- 2018-09-17 10:18:31
- ការអប់រំ
ដាស់តឿនជាមុន! អ្នកឡើងមករៀននៅភ្នំពេញដំបូងៗ ប្រយ័ត្នល្បិចបោក ៣ស្នៀតនេះ
- 2018-09-17 10:18:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដាស់តឿនជាមុន! អ្នកឡើងមករៀននៅភ្នំពេញដំបូងៗ ប្រយ័ត្នល្បិចបោក ៣ស្នៀតនេះ
ចន្លោះមិនឃើញ
បន្ទាប់ពីបញ្ចប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប២០១៨ ដោយជោគជ័យ សិស្សនៅតាមខេត្តមួយចំនួនប្រាកដជាត្រៀមឡើងមកភ្នំពេញ ដើម្បីការសិក្សាបន្ត ហើយអ្នកខ្លះទៀតចង់ឡើងមករៀនដោយសមត្ថភាពខ្លួនឯង ដោយមិនពឹងពាក់គ្រួសារ តាមរយៈការស្វះស្វែងរកការងារ ឬរកសាលាណាដែលផ្ដល់អាហារូបករណ៍សិក្សាឥតគិតថ្លៃជាដើម។
ជាការពិតណាស់ ការបន្តការសិក្សានៅទីក្រុង ប្អូនៗតាមខេត្តខ្លះ បានជួបនូវរឿងសមប្រកបដោយមានសាច់ញាតិនៅភ្នំពេញស្រាប់ តែអ្នកខ្លះវិញគ្មានញាតិ ខ្វះព័ត៌មានមុនឡើងមក ដែលជាហេតុអាចឲ្យជនខិលខូចមានឱកាសប្រើរូបភាពបន្លំបោកយកលុយ និងកេងកម្លាំងដោយមិនដឹងខ្លួន។ ថ្ងៃនេះ Sabay សូមស្រង់យកបទពិសោធន៍ពីរៀមច្បង ៤រូប ធ្លាប់ធ្លាក់ក្នុងល្បិចកលរបស់ជនមួយចំនួន ដែលប្អូនៗ ជាប់បាក់ឌុបថ្មីៗ គួរប្រយ័ត្ន ដូចខាងក្រោមនេះ៖
១. ដំណឹងអាហារូបករណ៍ក្លែងក្លាយ
សុខ សោភ័ណ សិស្សពីខេត្តបាត់ដំបងឡើងមកភ្នំពេញ ចាញ់បោកគេដោយសារតែបំពេញពាក្យផ្ដេសផ្ដាសតាមផ្លូវ។ យុវតីនេះឲ្យដឹងថា៖ "ដំបូងគេចែកក្រដាសតូចមួយឲ្យខ្ញុំបំពេញលេខទូរសព្ទ និងឈ្មោះដោយប្រាប់ថាបំពេញទៅនឹងមានឱកាសទទួលអាហារូបករណ៍រៀនភាសាអង់គ្លេសអត់អស់លុយ។ រំលងប្រហែល២អាទិត្យ មានគេខលប្រាប់ឲ្យខ្ញុំទៅប្រឡងម្ដុំសាលាបាក់ទូក និងជាប់អាហារូបករណ៍១០០% ភ្លាមៗ តែគេបែរជាឲ្យខ្ញុំត្រូវបង់លុយអស់១០ដុល្លារ ដើម្បីបានវិញ្ញាបនបត្រ និងបង់១០០ដុល្លារថ្លៃរដ្ឋបាល រៀនបន្ត។ ពេលនោះខ្ញុំសម្រេចមិនរៀន ហើយឲ្យគេអស់១០ដុល្លារថ្លៃវិញ្ញាបនបត្រហ្នឹងទៅ...ក្រោយមកខ្ញុំយករឿងនេះទៅប្រាប់មិត្តភក្ដិនៅសាលា គេថាខ្ញុំចាញ់បោកគេហើយ"។
២. ការងារតាមបណ្ដាញគ្មានប្រភពច្បាស់លាស់
ដោយឡែកយុវជន ឧត្តម និសិ្សតមកពីខេត្តស្វាយរៀង ត្រូវបានមិត្តភក្តិជិតស្និទ្ធបោកប្រាស់អស់១០០ដុល្លារ ដោយសារចង់បានការងារនៅភ្នំពេញផង បានរៀនផង។ ឧត្តម ប្រាប់ថា៖ "កាលណោះខ្ញុំរៀនមិនទាន់ចប់ថ្នាក់ទី១២ទេ ខ្ញុំសុំម៉ែ ១០០ដុល្លារ តាមមិត្តសម្លាញ់មកភ្នំពេញម្ដុំផ្សារសំណង់១២ ខ្ញុំអាចរៀននិងធ្វើការផង ដល់ពេលរៀនអស់ពេល ១អាទិត្យ គ្មានបានស្អីទេ ហើយថែមទាំងឲ្យខ្ញុំទៅដើររកសិស្សពីខេត្តមករៀនទៀត ដោយគេគិតភាគរយឲ្យពីលើ បើរកមិនបានគឺអត់"។ គ្មានជម្រើស ឧត្តម ត្រូវត្រឡប់ទៅស្រុកវិញទាំងឈឺចាប់ ព្រោះមិត្តបោកប្រាស់ និងលែងនិយាយរកគ្នាដល់សព្វថ្ងៃ។
