• 2018-10-11 07:37:10
  • ចរាចរណ៍

ឯកឧត្ដម រុន រ័ត្នវាសនា៖ នគរបាល​ពិន័យ​ប្រាក់​​ជនជាតិ​ចិន​ មិន​ប្រក្រតី ប្រឈម​ទោស​រដ្ឋបាល ឬ​អាច​ដក​តំណែង

  • 2018-10-11 07:37:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់​ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​បាន​ឲ្យ​ដឹង​ថា នគរបាល​ចរាចរណ៍​នៅ​ខេត្ត​ព្រះសីហនុ​មួយ​រូប បាន​ផាក​ពិន័យ​លើ​អ្នក​បើកបរ​ជនជាតិ​ចិន ដែល​អាច​ខុស​នីតិវិធី ប្រឈម​នឹង​ទោស​ពិន័យ​រដ្ឋបាល, ដក​ស័ក្ដិ និង ត្រូវ​បណ្ដេញ​ចេញ​ពី​តួនាទី ប្រសិន​បើ​រក​ឃើញ​មាន​កំហុស​មែន​នោះ។

ចុចអាន៖ បន្តិច​ទៀត​! ត្រឹម ១០វិនាទី​​ សមត្ថកិច្ច​អាច​រក​ឃើញ​ផ្ទះ​អ្នក​ល្មើស​ច្បាប់​ចរាចរណ៍​

ឧត្ដមសេនីយ៍ឯក​ រុន រ័ត្នវាសនា

ប្រតិកម្ម​របស់ ឯកឧត្តម រុន រ័ត្នវាសនា​ ខាង​លើ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​វីដេអូ​មួយ​ត្រូវ​បាន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​បង្ហោះ​រូបភាព​ នគរបាល​ចរាចរណ៍​ម្នាក់​បាន​ផាក​ពិន័យ​អ្នក​បើកបរ​ជនជាតិ​ចិន ចំនួន​១០០ដុល្លារ ដោយ​ចរចា​នៅ​សល់​ត្រឹម ៥០ដុល្លារ ដោយ​មិន​បាន​ចេញ​វិក្កយបត្រ ដែល​ផ្ទុយ​នឹង​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ​ លេខ០០៦។

ឧត្ដមសេនីយ៍ឯក​ រុន រ័ត្នវាសនា បាន​ប្រាប់ Sabay នៅ​មុន​នេះ​ថា "ចំណុច​ទី​០១ ខ្ញុំ​អត់​ចេះ​​ស្ដាប់​ភាសា​ចិន​មិន​ដឹង​ខុស​អី តែ​បើ​ផាក​រឿង​អត់​ខ្សែ​ក្រវ៉ាត់​ មិនមែន​តម្លៃ​ហ្នឹង​ទេ តែ​បើ​ផាក​អត់​មាន​បណ្ណបើកបរ​គឺ ៤០ម៉ឺន​រៀល ប្រភេទ​រថយន្ត​ធន់​ស្រាល រថយន្ត​ធន់​ធ្ងន់ ៨០ម៉ឺន​រៀល។ ចឹង​ការ​បកប្រែ​នៅ​តាម​បណ្ដាញ​សង្គម​ថា​ ចិន​ជិះ​ខុស​អត់​ដាក់​ខ្សែក្រវ៉ាត់​ហ្នឹង​ ខ្ញុំ​អត់​ច្បាស់ ព្រោះ​ខ្ញុំ​អត់​ចេះ​ភាសាចិន​ហ្នឹង!”។

ទោះ​យ៉ាង​ណា​ក៏ដោយ ឧត្ដមសេនីយ៍ឯក​ រុន រ័ត្នវាសនា បាន​បញ្ជាក់​ថា បើ​ទោះ​ជនជាតិ​ចិន​បើកបរ​មិនមាន​បណ្ណបើកបរ ហើយ​ការ​ផាក​ពិន័យ​ជា​ប្រាក់​ត្រឹម​ក្ដី ក៏​ខុស​នឹង​គោលការណ៍​ ដែល​ការ​ផាក​ពិន័យ​ត្រូវ​ចេញ​វិក្កយបត្រ​ឲ្យ​បាន​ត្រឹមត្រូវ​ ដែល​ផ្ទុយ​នឹង​វិន័យ​របស់​កង​កម្លាំង​នគរបាល​ជាតិ លេខ០០៦។ យ៉ាង​ណា​ក៏ដោយ​ ឯកឧត្ដម​ថា ស្នងការ​ខេត្ត​កំពុង​ធ្វើ​ការ​រឿង​នេះ ព្រោះ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រព្រឹត្តិ​ខុស​ឆ្គង​នោះ​ឡើយ។

ចំពោះ​ទោស​ទណ្ឌ​លើ​មន្ត្រី​នគរបាល​ ឯកឧត្តម រុន រ័ត្នវាសនា​ បញ្ជាក់​ថា នគរបាល​រូប​នេះ​អាច​ប្រឈម​នឹង​ពិន័យ​រដ្ឋបាល ដក​ស័ក្ដិ ឬ​ បណ្ដេញ​ចេញ នៅ​ពេល​រក​ឃើញ​កំហុស​ពិត​ប្រាកដ។

វីដេអូ​​ដែល​ផ្ទុះ​នៅ​លើ​បណ្ដាញ​សង្គម កាលពីពេលថ្មីៗ​នេះ គឺ​មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្ត​ព្រះសីហនុ​ម្នាក់ បាន​និយាយ​ភាសា​ចិន ទារ​ប្រាក់​អ្នក​បើកបរ​ជនជាតិ​ក្នុង​ទំហំ​ទឹក​ប្រាក់ ១០០ដុល្លារ។ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​បាន​សរសេរ​ភ្ជាប់​ឃ្លា​ថា ការ​ផាក​ពិន័យ​នោះ ​លើស​គោលការណ៍​កំណត់​ ដែល​ត្រឹម​បទល្មើស​អត់​មាន​ខ្សែ​ក្រវ៉ាត់​ គឺ​ត្រឹមតែ ២៥ ០០០ រៀល​ប៉ុណ្ណោះ។

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់