
- 2018-09-21 10:07:10
- ព័ត៌មាន
ខ្លាចនាំចូលដល់ខ្មែរ មកដឹងវិធីគ្រប់គ្រង និងការពារមេរាគ ដែលរាតត្បាតពីជំងឺប៉េស្តជ្រូកអាហ្វ្រិក
- 2018-09-21 10:07:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាចនាំចូលដល់ខ្មែរ មកដឹងវិធីគ្រប់គ្រង និងការពារមេរាគ ដែលរាតត្បាតពីជំងឺប៉េស្តជ្រូកអាហ្វ្រិក
ចន្លោះមិនឃើញ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២០ កញ្ញានេះ បានសហការជាមួយក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ ក្នុងការរៀបចំកម្មវិធីសិក្ខាសិលាមួយស្តីពី «ជំងឺ និងផលប៉ះពាល់ដល់អាជីវកម្ម» នៃជំងឺប៉េស្តជ្រូកអាហ្រិ្វក (African Swine Fever)នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ។
កម្មវិធីនេះធ្វើឡើង ក្នុងគោលបំណងផ្សព្វផ្សាយ និងបង្ហាញពីវិធីគ្រប់គ្រង និងការពារមេរាគ ដែលរាតត្បាតពីជំងឺប៉េស្តជ្រូកអាហ្វ្រិក។ ជំងឺប៉េស្តជ្រូកអាហ្រិ្វក ត្រូវបានរាតត្បាត និងកើតឡើងលើសត្វជ្រូក ដែលបង្កជាបញ្ហាចោទដល់ប្រជាជនដែលបរិភោគសាច់ជ្រូក ជាពិសេសម្ចាស់កសិដ្ឋានចិញ្ចឹមសត្វជ្រូកក្នុងប្រទេសអាស៊ី ហើយ ប្រទេសដែលមានជំងឺរាតត្បាតនេះ នឹងត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើផ្នែកសេដ្ឋកិច្ច និងសង្គម។
វីរុសនេះ កើតលើទាំងសត្វជ្រូកព្រៃនិងជ្រូកស្រុក ដែលជ្រូកព្រៃជាអ្នកផ្ទុកហើយឆ្លងមកជ្រូកស្រុកតាមរយៈការចេញចូលពីកន្លែងមួយទៅកន្លែងមួយទៀត។ ដូច្នេះ អាចនិយាយបានថាសត្វដែលឆ្លង គឺ៩០% ស្លាប់ដោយមិនមានថ្នាំបង្ការនៃជំងឺនេះនៅឡើយទេ។
ឯកឧត្តមបណ្ឌិត សួន សុធឿន អគ្គនាយករងនៃនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ មានប្រសាសន៍ថា៖ "ជំងឺនេះ ជាជំងឺប៉េស្តជ្រូកអាហ្រិ្វក បង្កដោយវីរុសដែលធន់នឹងបរិយាកាសខាងក្រៅ វានៅក្នុងលាមកសត្វ កាកសំនល់ ខោអាវដែល ស្លៀកពាក់ មធ្យោបាយយានយន្តជាដើម។ ហើយយើងបានសហការជាមួយអង្គការ ដើម្បីជជែកពិភាក្សាពីបញ្ហាទប់ស្កាត់នៃជំងឺប៉េស្តជ្រូកអាហ្វ្រិក"។ ឧទាហរណ៍៖ ប្រទេសចិនដែលបានចម្លងពីកន្លែងមួយទៅកន្លែង មួយទៀត។
លោកបានបញ្ជាក់ថា៖ "ព្រះរាជាណាចក្រកម្ពុជាអត់មានករណីកើតជំងឺប៉េស្តជ្រូកអាហ្វ្រិក ប៉ុន្តែទោះបីមិនកើតក៏ដោយយើង មានចំណាត់ការបង្ការគ្រប់គ្រងជំងឺនេះជាមុនដោយការសហការ ពីវិស័យឯកជនជាមួយក្រសួងរបស់យើង"។
លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមជ្រូកកម្ពុជាបានឲ្យថា៖ "បញ្ហាសព្វថ្ងៃ ដែលយើងអាចប្រឈមខ្លាំង គឺបញ្ហានាំចូលសាច់ពីក្រៅប្រទេសដែលអាចបង្កការឆ្លងដ៏ងាយបំផុត ដូច្នេះសូមឲ្យក្រសួងចេញនូវលិខិតបញ្ជាក់ត្រឹមត្រូវមុនពេលនាំចូលសាច់ និងលើកស្ទួយដល់កសិករក្នុងការចិញ្ចឹមសត្វឲ្យគ្រប់នូវតំរូវការទីផ្សារក្នុងស្រុក"។
ដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិក ជាជំងឺដែលឆ្លងរាលដាលទៅលើសត្វជ្រូក ហើយវីរុសនេះរស់នៅជុំវិញបរិស្ថានបានយូរ ជំងឺនេះអាចឆ្លងតាមរយៈ៖ (១)ការប៉ះពាល់សំបោរ ទឹកមាត់ ទឹកភ្នែក ទឹកនោម និងលាមកជ្រូកមានជំងឺ (២)ការដកដង្ហើមចូលដែលមានមេរោគក្នុងខ្យល់ (៣)ការស៊ីចំណីដែលជាកាកសំណល់ផ្ទះបាយដែលមានមេរោគ (៤)ជ្រូកព្រៃក៏ជាភ្នាក់ងារចម្លងជំងឺបាន តែវាមិនបង្ហាញអាការៈជំងឺឱ្យឃើញ និង (៥)យានយន្តសំលៀកបំពាក់ ឬឧបករណ៍ដែលមានមេរោគ។
លោកវេជ្ជបណ្ឌិត Roongroje Thanawongnuwech សាស្ត្រចារផ្នែកវិទ្យាសាស្ត្របសុសត្វនៃសកលវិទ្យាល័យ Chulalongkorn បានឱ្យដឹងថា៖ "មធ្យោបាយដ៏ល្អបំផុតក្នុងការបង្ការជំងឺនេះ នៅពេលយើងនិយាយ វាងាយស្រួលណាស់ ប៉ុន្តែក្នុងការគ្រប់គ្រងផ្នែកបច្ចេកទេស វាពិបាកណាស់។ មនុស្សគឺជាអ្នកដែលនាំជំងឺនេះពីកន្លែងមួយទៅកន្លែងមួយទៀត។ ឧទាហរណ៍ប្រសិនបើប្រជាជនចិនធ្វើដំណើរ និងនាំយកសាច់ជ្រូក ឬ អាហារដែលនៅសល់នោះ វានឹងឆ្លង"។
លោកបន្តថា៖ "ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា និងឧស្សាហកម្មជលផល ត្រូវការការពាររាល់ការនាំចូលផលិតផល និងបញ្ឈប់ការនាំយកផលិតផលសាច់មួយចំនួនពីប្រទេស ដែលមានជំងឺប្រភេទនេះ"។ សម្រាប់ការគ្រប់គ្រងប្រសិនបើអ្នកបានរកឃើញជំងឺនេះអ្នកត្រូវរកដំណោះស្រាយឱ្យបានឆាប់ដើម្បីបញ្ឈប់ជំងឺនេះមិនឱ្យរីករាលដាលនៅក្នុងប្រទេស។ លោកវេជ្ជបណ្ឌិត Roongroje ថា៖ "ខ្ញុំគិតថារដ្ឋាភិបាលត្រូវត្រៀមខ្លួន ហើយសុំការសហការឲ្យមានការការពារ ព្រោះបណ្តាប្រទេសអាស៊ីមិនទាន់មានជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅឡើយទេ"។
អាការៈជំងឺនេះគួរកត់សម្គាល់ដូចជា៖ ជ្រូកមានកម្តៅខ្ពស់ ស្បែកឡើងក្រហមមានកន្ទួលឈាមហើយមានស្នាមជាំលើស្លឹកត្រចៀក ពោះ និងជើងក្រោយ មានអាការៈពិបាកក្នុងការដកដង្ហើម ជួបប្រទះអាការៈខាងប្រព័ន្ធរំលាយអាហារ លាមករាកមានលាយឈាម ជ្រូកមានការរលូតកូន ឬកូនកើតមកភ្លាមងាប់ភ្លាមជ្រូកអាចងាប់ភ្លាមៗដោយមិនមានរោគសញ្ញាអ្វីទាំងអស់។
ដូច្នេះការគ្រប់គ្រង និងការការពារមេរោគមានដូចជា៖ អនុវត្តតាមជីវៈសុវត្ថិភាពរបស់កសិដ្ឋាន ពេលចេញចូលកសិដ្ឋានគួរសម្អាតខ្លួនប្រាណ កក់សក់ ប្តូរសំលៀកបំពាក់ ស្បែកជើង និងជ្រលក់ទឹកថ្នាំសម្លាប់មេរោគ ពង្រឹងច្បាប់ក្នុងការចេញចូលកសិដ្ឋាន គ្មានការទិញលក់ ឬនាំសត្វជ្រូកចូលដោយមិនមានប្រភពច្បាស់លាស់ ធ្វើការសម្អាតកសិដ្ឋានដោយបាញ់ថ្នាំសម្លាប់មេរោគ បាញ់សម្លាប់មេរោគលើយានជំនិះមុនចេញចូលកសិដ្ឋាន ជៀសវាសក្នុងការនាំផលិតផលសាច់ជ្រូកចូលក្នុងកសិដ្ឋាន និងជៀសវាងការឲ្យចំណីជ្រូកជាកក់សំណល់ផ្ទះបាយ។
គួរបញ្ជាក់ដែរថា ប្រសិនបើសត្វជ្រូកឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក នឹងធ្វើឲ្យសត្វជ្រូកងាប់ជាច្រើន(អាចនឹងមានអាត្រាងាប់១០០ភាគរយ) ដែលជំងឺនេះមិនទាន់មានវ៉ាក់សាំង និងវិធីព្យាបាលនៅឡើយទេ ប៉ុន្តែវាជាជំងឺដែលមិនឆ្លងទៅមនុស្ស៕