ងាកទៅ យុវជន ចាន់ធឿន មកខេត្តកំពង់ស្ពឺវិញ រៀបរាប់ហាក់ហួសចិត្ត មិននឹកស្មានថាត្រូវមិត្តភក្ដិបោកអស់១០ដុល្លារ ព្រោះចង់បានការងារប្រាក់ខែខ្ពស់។ យុវជន ប្រាប់ថា៖ " កាលនោះ ហេតុតែចង់បានការងារខ្លាំង មានមិត្តភក្ដិប្រាប់ថាមានក្រុមហ៊ុនត្រូវការបុគ្គលិក ដោយគ្រាន់តែចូលរួមស្ដាប់សិក្ខាសាលាលក់ផលិតផលហើយត្រូវចំណាយលុយអស់ ១០ដុល្លារ បានការងារហើយ។ នៅសិក្ខាសាលានោះ គេបង្វឹកឲ្យខ្ញុំចេះនិយាយបញ្ចុះបញ្ចូល និងដើរលក់ផលិតផល ហើយគេឲ្យចំណេញបន្ថែមជាភាគរយ ប្រសិនបើលក់ផលិតផលដាច់"។ ខ្ញុំចាប់ផ្ដើមសង្កេត ទី១. គេប្រាប់ថា ខ្ញុំនឹងក្លាយជាសេដ្ឋី ២. ធ្វើការដើរលេងក្រៅប្រទេស ៣. អាកប្បកិរិយា និងសំលៀកបំពាក់អ្នកបង្វឹកមិនសមរម្យ ជាដើម។ ទាំងនេះធ្វើឲ្យខ្ញុំដឹងច្បាស់ថាគេបោក ព្រោះគ្មានការងារណាធ្វើស្រួលៗបែបនេះឡើយ។
៣. សិក្ខាសាលាបោកប្រាស់
ស្រីចាន់ និស្សិតពីមកពីតាខ្មៅ ក៏ជួបរឿងចាញ់បោកនោះដែរ ព្រោះជឿខិតប័ណ្ណសាលាមួយផ្ដល់ការងារ និងប្រាក់ខែខ្ពស់។ គ្រានោះរៀនឆ្នាំទី១ ខ្លួន និងមិត្តនាំគ្នាចំណាយអស់ ១២ដុល្លារ/ម្នាក់ ទៅចូលរួមសិក្ខាសាលារបស់សាលាមួយនៅម្ដុំលូបឹងត្របែក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺចូលរួម ហើយឱកាសជាប់ការងារ និងញ៉ាំអាហារបូហ្វេទៀតផង។ ប៉ុន្តែនៅថ្ងៃទី១ ស្រីចាន់ចាប់អារម្មណ៍វាគ្មិនដែលឡើងអត្ថាធិប្បាយនោះ គឺជាសិស្សដូចមិនទាន់រៀនចប់វិទ្យាល័យ ជាមួយកាយវិការមិនសមរម្យគួរឲ្យង៉ើងឆ្ងល់ និងអាហារញ៉ាំគឺបាយសាច់ជ្រូក១ប្រអប់ និងទឹកក្រូច១កំប៉ុង ពោលខុសទាំងស្រុងពីអ្វីបានផ្សព្វផ្សាយ។ រួចប៉ុន្មានថ្ងៃក្រោយមក ស្រីចាន់បដិសេធលែងទៅចូលរួម បើទោះបីគេប្រាប់ខ្លួនបានជាប់ការងារនៅទីនោះក៏ដោយ។
សរុបទៅទាំងនេះជាមេរៀនរបស់រៀមច្បងខាងលើ ចែករំលែកដល់ ប្អូនៗទើបជាប់ ឬមិនទាន់ជាប់បាក់ឌុបក្ដីគួរប្រុងប្រយ័ត្នពីល្បិចរបស់ជនខិលខូចទាំងនោះ។ យ៉ាងណាមិញដើម្បីបញ្ចៀសពីស្នៀតបោកប្រាស់នានា ប្រិយមិត្តអាចចូលរួមជាបទពិសោធន៍ចាញ់បោកណាមួយ សូមផ្ញើសារមកកាន់ Sabay News Social នេះបាន។