- 2018-09-18 08:04:09
- សុខភាព
ទឹកដោះគោស្រស់ បង្កើតគ្រោះថ្នាក់ធំដល់សុខភាព បើអត់ឃើញដាក់សញ្ញានេះ
- 2018-09-18 08:04:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកដោះគោស្រស់ បង្កើតគ្រោះថ្នាក់ធំដល់សុខភាព បើអត់ឃើញដាក់សញ្ញានេះ
ចន្លោះមិនឃើញ
ទឹកដោះគោស្រស់ និងផលិតផលធ្វើពីទឹកដោះគោស្រស់ ដូចជា ទឹកដោះគោជូរ យ៉ាអួរ Cheese ឬ Cream សម្បូរទៅដោយសារធាតុចិញ្ចឹមយ៉ាងច្រើនជួយដល់ការលូតលាស់របស់មនុស្ស។ ប៉ុន្តែ ទឹកដោះគោស្រស់ (Raw Milk) មានមីក្រូសព៌ាង្គកាយគ្រោះថ្នាក់ជាច្រើនដែលបង្កគ្រោះថ្នាក់អ្នកញ៉ាំ។
យោងតាមការវិភាគរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) របស់អាមេរិក បានឲ្យដឹងថា ទឹកដោះគោស្រស់ដែលមិនសម្លាប់មេរោគ (Unpasteurized Milk) មានគ្រោះថ្នាក់ធ្វើឲ្យអ្នកញ៉ាំពុលអាហារ ជាងទឹកដោះគោស្រស់ដែលសម្លាប់មេរោគរួច (Pasteurized Milk) ដល់ទៅ ១៥០ ឯណោះដង។ Unpasteurized Milk អាចមានបាក់តេរីគ្រោះថ្នាក់ជាច្រើន ដូចជា Salmonella, E. coli និង Listeria ដែលធ្វើឲ្យពុលអាហារក្អួត រាក ឈឺពោះ ឈឺក្បាល គ្រុនក្ដៅ រមាស់ពេញខ្លួន។
បាក់តេរីគ្រោះថ្នាក់ទាំងនេះ អាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកញ៉ាំទឹកគោស្រស់ ឬផលិតផលធ្វើពីទឹកដោះគោស្រស់ដែលមិនសម្លាប់មេរោគ។ បាក់តេរីទាំងនេះមានគ្រោះថ្នាក់ខ្លាំងចំពោះអ្នកដែលមានប្រព័ន្ធស៊ាំក្នុងរាងកាយខ្សោយ មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ និងក្មេងៗ។
ប៉ុន្តែ ជាក់ស្ដែង ការវិភាគរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់អាមេរិក រកឃើញថា ការពុលអាហារដោយសារទឹកគោស្រស់ ប៉ះពាល់ជាពិសេសដល់ក្មេងៗ និងមនុស្សពេញវ័យជំទង់។
គ្រោះថ្នាក់បាក់តេរី Listeria និងស្ត្រីមានផ្ទៃពោះ
ស្ត្រីមានផ្ទៃពោះ ប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារបាក់តេរី Listeria ដែលអាចធ្វើឲ្យស្ត្រីរលូតកូន ឬទារកទើបកើតស្លាប់ ឬឈឺ។ ដូច្នេះ បើសិនស្ត្រីមានផ្ទៃពោះ ញ៉ាំទឹកដោះគោស្រស់ ឬផលិតផលធ្វើពីទឹកដោះគោស្រស់ដែលមិនសម្លាប់មេរោគ អាចធ្វើឲ្យប៉ះពាល់កូនក្នុងផ្ទៃ បើទោះម្ដាយមិនមានអារម្មណ៍ឈឺក៏ដោយ។
អីគេជាទឹកដោះគោស្រស់ដែលសម្លាប់មេរោគរួច ឬ Pasteurized Milk?
Pasteurization ជាដំណើរការសម្លាប់រាល់បាក់តេរីគ្រោះថ្នាក់ បង្កើតឡើងដោយលោក Louis Pasteur ក្នុងឆ្នាំ១៨៦៤ ដោយដុតកម្ដៅទឹកដោះគោស្រស់ក្នុងកម្រិតសីតុណ្ហភាព និងពេលវេលាជាក់លាក់ណាមួយ។ បើដុតកម្ដៅសម្លាប់មេរោគអ៊ីចឹង តើសារធាតុចិញ្ចឹមនៅក្នុងទឹកគោស្រស់ បាត់បង់ដែរអត់?
ការស្រាវជ្រាវបង្ហាញថា សារធាតុចិញ្ចឹមនៅក្នុង Pasteurized Milk និង Unpasteurized Milk មិនខុសគ្នាទេ។ ប៉ុន្តែ Pasteurized Milk ដែលសម្លាប់មេរោគរួច នៅមានសល់ប្រភេទបាក់តេរីគ្មានគ្រោះថ្នាក់ក្នុងកម្រិតតិចតួចប៉ុណ្ណោះ ដែលធ្វើឲ្យខូចទឹកដោះគោខូច បើសិនមិនរក្សាទុកត្រឹមត្រូវ។ ដូច្នេះ ការរក្សាទុកទឹកដោះគោស្រស់នៅក្នុងទូទឹកកកពិតជាសំខាន់។ នេះយោងតាមការចេញផ្សាយរបស់រដ្ឋបាលម្ហូបអាហារ និងឱសថរបស់អាមេរិក FDA។
ធ្វើម៉េចទើបដឹងថា ទឹកដោះគោស្រស់ ឬផលិតផលធ្វើពីទឹកដោះគោស្រស់នោះ សម្លាប់មេរោគរួចទៅ?
ទឹកដោះគោស្រស់ និងផលិតផលធ្វើពីទឹកដោះគោស្រស់ដែលមានលក់លើទីផ្សារ ជាពិសេសនៅអាមេរិក ភាគច្រើនត្រូវបានសម្លាប់មេរោគ ឬធ្វើ Pasteurized រួចហើយ។ ប៉ុន្តែ ដើម្បីទិញទឹកដោះគោស្រស់ ឬផលិតផលធ្វើពីទឹកដោះគោស្រស់ ដែលមានសុវត្ថិភាព សូមពិនិត្យមើលរកពាក្យ «pasteurized» ដែលមានន័យថា «សម្លាប់មេរោគរួច» នៅលើសម្បកផលិតផល។ បើអ្នកមិនច្បាស់ទេ សូមសាកសួរបុគ្គលិកហាង ឬអ្នកលក់៕