• 2018-10-16 02:53:30
  • ស្នេហា

រឿងក្នុងចិត្ត៦យ៉ាងប្រុសៗចង់ឲ្យស្រីៗដឹងបំផុត តែអត់ហ៊ានប្រាប់ ទ្រាំបៀមទុកខ្លួនឯង

  • 2018-10-16 02:53:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេថា​មនុស្ស​ស្រី​ជា​អ្នក​ពូកែ​លាក់​អារម្មណ៍​ តែ​បើ​សម្គាល់​ឲ្យ​មែន​ទែន​ទៅ​មិន​ប្រាកដ​បែប​នេះ​ឡើយ ព្រោះ​នាង​តែង​បង្ហាញ​អារម្មណ៍​ភ្លាម​ៗ ដើម្បី​ឲ្យ​ដៃ​គូ​យល់​ពី​ចិត្ត​នាង។ ផ្ទុយ​មក​វិញ​បុរស​ឯ​ណេះ​វិញ​ទេ ជា​មនុស្ស​ពូកែ​លាក់​អារម្មណ៍ មិន​ងាយ​នឹង​បង្ហាញ តែ​ពេល​ខ្លះ​គេ​ក៏​ហត់​នឿយ ធុញ​ទ្រាន់ និង​ចង់​ឲ្យ​ខាង​នារី​យល់​ពី​ចិត្ត​គេ​វិញ​ដូច​គ្នា។ ខាង​ក្រោម​នេះ​ជា​រឿង​ក្នុង​ចិត្ត​ដែល​បុរសៗ​ចង់​ឲ្យ​នារី​ដឹង៖

១. បើ​ខឹង​ត្រូវ​ឆាប់​បាត់

មិន​ថា​នាង​ខឹង​ព្រោះ​កំហុស​ដែល​គេ​បាន​ធ្វើ ឬ​នាង​ខឹង អន់​ចិត្ត ​ព្រោះ​តែ​ការ​យល់​ច្រឡំ​យ៉ាង​ណា​នោះ រឿង​តែ​ម្យ៉ាង​ដែល​គេ​ចង់​បាន​ខ្លាំង គឺ​កុំ​នៅ​ងរង៉ក់​យូរ​ពេក បើ​គេ​សុំ​ទោស​ហើយ ដឹង​ខ្លួន​ខុស​ហើយ នាង​គួរ​ប្រែ​មក​ធម្មតា​វិញ​មក។

២. សូម​មេត្តា​និយាយ​ត្រង់​ទៅ​ត្រង់​មក ព្រោះ​គេ​មិន​ងាយ​គ្រូទាយ​ដឹង​ពី​ចិត្ត​នាង​គ្រប់​ពេល​ទេ

រឿង​មួយ​ទៀត​ដែល​គេ​ចង់​សុំ​ពី​នាង គឺ​បើ​ថា​ចង់​បាន​អ្វី​ប្រាប់​ឲ្យ​ត្រង់​កុំ​បាច់​បញ្ឆិតបញ្ឆៀង បើ​ថា​ខឹង​រឿង​អី​ប្រាប់​ឲ្យ​ចំ​មក កុំ​ផ្លែផ្កា​ឌឺដង​ពេក។ ទទួល​ស្គាល់​នារីៗ មួយ​ចំនួន​ធ្វើ​ខ្លួន​ដូច​ព្រះនាង​ម្ចាស់ ចង់​ឲ្យ​ខាង​ប្រុស​យល់​ពី​នាង​គ្រប់​បែប​យ៉ាង តែ​ត្រូវ​ដឹង​ថា មនុស្ស​មិន​អាច​មាន​អារម្មណ៍​ល្អ​គ្រប់​ពេល​ឡើយ។ មនុស្ស​ប្រុស​ក៏​ជា​មនុស្ស ចេះ​ធុញ ចេះ​ហត់​ដូច​គ្នា។

