• 2018-10-17 02:50:23
  • ការអប់រំ

សូមប្រយ័ត្ន! ទម្លាប់៦យ៉ាង របស់អ្នករៀនថ្នាក់បរិញ្ញាបត្រ ពេលរៀនចប់អាចដើរទាត់ខ្យល់

  • 2018-10-17 02:50:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈាន​ជើង​ចូល​ដល់​ថ្នាក់​ឧត្ដម​សិក្សា គឺ​ជា​ជំហាន​មួយ​ឆ្ពោះ​ទៅ​រក​អនាគត​ដ៏​ល្អ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ ការ​កសាង អភិវឌ្ឍ​ខ្លួន​អំឡុង​ពេល​សិក្សា​កាន់​តែ​សំខាន់​ទៀត ដើម្បី​ទទួល​បាន​នូវ​ភាព​ជោគជ័យ។ ខាង​ក្រោម​នេះ ជា​ការ​ចែក​រំលែក​បទ​ពិសោធន៍ ពី​លោក​សាស្ត្រាចារ្យ គង់ សុ​កុម្ភៈ បង្រៀន​នៅ​សាកល​វិទ្យាល័យឯកជន​មួយ​កន្លែង ពី​ទម្លាប់​មួយ​ចំនួន​របស់​អ្នក​សិក្សា​ច្រើន​តែ​រៀន​ចប់​ហើយ មិន​ទទួល​បាន​ភាព​ជោគជ័យ។

១.ទម្លាប់​ពឹង​ផ្អែក​អ្នក​ដទៃ

ការ​សិក្សា​ដើម្បី​ឲ្យ​តែ​បាន​ពិន្ទុ និង​សិក្សា​ដើម្បី​ចេះ​ពិត​ប្រាកដ​ គឺ​ខុស​គ្នា ហើយ​អនាគត​ក៏​ខុស​គ្នា​ដែរ។ ទម្លាប់​អ្នក​សិក្សា​មួយ​ចំនួន មិន​បាន​ដាក់​ចិត្ត​ដាក់​កាយ​រៀន​ឲ្យ​ចំជា​រៀន​នោះ​ទេ បែរ​ជា​គិត​ថា​ធ្វើ​យ៉ាង​ណា​យក​សញ្ញាបត្រ​ឲ្យ​បាន។ ដូច្នេះ​ហើយ​ជានិច្ចកាល​គេ​តែង​អាង​មិត្ត​រួម​ក្រុម មិន​ខិត​ខំ​លើ​កិច្ច​ការ​ស្រាវជ្រាវ តែង​ខ្ចី​សៀវភៅ​គេ​យក​ទៅ​ចម្លង តែង​សុំ​ថត​ចម្លើយ​ពេល​ប្រឡង​ជាដើម។

២. មិន​ទម្លាប់​បង្កើន​ភាព​ក្លាហាន

ភាព​ក្លាហាន​ក៏​សំខាន់​ណាស់​ដែរ បើ​នៅ​តែ​គិត​ថា ខ្លួន​ឯង​ធ្វើ​មិន​បាន មិន​ហ៊ាន​សួរ មិន​ហ៊ាន​ឆ្លើយ នោះ​ក៏​គ្មាន​ថ្ងៃ​រីក​ចម្រើន​ដែរ។ ត្រូវ​ដឹង​ថា ភាព​ក្លាហាន​នាំ​ឲ្យ​យើង​ឆ្ពោះ​ទៅ​មុខ​ជានិច្ច បើ​យើង​ជ្រើស​រើស​ដើរ​ផ្លូវ​ត្រូវ។

រូបតំណាង

៣. ខ្សោយ​ផ្នែក​ទំនាក់ទំនង

ឱកាស​ទទួល​បាន​បទពិសោធន៍ ចំណេះដឹង និង​ឱកាស​ផ្សេងៗ​ជាច្រើន​ទៀត សុទ្ធ​តែ​ផ្ដើម​ចេញ​ពី​ទំនាក់ទំនង។ ហេតុអ្វី​បាន​ទំនាក់ទំនង​សំខាន់​សម្រាប់​អ្នក​សិក្សា? សំណួរ​នេះ​មិន​ពិបាក​ឆ្លើយ​ទេ ព្រោះ​មនុស្ស​ម្នាក់​ៗ ​មិន​អាច​រស់​នៅ​ក្នុង​សង្គម​តែ​ម្នាក់​ឯង​ ដោយ​មិន​មាន​ទំនាក់ទំនង​ឡើយ ជា​ពិសេស​អ្នក​សិក្សា​នេះ​តែ​ម្ដង។ មិន​ពូកែ​ទំនាក់ទំនង​ ក៏​មិន​ខុស​អី​ពី​រង់ចាំ​ឱកាស​ធ្លាក់​ពី​លើ​មេឃ​ដែរ។

