• 2018-09-15 01:59:06
  • ព័ត៌មាន

បុរសលក់បន្លែ ដើរលុបជង្ហុកក្នុងទីក្រុង ព្រោះហេតុផលដ៏សែនរំជួលចិត្ត (វីដេអូ)

  • 2018-09-15 01:59:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​ឥណ្ឌា វ័យ​៤៨ឆ្នាំ ជា​អ្នក​លក់​បន្លែ​ម្នាក់ បាន​ដើរ​លុប​ជង្ហុក​ទាំងអស់​ដែល​លោក​ប្រទះ​ឃើញ នៅ​តាម​ដង​ផ្លូវ​នៃ​ទីក្រុង Mumbai ប្រទេស​ឥណ្ឌា ដើម្បី​ការពារ​អ្នក​ដទៃ​កុំ​ឲ្យ​ជួប​គ្រោះ​អកុសល​ដូច​កូន​ប្រុស​របស់​ខ្លួន។

លោក Dadarao Bilhore បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា ចំពោះ​ទង្វើ​របស់​លោក ដើម្បី​ការពារ​អ្នក​ផ្សេង​មិន​ឲ្យ​បាត់​បង់​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ ដោយ​សារ​គ្រោះថ្នាក់​ចរាចរ​ដែល​បណ្តាល​មក​ពី​ផ្លូវ​ថ្នល់ នៅ​ទីក្រុង Mumbai ឡើយ។

រឿងរ៉ាវ​ទាំង​អស់​នេះ​បាន​កើត​ឡើង បន្ទាប់​ពី​កូន​ប្រុស​អាយុ ១៦ឆ្នាំ​របស់​លោក ឈ្មោះ Prakash Bilhore បាន​ស្លាប់​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរ​តាម​ដង​ផ្លូវ​មួយ កាល​ពី​ខែ​កក្កដា ឆ្នាំ២០១៥ អំឡុង​រដូវ​ក្តៅ​មូសុង ក្នុង​ទីក្រុង Mumbai។

កាល​នោះ Prakash នៅ​ជាមួយ​បងប្អូន​ជីដូនមួយ កំពុង​ជិះ​ម៉ូតូ​មួយ​គ្រឿង ហើយ​ក៏​បាន​ជួប​នឹង​គ្រោះថ្នាក់​ចរាចរ ដោយ​ម៉ូតូ​ធ្លាក់​ចូល​ជង្ហុក​ដ៏​ធំ​មួយ បណ្តាល​ឲ្យ​ពួកគេ​ទាំង ២នាក់​ហោះ​ធ្លាក់​ចេញ​ពី​លើ​ម៉ូតូ​តែម្តង។ បងប្អូន​ជីដូន​មួយ​របស់ Prakash ដែល​បាន​ពាក់​មួក​សុវត្ថិភាព រង​របួស​ស្រាល​ប៉ុណ្ណោះ ខណៈ Prakash បាន​រង​របួស​ប៉ះពាល់​ដល់​ខួរក្បាល​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ក្រោយ​មក​ក៏​បាន​ស្លាប់​តែម្តង។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា មក​ទល់​នឹង​ពេល​នេះ លោក Dadarao ដើរ​លុប​ជង្ហុក​បាន​ចំនួន ៥៨៥កន្លែង​រួច​មក​ហើយ ដោយ​ប្រើប្រាស់​ដីខ្សាច់ និង ក្រួស​ល្អិតៗ។ មិន​តែ​ប៉ុណ្ណោះ ក៏​មាន​អ្នកស្ម័គ្រចិត្ត​ចូល​រួម​ជាមួយ​លោក​ផង​ដែរ បន្ទាប់​ពី​ដឹង​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​រំជួល​ចិត្ត​នេះ។

ផ្លូវ​ជង្ហុក បាន​ផ្តាច់​ជីវិត​មនុស្ស​សរុប​ចំនួន ៣ ៥៩៧នាក់ នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ ជង្ហុក​ផ្លូវ​ប្រមាណ​ជា ២៧ ០០០កន្លែង ត្រូវ​បាន​បង្ក​ឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង ក្នុង​អំឡុង​រដូវ​ក្តៅ​មូសុង៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុចអាន៖

ប្រភព៖ nextshark ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់