• 2018-09-19 10:00:00
  • ការអប់រំ

មន្រ្តីជាន់ខ្ពស់ លើកចំណុចសំខាន់ចំៗ គួរឲ្យសរសើរ ពីសាលាជំនាន់ថ្មី នៃខេត្ត ១នេះ

  • 2018-09-19 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ផ្ទុះ​ព័ត៌មាន​នានា នៃ​សាលា​ជំនាន់​ថ្មី នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ រាជធានី​ភ្នំពេញ ឯកឧត្ដម ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើក​ចំណុច​សំខាន់​នានា នៃ ​ដំណើរការ​យ៉ាង​រលូន នៃ​សាលា​ជំនាន់​ថ្មី នៅ​លើ​ទឹកដី​ខេត្ត​ស្វាយរៀង។

តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ឯកឧត្ដម ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់​ថា ស្រប​ពេល​ដែល​កំពុង​មាន​មតិ​នានា ជុំវិញ​សាលា​ជំនាន់​ថ្មី បាន​នឹង​កំពុង​ដំណើរការ​យ៉ាង​រលូន នៅ​លើ​ទឹកដី​ខេត្ត​ស្វាយរៀង ក្នុង​អនុ​វិទ្យាល័យ​គោកព្រីង។ ឯកឧត្ដម ស សុខា ថា សាលានេះទទួល​បាន​ការ​ពេញ​ចិត្ត​រៀន និង​បង្រៀន​ពី​សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ ដោយ​សាលា​ជំនាន់​ថ្មី មាន​គាំ​ទ្រ​ពី​អង្គការ​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន។ ​

តាម​ទំព័រ​ហ្វេសប៊ុក​ ឯកឧត្ដម ស សុខា បន្ត​ថា ក្រៅ​ពី​នេះ​គម្រោង​សាលា​ជំនាន់​ថ្មី​នេះ​ ក៏​កំពុង​ដាក់​អោយ​ដំណើរការ​ជា​បន្តបន្ទាប់ តាម​សាលា​មួយ​ចំនួន ក្នុង​ប្រទេស​ផង​ដែរ​ ដែល​ជា​គោល​នយោបាយ របស់​រាជរដ្ឋាភិបាល​ អភិវឌ្ឍ​វិស័យ​អប់រំ​សាលា​ជំនាន់​ថ្មី មាន​ការ​រៀប​ចំ​បង្ហាញ​ភាព​ពិត​ជាក់​ស្ដែង​ដល់​សិស្ស មាន​ន័យ​ថា រៀន​ទ្រឹស្ដី​ហើយ​នឹង​អនុវត្ត​ផ្ទាល់​តែ​ម្ដង ។

រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​បាន​បញ្ជាក់​ទៀត​ថា ជាង​នេះ​ទៅ​ទៀត គេ​មាន​តាំង​បង្ហាញ​ពី​របៀប​អនុវត្ត​ផ្សេង​ៗ ដើម្បី​ឲ្យ​បាន​ដល់​គោល​ដៅ​ ឧទាហរណ៍ ដើម្បី​បូម​ទឹក​ឡើង​លើ​ភ្នំ តើ​គេ​ត្រូវ​ប្រើ​មធ្យោបាយ​យ៉ាង​ណា?

អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​គឺ ការ​រៀប​ចំ ការ​តាំង​ ការ​អនុវត្ត​ជាក់​ស្ដែង ពិត​ជា​បាន​ធ្វើ​ឲ្យ​សិស្សានុសិស្ស មាន​អារម្មណ៍​រៀន​សូត្រ​ជាង​ធម្មតា ។ ឯ​លោកគ្រូ អ្នកគ្រូ ​ក៏​មាន​ទឹកចិត្ត​បង្រៀន​ដល់​សិស្ស​យ៉ាង​ខ្លាំងក្លា ដោយសារ​ តែ​មាន​ការ​លើក​ទឹកចិត្ត ផ្ដល់​ប្រាក់​ឧបត្ថម្ភ​សមរម្យ ផង​ដែរ។

សូម​បញ្ជាក់​ថា សាលារៀន​ជំនាន់​ថ្មី​ គឺជា​កម្មវិធី​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​ខ្នាត​ធំ​ របស់​ក្រសួង​អប់រំ។ គម្រោង​នេះ រដ្ឋាភិបាល​ត្រូវ​ចំណាយ​ប្រាក់​ជិត​មួយ​លាន​ដុល្លារ​ ដើម្បី​ចាប់​ផ្ដើម​នេះ ផ្ដោត​សំខាន់​ទៅ​លើ​ទំនើបកម្ម​នៃ​ការ​រៀន បង្រៀន និង​គ្រឿងបរិក្ខារ។

គំនិត​សម្រាប់​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​ត្រូវ​ផ្ដួចផ្ដើម​ឡើង​ដំបូង​ ដោយ​អង្គការ KAPE ដែល​ជា​អង្គការ​ក្នុង​ស្រុក​ធំ​បំផុត​ដែល​ផ្ដោត​សំខាន់​ទៅ​លើ​វិស័យ​អប់រំ​ នៅ​កម្ពុជា។

កម្មវិធី​សាកល្បង​របស់​ពួកគេ​ដែល​ជា​គំនិត​ផ្ដួចផ្ដើម​សាលា Beacon ត្រូវ​បាន​ស្ថាបនា​ឡើង​នៅ​ឆ្នាំ​ ២០១៤ នៅ​ខេត្ត​កំពង់ចាម​ហើយ​នៅ​ពេល​ដែល​កម្មវិធី​មាន​ការ​ពង្រីក​ធំ​ទៅ​ៗ សាលា​នេះ​ក៏​ក្លាយ​ជា​សាលា​ជំនាន់​ថ្មី​ New Generation School (NGS) នេះ​ឯង​។

ប្រភពរូបភាព ហ្វេសប៊ុកផេក ឯកឧត្ដម ស សុខា

អត្ថបទ៖ ពៅ រក្សា

មតិយោបល់