• 2018-09-25 07:15:20
  • ព័ត៌មាន

រដូវ​ភ្លៀង​ជួយអ្នក​ផលិត​ឧបករណ៍នេសាទ​ លក់​ដាច់​ខ្ទង់​លាន​ក្នុង​មួយ​ថ្ងៃៗ​

  • 2018-09-25 07:15:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧបករណ៍​នេសាទ​បែប​បុរាណ​របស់​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ឥស្លាម​នៅ​ស្រុក​ទ្រាំង​ខេត្ត​តាកែវ​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​ពី​សំណាក់​ប្រជានេសាទ​មក​ពី​តាម​​បណ្តា​ខេត្ត​នានា​ដូច​ជា​ខេត្តកំពត​ កំពង់ស្ពឺ និងខេត្តកណ្តាល ជា​ដើម។ នេះ​បើតាម​ការអះ​អាង​របស់​ស្ត្រី​អ្នក​ផលិត​ម្នាក់​នៅ​ផ្សារ​កំពង់ជ្រៃ​។

(អ្នកស្រី សាន់ ម៉ារី​ កំពុងអង្គុយ​ចាក់​មង)

ផ្សារ​កំពង់ជ្រៃ​មាន​ចម្ងាយ​ប្រ​មាណជា​២០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​តាកែវ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២​ទៅ​កាន់​ស្រុក​គិរីវង្ស។ ប្រជា​​ពល​រដ្ឋ​ខ្មែរ​ឥស្លាម​ជា​ច្រើន​គ្រួសារ​បាន​ប្រ​កប​របរ​ចាក់​មង អួន សំណាញ់ ទ្រូ​ប្រើស១០០ ជាដើម​។

នៅ​តាម​សង​ខាង​ផ្លូវ​មាន​តូប​តូចៗ​សង់​តម្រៀប​គ្នា​មិន​តិច​ជាង​៤០តូប​ឡើយ​ដែល​ផ្ទុក​ទៅ​ដោយ​ឧបករណ៍​នេសាទ​ច្រើន​ប្រភេទ​។ ជា​មួយ​នឹង​កាយ​វិការ​រវៀស​រវៃ​ចាក់​មង​បណ្តើរអ្នកស្រី សាន់ ម៉ារី​ និយាយ​ប្រាប់​ Sabayថា​ស្វាមី​និង​ឪពុក​រួម​ទាំងអ្នកស្រី​ផង​ជា​អ្នក​ផលិត​ឧបករណ៍​នេ​សាទ​ ទាំងនេះ។

តាម​រយៈ​បទ ពិសោធន៍​ច្រើន​ឆ្នាំ មានទឹក​ដៃ​អាចទទួល​យក​បាន អ្នកស្រី បន្តថា​អតិថិជន​សុទ្ធ​តែ​បាន​កោត​សរសើរពី​ស្នាដៃ​របស់គ្រួសារអ្នកស្រី​ចំពោះ​ការផលិត​ឧបករណ៍នេសាទនេះ។​

(ឧបករណ៍​នេសាទ​ដែល​ដាក់តាំង​លក់​នៅ​តាម​ផ្លូវជាតិ​លេខ​២ ម្តុំ​ផ្សា​រ​កំពង់ជ្រៃ)

អ្នកស្រី​បន្តថា៖ «ខ្ញុំ​មិន​ដឹង​ថា​ម៉េច​ទេ​ប៉ុន្តែ​ការ​ផលិត​គឺពួក​យើង​ផ្តោត​លើ​គុណ​ភាព​...​មិន​មែន​ចេះ​តែ​ធ្វើឲ្យ​រួចៗ​ពី​ដៃនោះ​ទេ​ហើយ​អ្នក​ដែល​ទិញ​ពី​យើង​យក​ទៅ​ប្រើ​ឃើញ​ថាល្អ​គាត់​តែង​តែប្រាប់តៗ​គ្នា»។

ចំណែក​​លោក​សាំង ស៊ីត ម្ចាស់​តូប​លក់​នៅក្បែរ​ខាង​នោះ​លើកឡើងដែរ​ថា​លោក​លក់​ឧបករណ៍​នេសាទ​ច្រើន​​ឆ្នាំហើយ​តែ​រដូវ​ភ្លៀង​លក់​ដាច់​ខ្លាំង​គឺសំណាញ់​និង​មង​។

លោក​ឲ្យ​ដឹង​ថា​ឧបករណ៍​នេសាទទាំងនេះ​លក់​ដាក់​ខ្លាំង​នៅ​រដូវ​ភ្លៀង​ធ្លាក់​ច្រើន ឬអាចថា​នៅ​ខែ​កញ្ញា តុលា ជា​ដើម។ សម្រាប់​រដូវភ្លៀង​ខ្លាំង​ មានទឹក​ជន​បែបនេះ លោក​ថា​ក្នុង​មួយ​ថ្ងៃ​អាច​លក់​បាន​ប្រាក់​ប្រហែល​១លាន​រៀល និង​ថា​មាន​ថ្ងៃខ្លះ​យូរៗម្តង​អាច​បាន​លើស​នេះ​​ក៏​មាន​​។ ទោះ​យ៉ាង​ណា​លោក​ថា​សម្រាប់​នៅ​រដូវ​ប្រាំង​វិញ​លក់​មិន​សូវ​ដាច់​ប៉ុន្មាន​ទេ។​

លោ​ក​ឲ្យ​ដឹងថា​មង​មួយ​តម្លៃ ចន្លោះពី​១៥ ០០០​រៀល ទៅ​២០ ០០០​រៀល ទ្រូ​ប្រើស​១០០ តម្លៃ​ជាង​៤០ ០០០​ម៉ឺន​រៀល ហើយ​សំណាញ់​វិញ​តម្លៃ​ចន្លោះពី​១៥ម៉ឺន​រៀល ទៅ​១៨ម៉ឺន​រៀល។

ឧបករណ៍​ទាំង​នេះ​ លោកថា​ទិញ​សាច់​មង សាច់​អួន​ពីប្រទេស​ថៃ​យក​មក​ចង​ធ្វើ​ដោយ​ផ្ទាល់​ដៃ​។លោក​បន្តថា៖ «​មិនមែន​សុទ្ធ​តែ​ធ្វើ​ទៅ​បាន​ស្អាត​ល្អគ្រប់គ្នាៗ​គ្នានោះ​ទេ...​គឺ​វាទាម​ទារ​នូវបទពិសោធន៍​និង​ទឹក​ដៃអ្នផលិត​ដូចជា​សំណាញ់ជា​ដើម...​ប្រសិន​បើធ្វើមិន​ត្រូវ​បង់​ទៅអត់​សូវ​បែក​ទេ​ហើយខ្លះ​ទៀត​ប្រើ​មិនបាន​ប៉ុន្មាន​ផង​បែក​ក្បាលរុយ​ហើយ​(ក្បាល​សំណាញ់​)​ប្រើ​លែង​កើត​ក៏មាន»៕

អត្ថបទដោយ៖ ជិន វេន

មតិយោបល់