉ាស៊ីន​ទាំង​តូច​ ទាំង​ធំ​​ជាច្រើន ដូចជារ​ថយន្ត មនុស្ស​យន្ត ម៉ាស៊ីន​ផលិត​អគ្គិសនី ទូរទឹកកក ម៉ាស៊ីនត្រជាក់​ និង​ម៉ាស៊ីន​ដ៏ទៃ​ជាច្រើន​ទៀត។

ជា​ពិសេស​មាន​​ឱកាស​ការងារ​ដូចជា​ធ្វើ​ការ​នៅ រោង​ចក្រ​ផលិត​គ្រឿង​យន្ត​ឬ​ម៉ាស៊ីន ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ផ្នែក​មេកានិច ធ្វើ​ការ​ជាអ្នក​លក់បច្ចេកទេស ធ្វើ​ការ​ជាអ្នកត្រួត​ពិនិត្យនៅ​ក្នុង​រោង​ចក្រ​ដែល​ទាក់​ទង​នឹង​ម៉ាស៊ីន អាច​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​ ឬ​ជា​សាស្ត្រាចារ្យ។

៣. គីមី​ចំណី​អាហារ

បើ​តាម​ការ​លើក​ឡើង​របស់​សាស្ត្រាចារ្យ សេរី សុភា បង្រៀនផ្នែកសេដ្ឋកិច្ច ជំនាញ​នេះ​មិន​សូវ​មាន​និស្សិត​កម្ពុជា​សិក្សា​ច្រើន​ប៉ុន្មាន​ឡើយ ប៉ុន្តែ​អ្នក​ដែល​រៀន​ចប់​មួយ​ៗ ​អាច​ទទួល​បាន​ប្រាក់​បៀវត្ស​ខ្ពស់។ ចំណែក​ឯ​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ដែល​បណ្ដុះ​បណ្ដាល​ទៅ​លើ​ជំនាញ​នេះ ក៏​មិន​សូវ​មាន​ច្រើន​ប៉ុន្មាន​ដែរ។ ចំពោះ​គ្រឹះស្ថាន​ឧត្ដម​សិក្សា​សាធារណៈ ដែល​មាន​បង្រៀន​ជំនាញ​នេះ​ដូចជា​នៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) និង សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ជា​ដើម។

៤. បរិស្ថានវិទ្យា

បើ​និយាយ​ពី​ជំនាញ​នេះ​វិញ និស្សិត​កម្ពុជា​មួយ​ចំនួន​ហាក់​មិន​សូវ​ចាប់​អារម្មណ៍​ឡើយ ប៉ុន្តែ​អ្នក​ដែល​រៀន​ចប់​ចេញ​ធ្វើ​ការ​សុទ្ធ​តែ​ប្រាក់​ខែ​ខ្ពស់ យ៉ាង​ហោច​ណាស់​ក៏​ចាប់​ពី ៤០០​ដុល្លារ​ឡើង​ដែរ មាន​ខ្លះ​ឈាន​ដល់​ខ្ទង់​ពាន់​ដុល្លារ​ទៀត​ផង។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី សាស្ត្រាចារ្យ សេរី សុភា។

៥. ជំនាញ​សវនកម្ម

តាម​ការ​លើក​ឡើង​បន្ថែម​ទៀត​របស់​សាស្ត្រាចារ្យ​ខាងលើ​នេះ ​ជំនាញ​សវនកម្ម ប្រសិន​បើ​និស្សិត​សិក្សា​ចេះ​ច្បាស់​លាស់ នឹង​មាន​ឱកាស​ធ្វើ​ការ​ក្នុង​ក្រសួង​សេដ្ឋកិច្ច ឬ​បណ្ដា​ធនាគារ ក្រុមហ៊ុន​ឯកជន​ធំៗ ក្នុង​ការ​ត្រួត​ពិនិត្យ​សំណៅ​ឯកសារ​សំខាន់ៗ និង​ទទួល​បាន​ប្រាក់​ចំណូល​មិន​ធម្មតា​ទេ។

៦. ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ទំនាក់ទំនង

ចំពោះ​ជំនាញ​នេះ​ក្រោយ​បញ្ចប់​ការ​សិក្សា ​និស្សិត​អាច​មាន​ឱកាស​ក្លាយ​ជា​អ្នក​សារព័ត៌មាន​អាជីព អ្នក​ជំនាញ​ថត​ភាព​យន្ត និយាយ​ជា​រួម​គឺ​ពាក់ព័ន្ធ​​នឹង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ចំណែក​ឯ​តម្លៃ​ពលកម្ម​ទៅ​លើ​ការងារ​ទាំង​នេះ​ក៏​ច្រើន​មិន​ធម្មតា​ដែរ។ និស្សិតអាចសិក្សាជំនាញនេះ នៅ (DMC) ជាផ្នែកមួយនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។

