- 2018-10-16 04:23:04
- សេដ្ឋកិច្ច
ទម្លាយពីយុទ្ធសាស្ត្ររកស៊ី របស់ស្ថាបនិកហាងកាហ្វេវ័យក្មេង ល្បីៗបំផុតនៅភ្នំពេញ
- 2018-10-16 04:23:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាយពីយុទ្ធសាស្ត្ររកស៊ី របស់ស្ថាបនិកហាងកាហ្វេវ័យក្មេង ល្បីៗបំផុតនៅភ្នំពេញ
ចន្លោះមិនឃើញ
ការតស៊ូព្យាយាមមិនបោះបង់ ហ៊ានប្រថុយទទួលយកហានិភ័យរាប់មិនអស់ រហូតក្លាយជាសហគ្រិនវ័យជោគជ័យមួយរូប គឺមិនមែនជារឿងងាយនោះឡើយ។ ខាងក្រោមនេះជាការចែករំលែកនូវបទពិសោធន៍ ល្អៗជាច្រើនពីស្ថាបនិកហាងកាហ្វេវ័យក្មេង២រូបនៅរាជធានីភ្នំពេញ។
១. លោក ចាង ប៊ុនលាង សហស្ថាបនិកកាហ្វេ Brown
បើកក្រុមហ៊ុន Brand ក្នុងស្រុកមួយឱ្យមានឈ្មោះល្បីល្បាញ និង មាននិរន្តរភាព មិនមែនជារឿងងាយស្រួលទេ ប៉ុន្តែទោះបីជាយ៉ាងណា លោក ចាង ប៊ុនលាង សហស្ថាបនិកហាងកាហ្វេក្នុងស្រុក Brown បានចែករំលែកបទពិសោធន៍ថា ហាងកាហ្វេរបស់លោកទទួលបានជោគជ័យ និងមាននិរន្តរភាព ក៏ដោយសារតែដើរតាម ៥ ចំណុចគោលធំៗទាំងនេះ។
១. គំនិត + ក្រុមការងារ + លុយ (Idea + Team + Money)
២. បង្កើតសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំមួយ (Build a Strong Supply Chain )
៣. វិនិយោគលើវគ្គបណ្ដុះបណ្ដាល និងអភិវឌ្ឍ (Investing in training & Development)
៤. អភិវឌ្ឍផលិតផល និងក្រុមហ៊ុនឲ្យប្រសើរ (Innovating process & Product)
៥. បង្កើត និងពង្រឹងវប្បធម៌ការងារ ជាមួយនឹងគោលបំណងច្បាស់លាស់ (Build and reinforcing a strong company culture with a clear mission)
លោក ចាង ប៊ុនលាង បានលើកឡើងបែបនេះ ពេលធ្វើបទបង្ហាញក្រោមប្រធានបទ «How to start up a business» ក្នុងកម្មវិធី Business Forum កាលពីឆ្នាំ២០១៦។
២. លោក យ៉ែម ឈីម Mobile Coffee
និយាយពីឈ្មោះកាហ្វេរទេះតាមផ្លូវមួយ ដែលប្រិយមិត្តប្រាកដជាស្គាល់ Mobile Coffee ដែលបានចាប់ប្រឡូកក្នុងរបរចាក់ទឹកយកលុយតាំងពីឆ្នាំ២០១៤។ កាហ្វេរទេះ ជាការច្នៃប្រឌិតថ្មីមានម៉ាកយីហោ និងមិនធ្លាប់មានអ្នកណានឹកឃើញធ្វើពីមុនមកឡើយ។ រហូតបច្ចុបន្នរបរកាហ្វេចាក់ទឹកយកលុយដ៏តូចនេះ បានវិវត្តជាអ្នកផ្គត់ផ្គង់ភេសជ្ជៈតាមកម្មវិធីតូចធំ និងបានពង្រីកខ្លួន ជាហាងកាហ្វេប្រេនក្នុងស្រុកមួយ មិនចាញ់ហាងល្បីៗ ដូចជា កាហ្វេ Brown កាហ្វេ Starbucks កាហ្វេ Amazon និងហាងផ្សេងៗទៀត។
នៅពីក្រោយនៃភាពជោគជ័យពីហាងកាហ្វេរទេះថ្ងៃនេះ ស្ថាបនិកនៃ Mobile Coffee លោក យ៉ែម ឈីម កូនកសិករមកពីខេត្តកំពង់ចាម រៀបរាប់ពីប្រវត្តិសង្ខេបនៃជីវិតនិងអាជិវកម្មដូចតទៅ៖