រូបតំណាង

៣. ជឿជាក់​លើ​ស្នេហា​ដែល​គេ​មាន​ផង

ស្នេហា​សំខាន់​បំផុត គឺ​ការ​ជឿជាក់​លើ​គ្នា ជឿ​លើ​ទង្វើ កាយ​វិការ ដែល​ផ្ដល់​ឲ្យ​គ្នា។ ទទួល​ស្គាល់​ថា មនុស្ស​ស្រី​អាច​មាន​ក្ដី​ស្រលាញ់​ខ្លាំង​លើសលប់ ជាង​ភាគី​ខាង​បុរស ជា​ហេតុ​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​មនុស្ស​ដែល​ចិត្ត​ច្រើន សង្ស័យ​ច្រើន ជួន​កាល​ក្លាយ​ជា​មនុស្ស​លែង​មាន​ហេតុផល។ រី​ឯ​បុរស​ក្លាយ​ទៅ​ជា​មនុស្ស​ម្នាក់​ដែល​រង់ចាំ​តែ​បកស្រាយ ព្រោះ​តែ​ការ​សង្ស័យ​រាប់រយ​ជំពូក​របស់​មនុស្ស​ស្រី​ទៅ​វិញ។

ទង្វើ​ដដែលៗ ការ​ចោទ​ប្រកាន់ សង្ស័យ​គ្មាន​ហេតុផល ដែល​ផ្ទុយ​ខុស​ពី​ការ​ពិត​នេះ​ហើយ ដែល​ធ្វើ​គេ​ហត់​ចិត្ត។ គេ​នឹង​មាន​អារម្មណ៍​ស្នេហា​ដែល​គេ​ផ្ដល់​ឲ្យ​នារី​ម្នាក់​ហាក់​គ្មាន​តម្លៃ ការ​ខិតខំ​របស់​គេ​ដើម្បី​នារី​ម្នាក់ ទទួល​បាន​មក​វិញ​តែ​ការ​សង្ស័យ។

៤. ស្រលាញ់​គេ​ជា​គេ​បាន​ទេ? ព្រោះ​គេ​ក៏​ហត់​នឹង​ផ្លាស់​ប្ដូរ​ដើម្បី​នាង

ប្រសិន​បើ​ស្រលាញ់​គ្នា គឺ​ត្រូវ​ទទួល​ទាំង​ចំណុច​ល្អ និង​ចំណុច​មិន​ល្អ​របស់​គូ​ស្នេហ៍ ហើយ​ព្យាយាម​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ម្នាក់​បន្តិច ដើម្បី​ក្ដី​ស្នេហា​មួយ។ នារី​ខ្លះ ចង់​ឲ្យ​បុរស​ដែល​ខ្លួន​ឯង​ស្រលាញ់ ធ្វើ​គ្រប់​បែប​យ៉ាង​ដើម្បី​នាង ដើម្បី​ក្ដី​សុខ​ខ្លួន​ឯង រហូត​ក្លាយ​ជា​មនុស្ស​អាត្មា​និយម​ទៅ​វិញ។ ពេល​ខ្លះ​គេ​ចង់​រស់​នៅ​ជា​ជីវិត​របស់​គេ ហើយ​គេ​ចង់​មាន​ស្នេហា​មួយ ដែល​យល់​ពី​គ្នា​ទៅ​វិញ​ទៅមក។ គេ​ក៏​មាន​អារម្មណ៍​ចេះ​ហត់ ហើយ​គេ​ក៏​ចង់​ឲ្យ​នារី​ដែល​ខ្លួន​ស្រលាញ់​ព្យាយាម​យល់​ពី​គេ​វិញ​ដូច​គ្នា មិន​មែន​ឲ្យ​តែ​មិន​ធ្វើ​អ្វី​តាម​ចិត្ត​នាង​ចង់​បាន ហើយ​មក​ចោទ​ប្រកាន់​ថា គេ​មិន​ស្រលាញ់​នាង​នោះ​ទេ។

រូបតំណាង

៥. អូន​កុំ​យក​បង​ទៅ​ប្រៀប​នឹង​សង្សារ​មិត្តភក្ដិ​អូន​បាន​ទេ?