៧.វិស្វករ​សំណង់​ស៊ីវិល​

តាម​ការ​លើក​ឡើង​របស់​លោក​សាស្ត្រា​ចារ្យ ហេង ដារ៉ារិទ្ធិ ជំនាញ​នេះ​ភាគ​ច្រើន​មិន​សូវ​មាន​សិស្ស​ស្រី​រៀន​នោះ​ទេ ដោយ​ហេតុ​ថា ពេល​រៀន​ចប់​មិន​មែន​អង្គុយ​តែ​ក្នុង​ការិយាល័យ​នោះ​ទេ ត្រូវ​បញ្ចេញ​កម្លាំង និង​ទាមទារ​ឲ្យ​មាន​ការ​តស៊ូ​ខ្ពស់​បំផុត។ លោក​បន្ត​ថា ជំនាញ​នេះ​និស្សិត​ត្រូវ​សិក្សា​ និង រៀបចំ​សំណង់​​ស្ថាប័ន​ឯកជន និង សាធារណៈ ដូច​ជា​ហេដ្ឋារនា​សម្ព័ន្ធ (ផ្លូវ​ថ្នល់, ផ្លូវ​ដែក, ធារាសាស្ត្រ និង​ប្រព័ន្ធ​សំអាត​ទឹក) ស្ពាន និង សំណង់។ ក្រោយ​បញ្ចប់​ការ​សិក្សា​ អាច​មាន​ឱកាស​ក្នុង​ការ​ចូលរួម​គម្រោង​វិនិយោគ​ធំៗ របស់​ក្រុមហ៊ុន​ឯកជន​នានា ក្នុង​ការ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​សាងសង់។ ចំណែក​ឯ​កម្រៃ គឺ​ទទួល​បាន​ជា​កញ្ចប់​តែ​ម្ដង ក្នុង​១​គម្រោងៗ។

៨. ស្ថាបត្យករ

សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ឯកជន​មួយ​នៅ​រាជធានី​ភ្នំពេញ រូប​នេះ​ប្រាប់​ទៀត​ថា និស្សិត​ប្រុសៗ​ភាគ​ច្រើន​ចូលចិត្ត​រៀន​ជំនាញ​នេះ។ ​ជំនាញ​នេះ​មិន​ងាយ​ស្រួល​ក្នុង​ការ​សិក្សា​ឡើយ។ ដើម្បី​អាច​ក្លាយ​ជាស្ថាបត្យករ​ម្នាក់បាន លុះ​ត្រា​តែ​យល់​ដឹង​អំពី ការរចនា និង យល់​ដឹង​ពី​សំណង់​អគារ​ ឱ្យ​បាន​ច្បាស់​លាស់។ មិន​តែប៉ុណ្ណោះ គឺ​ត្រូវ​យល់​ដឹង​ជា​ពហុជំនាញ មាន​ជាអាទិ៍៖ សិល្បៈ វប្បធម៌ ប្រវត្តិសាស្ត្រ សេដ្ឋកិច្ច នយោបាយ និងបរិស្ថាន​ជាដើម។ និយាយជារួម ស្ថាបត្យករ មិន​មែន​ជា​អ្នក​គូរ​ប្លង់ទេ តែ​ជា​អ្នក​សិក្សា​គម្រោង​ប្លង់ ស្ថាបត្យកម្ម។

ស្ថាបត្យករ ត្រូវ​តែ​មាន​វិជ្ជាជីវៈ​ត្រឹម​ត្រូវ ព្រោះ​រាល់​ការ​សម្រេច​ចិត្ត​របស់​ស្ថាបត្យករ គឺ​ទាក់ទង​ដល់​សុវត្ថិភាព​សាធារណៈ។

៩. បច្ចេកទេស​កសិកម្ម

ដោយ​​ជំនាញ​បច្ចេកទេស​កសិកម្ម​ មិន​ត្រឹម​តែ​អាច​ធ្វើការ​បាន​ប្រាក់​ចំណូល​ខ្ពស់​នោះ​ទេ តែ​ប្រសិន​បើ​មាន​លទ្ធភាព​បង្រៀន​បន្ត​ ឫ​បើក​កសិដ្ឋាន​ដោយ​ខ្លួន​ឯង គឺ​កាន់​តែ​ល្អ​ថែម​ទៀត ចំពោះ​និស្សិត​ដែល​សិក្សា​ជំនាញ​នេះ។ ចំណែក​ឯ​តម្រូវ​ធនធាន​មនុស្ស​ទៅ​លើ​ជំនាញ​នេះ ក៏​មាន​ច្រើន​ដែរ​ នៅ​ក្នុង​​ប្រទេស​កម្ពុជា៕

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

មតិយោបល់