៤. សិក្សា​លើ​តែ​ជំនាញ​មួយ​មុខ

ជំនាញ​ពិត​ជា​សំខាន់​ដើម្បី​ឆ្ពោះ​ទៅ​រក​គោល​ដៅ​ដែល​យើង​ចង់​បាន តែ​បើ​មាន​តែ​ជំនាញ​តែ​មួយ​មុខ ក៏​មិន​អាច​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ​បាន​ដែរ។ ដូច្នេះ​ហើយ​ក្រៅ​តែ​ជំនាញ​អ្នក​សិក្សា គួរតែ​ចេះ​ឲ្យ​នូវ​ភាសា​អង់គ្លេស កុំព្យូទ័រ ការ​ចូល​កម្មវិធី​បណ្ដុះបណ្ដាល​នានា និង​វគ្គសិក្សា​ខ្លី​ជា​ច្រើន​សម្បូរបែប​ទៀត។ យ៉ាង​ណា​ក្ដី និស្សិត​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ កម្មវិធី​សិក្សា​ទាំង​នោះ​ផង​ដែរ ត្រូវប​មើល​ប្រភព​ឲ្យ​បាន​ច្បាស់​លាស់។

រូបតំណាង

៥. ចាប់​យក​ជំនាញ​ព្រោះ​ហេតុផល​ណា​មួយ

ការ​ចាប់​ជំនាញ​ដែល​កំពុង​ត្រូវ​ប៉ាន់​តម្រូវ​ការ​ទីផ្សារ​ការងារ គឺ​ជា​រឿង​សំខាន់​មួយ តែ​អ្វី​ដែល​កាន់​តែ​សំខាន់​នោះ គឺ​សិក្សា​ឲ្យ​ត្រូវ​នឹង​ទេពកោសល្យ និង​សមត្ថភាព​របស់​ខ្លួន។ ការ​ជ្រើស​រើស​ជំនាញ​ ព្រោះ​ហេតុផល​ណា​មួយ ដូចជា៖ កត្តា​គ្រួសារ កត្តា​តាម​មិត្តភក្ដិ នឹង​ធ្វើ​ឲ្យ​ខាត​បង់​ពេល​វេលា ចេះ​មិន​ច្បាស់​លាស់។

៦. មិន​ចេះ​គ្រប់​គ្រង​ពេល​វេលា

ពេលវេលា​ពិត​ជា​សំខាន់​បំផុត បើ​ប្រើ​ពេល​វេលា​ខុស មិន​ចំ​គោលដៅ ចូល​ចិត្ត​ប្រើ​ពាក្យ​រង់ចាំ​ស្អែក សុទ្ធ​តែ​បង្អាក់​ការ​រីកចម្រើន​របស់​ខ្លួន​ឯង។ ភាព​ភ្លើតភ្លើន​ ភាព​ភ្លេច​ខ្លួន​ អាច​នាំ​ទៅ​រក​ភាព​បរាជ័យ​ក្នុង​ជីវិត​សម្រាប់​អ្នក​មក​រៀន​នៅ​ភ្នំពេញ។ ដូច្នេះ​ហើយ​ត្រូវ​ជៀសវាង​ធ្វើ​រឿង​ដែល​ឥត​ប្រយោជន៍​ដូច​ជា ការ​សេពគប់​ជាមួយ​មនុស្ស​ភ្លើតភ្លើន ដើរលេង​ចំណាយ​លុយ​ដែល​ឪពុក​ម្ដាយ​ខំ​ឱ្យ ធ្វើ​ខ្លួន​ហ៊ឺហា​មិន​មើល​មាឌ​​ ត្រូវ​ជៀសវាង​ដាច់​ខាត។ ដូច្នេះ​គួរ​ចំណាយ​ពេល​ធ្វើ​រឿង​ដែល​មាន​ប្រយោជន៍​ច្រើន​ដូច​ជា ការ​សិក្សា​ភាសា​បរទេស រៀន​កុំព្យូទ័រ សិក្សា​ស្រាវជ្រាវ​ជាដើម៕ ​

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់