• 2018-09-21 07:59:55
  • ការអប់រំ

យល់ខ្លឹមសារ១សន្លឹកនេះទើបដឹងថា បើមិនបោះឆ្នោតគាំទ្រ ម្ល៉េះលោកនាយកស៊ីសុវត្ថិរួចខ្លួនបាត់

  • 2018-09-21 07:59:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ទទួល​បាន​ជោគជ័យ​លើ​ការ​តវ៉ា​របស់​លោកគ្រូ អ្នក​គ្រូ នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ លោក មូល ស៊ុយហេង នៅ​តែ​បន្ត​ធ្វើ​ជា​នាយក​ដដែល ប៉ុន្តែ​ត្រូវ​សង​ថវិកា​រដ្ឋ​ដែល​យក​ទៅ​ប្រើប្រាស់​ ពុំ​មាន​​តម្លា​ភាព។

បន្ទាប់​ពី​ផ្ទុះ​ការ​តវ៉ា សុំ​កុំ​ឲ្យ​មាន​ការ​ផ្ទេរ​តំណែង​លោក​នាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក្រសួង​អប់រំ បាន​ចុះ​ទៅ​ដោះស្រាយ ដើម្បី​បញ្ចប់​បញ្ហា​នេះ ក្រោម​អធិបតី​ភាព​របស់​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ ឯកឧត្ដម ហង់ជួន ណារ៉ុន។ ក្នុង​ការ​ដោះស្រាយ​គណៈកម្មការ​ប្រជុំ​បាន​រៀប​ចំ​ការ​បោះឆ្នោត យក​សំឡេង​ភាគ​តិច និង​ភាគ​ច្រើន ដោយ​មាន​២​ជម្រើស។

ខ្លឹមសារជម្រើសទាំង២

ជម្រើស​ទី​១៖ ឯកភាព​ចំណាត់​ការ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ដោយ​ផ្លាស់​ប្ដូរ​លោក មូល ស៊ុយ​ហេង នាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ទៅ​បម្រើ​ការងារ​ទៅ​នាយក​ដ្ឋាន​មធ្យម​សិក្សា​ចំណេះ​ទូទៅ។ ក្រសួង​នឹង​រៀបចំ​ជ្រើសរើស​នាយក​ថ្មី ក្នុង​ចំណោម​នាយក​​រង នាយិកា​រង និង​លោកគ្រូ អ្នក​គ្រូ។ ក្រសួង​អប់រំ នឹង​បង្កើត​ក្រុម​ប្រឹក្សា​ភិបាល និង​កែ​លម្អ​បរិស្ថាន​សាលា​រៀន។

ជម្រើស​ទី​២៖ លោក​មូល ស៊ុយហេង ជា​នាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ដដែល តែ​លោក​មូល ស៊ុយ​ហេង ត្រូវ​សង​ថវិកា​រដ្ឋ​ដែល​បាន​បាត់បង់ និង​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

ដូច្នេះ​ លោក​មូល ស៊ុយហេង ត្រូវ​មក​ធ្វើ​នាយក​ដដែល តែ​ត្រូវ​សង​ថវិកា​រដ្ឋ​ព្រោះ​មាន​ការ​បោះ​ឆ្នោត​គាំ​ទ្រ​ពី​លោក​គ្រូ អ្នក​គ្រូ។ ប្រសិន​បើ​តាម​ចំណាត់​ការ​របស់​ក្រសួង លោក​នឹង​ត្រូវ​បំពេញ​ការងារ​នៅ​នាយកដ្ឋាន​មធ្យម​សិក្សា​ចំណេះ​ទូទៅ ដោយ​មិន​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់​ឡើយ។

លោកនាយកមូល ស៊ុយ ហេង និងអ្នកគាំទ្រ

តាម​លិខិត​របស់​ក្រសួង​អប់​រំ​បញ្ជាក់​ថា មូល​ហេតុ​ឈាន​ដល់​ការ​ផ្ទេរ​តំណែង​លោក​នាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ទៅ​កាន់​ផ្នែក​នាយក​ដ្ឋាន មធ្យម​សិក្សា​ចំណេះទូទៅ គឺ​ក្រោយ​ពេល​ដែល​ក្រុម​អធិការកិច្ច និង​សវនកម្ម​ផ្ទៃ​ក្នុង បាន​រក​ឃើញ​នូវ​បញ្ហា​អសកម្ម​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​ងារ​គ្រប់គ្រង ការងារ​រដ្ឋបាល ការ​រៀន និង​ការ​បង្រៀន និង​ការ​ប្រើប្រាស់​ថវិកា​សាលា​រៀន ព្រមទាំងថវិកា​ដៃ​គូ​អភិវឌ្ឍ។ បន្ទាប់​មក​ក្រសួង​ក៏​បាន​ចេញ​ប្រកាស​ផ្ទេរ​ភារកិច្ច លោក មូល ស៊ុយ​ហេង ឲ្យ​មក​បំពេញ​កិច្ច​ការ​នៅ​នាយក​ដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ ជា​ហេតុ​នាំ​ឲ្យ​លោក​គ្រូ អ្នក​គ្រូ​មួយ​ចំនួន​បាន​ចេញ​មក​តវ៉ា។

ក្នុង​សេចក្ដី​ប្រកាស​របស់​ក្រសួង​ដដែល​ឲ្យ​ដឹង​ទៀត​ថា ថ្វី​ត្បិត​ក្រសួង​បាន​ចំណាយ​ថវិកា​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ក៏​ដោយ ក៏​ការ​គ្រប់គ្រង​របស់​លោក​នាយក​នៅ​មាន​ភាព​ធូររលុង ស្ថានភាព​អនាម័យ​មិន​មាន​ភាព​ល្អ​ប្រសើរ​ឡើយ ជា​ពិសេស​ក្នុង​ថ្នាក់​រៀន​នៃ​កម្មវិធី​សិក្សា​ធម្មតា។

ដោយ​មាន​ភាព​អសកម្ម​ជា​ច្រើន​កើត​ឡើង​ក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​កើត​ឡើង ក្រោម​ការ​គ្រប់​គ្រង​របស់​លោក មូល ស៊ុយ​ហេង បែប​នេះ​ហើយ ទើប​ក្រសួង​សម្រេច​ផ្ទេរ​ភារកិច្ច​របស់​លោក តែ​មិន​ទទួល​បាន​ជោគជ័យ​ព្រោះ​មាន​ការ​ផ្ទុះ​បាតុកម្ម​តវ៉ា​ពី​លោក​គ្រូ អ្នក​គ្រូ ដែល​ធ្លាប់​ជ្រោក​កោន ក្រោម​ម្លប់​ដឹក​នាំ នៃ​នាយក​សាលា​រូប​នេះ៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់