«អូន​ឃើញ​សង្សារ​មិត្ត​ភក្ដិ​អូន​ឡើង​កាលីប​ជាង​បង​ឯង​ទៀត» ពាក្យ​មួយ​ឃ្លា​នេះ​នារីៗ​មិន​គួរ​និយាយ ទៅ​កាន់​សង្សារ​ឡើយ ព្រោះ​នេះ​ជា​ការ​ប្រៀបធៀប​សង្សារ​ខ្លួន​ ជាមួយ​អ្នក​ដទៃ។ ភាគី​បុរស​ពេល​ឭ​មួយ​ប្រយោគ​នេះ​ហើយ គឺ​ចុក​ឈាម​បំផុត ហើយ​គិត​ថា​ខ្លួន​ឯង​មិន​មាន​អ្វី​ដូច​គេ។

៦. សុំ​ពេល​វេលា​ផ្ទាល់​ខ្លួន​ខ្លះ​ផង

មិន​ថា​គេ​នៅ​កន្លែង​ធ្វើ​ការ ទៅ​ជួប​មិត្ត​ភក្ដិ ឬ​នៅ​ជាមួយ​គ្រួសារ នាង​តែង​តែង​ចង់​ឲ្យ​គេ​ខល ផ្ញើសារ​ ហើយ​ពេល​ខ្លះ នាងទាមទារ​ឲ្យ​បុរស​ដែល​ខ្លួន​ឯង​ស្រលាញ់ នៅ​ក្បែរ​នាង​គ្រប់​ពេល ទើប​នាង​សុខ​ចិត្ត។ បែប​នេះ​គេ​មិន​មែន​ហៅ​ថា ស្នេហា​នោះ​ទេ តែ​ជា​លក្ខណៈ​ចង់​ក្លាយ​ជាកម្ម​សិទ្ធិ​ផ្ដាច់​មុខ​ហើយ។ ការ​ស្រលាញ់​គ្នា មិន​ចាំបាច់​ទាល់​តែ​នៅ​ក្បែរ​គ្នា​២៤​ម៉ោង និយាយ​ទូរសព្ទ ផ្ញើ​សារ​រក​គ្នា គ្រប់​ទីកន្លែង​ទេ សំខាន់​ក្ដី​ស្រលាញ់​ដែល​មាន​នៅ​ក្នុង​ចិត្ត​គឺ​មាន​តម្លៃ​បំផុត មិន​អាច​កាត់​ថ្លៃបាន។

គេ​កើត​មក​ជា​បុរស មិន​មែន​កំណត់​មក​ថា ​សម្រាប់​តែ​ធ្វើ​គ្រប់​យ៉ាង ដើម្បី​តែ​នារី​ទេ គេ​មាន​កាតព្វកិច្ច មាន​ការងារ មាន​ឪពុក​ម្ដាយ បង​ប្អូន​មិត្ត​ភក្ដិ ដូច​តែ​នាង​អ៊ីចឹង។ នាង​ជា​ចំណែក​មួយ​ក្នុង​ជីវិត​របស់​គេ​មែន តែ​មិន​មែន​ជា​ម្ចាស់​ជីវិត​គេ មាន​សិទ្ធ​គ្រប់​គ្រង​គេ​ទាំង​ស្រុង​បាន​ឡើយ។

សូមបញ្ជាក់ថា ៦ចំណុចខាងលើនេះ គឺជាការចែករំលែកបទពិសោធន៍របស់បុរសមួយចំនួន តាមសារអេឡេចត្រនិកជាមួយក្រមការងារ Sabay ចំនួន៥រូប ហើយបានលើកឡើងស្រដៀងៗគ្នា ដូចខាងលើនេះ៕

​​

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់