ជាកូនទោលក្នុងគ្រួសារ លោក ឈីម បានចេញពីផ្ទះទៅបន្តថ្នាក់វិទ្យាល័យនៅទីរួមខេត្តកំពង់ចាម ដោយសា្នក់នៅវត្តក្នុងចេតិយជាមួយលោក។ ថវិកាបានក្លាយជាថវិកាបញ្ហារាំងស្ទះការសិក្សា នៅថ្នាក់ទី១១ យុវជនវ័យ ១៧ឆ្នាំ បែរជាសំណាង បានក្រុមហ៊ុនបច្ចេកវិទ្យាមួយហៅមកធ្វើការទាំងមិនទាន់គ្រប់អាយុ។ ចូលដល់ថ្នាក់ទី១២ ឆ្នាំ ២០១១ ប្រាក់ខែឡើងជាង ២០០ដុល្លារ សម្រាប់យុវជនសម្បុរស្រអែមរីករាយបិទមាត់មិនជិត ព្រោះអាចផ្គត់ផ្គង់ការសិក្សាខ្លួនឯង និងសន្សំទុកខ្លះ។
នៅដើមឆ្នាំ ២០១២ យុវជនពេញកម្លាំងពុះពារមករៀនទីក្រុងភ្នំពេញស្នាក់ក្នុងវត្តដូចគ្នា តែហាក់មិនសំណាងដូចមុន ព្រោះបញ្ហាលុយនៅតែមាន ខណៈការងារដែលបានដាក់ពី ១០ ទៅ ២០ក្រុមហ៊ុនក៏មិនឃើញហៅ។ នៅប៉ុន្មានខែបន្ទាប់ ក៏ទទួលបានការងារស្នូលក្នុងក្រុមហ៊ុនអន្តរជាតិមួយ ជាស្ពានអាចបន្តសិក្សានៅសាកលវិទ្យាល័យ។
ការធ្វើការងារនៅមួយកន្លែង មិនមែនជាអ្វីដែល យុវជន ឈីម ចង់បានទេ។ ហេតុនេះហើយ ទើបរូបគេបានផ្លាស់ប្ដូរកន្លែងការងារពីមួយទៅមួយ ទាំងគ្មានការស្ទាក់ស្ទើរ បំណងគឺដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗ រួមទាំងប្រាក់ខែបានច្រើនជាងមុនផង។
ជាក់ស្ដែងក្នុងរយៈពេលជិត២ឆ្នាំតែប៉ុណ្ណោះ រូបគេបានផ្លាស់ប្ដូរការងារពីរ បីកន្លែង។ ជាការកត់សម្គាល់ អ្វីដែលទទួលបាន ពីការបោះជំហានទៅមុខជាលំដាប់ឥតឈប់ឈររបស់ខ្លួននេះ គឺរូបគេបានទទួលនូវបទពិសោធន៍រៀនសូត្រកាន់តែច្រើន ទាក់ទងជំនាញការធ្វើបញ្ជីទំនិញ ផ្នែកទំនាក់ទំនងអតិថិជន និងការគ្រប់គ្រងបុគ្គលិក សុទ្ធតែជាផ្នែកនៃដើមទុនគំនិតក្នុងអាជីវកម្ម។
បន្ទាប់ពីការខិតខំប្រឹងប្រែង ធ្វើការងារយ៉ាងលំបាក និងសន្សំលុយយ៉ាងត្បិតត្បៀត យុវជនដែលមានសមត្ថភាពរូបនេះ បានកំណត់គម្រោងអាជីវកម្មដែលត្រូវដើរយ៉ាងច្បាស់ថា នឹងត្រៀមខ្លួនសហគ្រិនមួយរូបអាចបង្កើតការងារដល់យុវជនដទៃទៀត។
នៅដើមឆ្នាំ ២០១៤ លោក ឈីម បោះបង់ការងារប្រាក់ខែខ្ពស់ មកស្រវាចាប់ឱកាសរកស៊ីលក់កាហ្វេតាមផ្លូវ ដែលកៀកបំផុតនឹងកន្លែងធ្វើការរបស់បុគ្គលិកក្រុមហ៊ុន។ បទពិសោធន៍ធ្វើការងារជាង៥ ឆ្នាំ បូករួមទាំងចំណេះដឹងដែលខ្លួនទទួលបានពីសាលាផង ទីបំផុតផែនការអាជីវកម្មដែល ឈីម គិតនោះបានផុសឡើងចេញជារូបរាងពិតមែន នោះគឺការបើកអាជីវកម្មលក់កាហ្វេចល័ត និងហាងឈ្មោះថា “Mobile Coffee” ។
ស្ថាបនិកវ័យ ៣០ឆ្នាំរូបនេះ គួសបញ្ជាក់ថា៖ “ ការរកស៊ីមិនអាចពឹងតែទ្រឹស្ដីរបស់គេជោគជ័យបានទេ ត្រូវធ្វើខ្លួនឯងផ្ទាល់ឲ្យបានច្រើន ...ហើយទ្រឹស្ដីមួយចំនួនខ្លះធំហួសមាឌយើង ដូចសេដ្ឋី Jack Ma អ៊ីចឹង យើងមិនអាចយកមកដាក់ខ្លួនបានទេ ព្រោះស្ថានភាពខុសៗគ្នា” ។ លោកលើកឡើងបែបនេះ ដោយសង្កេតឃើញសហគ្រិនមួយចំនួន ប្រើទ្រឹស្ដីច្រើនជាងអនុវត្ត និងធ្វើអាជីវកម្មមិនបានយូរ៕