- 2018-10-18 06:30:00
- សុខភាព
លម្អិត៧ចំណុច ថាគ្រុនឈាមមិនដែលរើសមុខអ្នកឈឺទេ មនុស្សចាស់ក៏ឈឺដែរ
- 2018-10-18 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លម្អិត៧ចំណុច ថាគ្រុនឈាមមិនដែលរើសមុខអ្នកឈឺទេ មនុស្សចាស់ក៏ឈឺដែរ
ចន្លោះមិនឃើញ
ជំងឺគ្រុនឈាមជាទូទៅតែងតែកើតមាននៅលើកុមារ តែបច្ចុប្បន្ននេះនៅកម្ពុជាក៏មានករណីខ្លះ ជំងឺនេះកើតមាននៅលើមនុស្សពេញវ័យដូចគ្នា។ វេជ្ជបណ្ឌិតជំនាញ ឲ្យដឹងថា ជំងឺនេះច្រើនកើតឡើងនៅរដូវវស្សា ដោយហេតុថារដូវភ្លៀងអំណោយផលដល់ការកកើតពពួកមូសខ្លាដែលជាភ្នាក់ងារចម្លងរោគ។
ដើម្បីជាចំណេះដឹង និងការពារខ្លួនពីជំងឺគ្រុនឈាមកើតមានលើមនុស្សពេញវ័យ យោងតាមការចុះផ្សាយរបស់ទំព័រ Facebook មន្ទីរពេទ្យកាល់ម៉ែត្រ បានសរសេរលម្អិត ៧ចំណុចសំខាន់ៗ ដូចតទៅ ៖
១. រោគសញ្ញាសម្គាល់
ក្ដៅខ្លួនខ្លាំង
ឈឺក្បាល
ឈឺសន្លាក់ដៃជើង និងសាច់ដុំ
ក្អួតចង្អោរ
ស្នាមអុចក្រហមលើស្បែក។
២. ការវិវត្តន៍នៃជំងឺ និងផលវិបាក
នៅក្នុងរយៈពេលពី ៣ ទៅ ៤ថ្ងៃ បន្ទាប់ពីមានរោគសញ្ញាដំបូងអ្នកជំងឺអាចស្តែងចេញនៅរោគសញ្ញាផ្សេងៗដូចជា
ការហូរឈាមនៅក្នុងភ្នែក (Hémorragie Conjonctivale)
ហូរឈាមតាមច្រមុះ
ស្នាមជាំនៅលើស្បែក
ជំងឺនេះនឹងជាទៅវិញនៅចន្លោះ ១០ទៅ១៤ ថ្ងៃ ឬអាចយូរជាងនេះ។
៣. ប្រការគួរប្រុងប្រយ័ត្នបន្ថែម
ជំងឺគ្រុនឈាមមួយចំនួនអាចវិវត្តន៍ទៅរកសភាពធ្ងន់ធ្ងរ ដែលបណ្ដាលមកពីការហូរឈាមតាមសរីរាង្គនានា (ប្រព័ន្ធរំលាយអាហារ ស្បែក និងក្នុងខួរក្បាល) ហើយដែលអាចបង្កអោយមានគ្រោះថ្នាក់ដល់អាយុជីវិត។
៤. វិធីបង្ការ
យើងអាចការពារពីការឆ្លងជំងឺនេះដោយ
លុបបំបាត់ជម្រកមូស
ការពារពីមូស(ខ្លា)ខាំ (ពេលព្រឹក និងពេលព្រលប់) គេងក្នុងមុង (ទាំងថ្ងៃ ទាំងយប់) ស្លៀកសំលៀកបំពាក់ជិតៗ (មានពណ៌ចាំង) ចៀសវាងនៅក្នុងទីងងឹត និងប្រើផលិតផលការពារមូស (លាបលើស្បែក)។
៥. ការកំណត់រោគវិនិច្ឆ័យ
ចាំបាច់បំផុតគឺការកំណត់រោគវិនិច្ឆ័យត្រូវបានធ្វើឡើងដោយការកំណត់រកពពួក Antigen NS1 (ពាក្យបច្ចេកទេស) នៅក្នុងឈាមអ្នកជំងឺ តែពពួក Antigen នេះនឹងបាត់ទៅវិញនៅថ្ងៃទី ៤ ឬទី៥ បន្ទាប់ពីការចេញរោគសញ្ញា។
មួយវិញទៀត ការកំណត់រកពពួក Antibody (IgM, IgG) (ពាក្យបច្ចេកទេស) ដែលនៅក្នុងឈាមអ្នកជំងឺ ហើយការកំណត់ពពួក Antibody នេះគឺអាចអោយយើងដឹងពីស្ថានភាពជំងឺ ដែលទើបនឹងកើត ឬកើតមកមួយរយៈពេលហើយ
៦. ការរាប់មេរោគគ្រុនឈាម
វិធីនេះគឺធ្វើតាមរយៈ PCR (Polymerase chain reaction) ដែលតាមបច្ចេកទេស គឺអាចកំណត់ដោយសុក្រឹតអំពីវត្តមានរបស់មេរោគគ្រុនឈាមដែលមាននៅក្នុងខ្លួនយើងតែតេស្តប្រភេទនេះនឹងត្រូវប្រើប្រាស់សំរាប់ការសិក្សាប៉ុណ្ណោះ។
៧. ការព្យាបាល
មកទល់ពេលបច្ចុប្បន្ននេះ នៅលើសកលលោក គឺនៅមិនទាន់មានការព្យាបាលអោយចំ ចំពោះជំងឺគ្រុនឈាមនេះនៅឡើយទេ។ ការព្យាបាល គឺត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយ និងទប់ស្កាត់ជំងឺនេះ កុំអោយវិវត្តន៍ទៅរកសភាពធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់អាយុជីវិត។
ចំពោះវ៉ាក់សាំងប្រឆាំងនឹងជំងឺគ្រុនឈាម ត្រូវបានអនុញ្ញាតអោយប្រើប្រាស់កាលពីពេលថ្មីៗនេះ ដោយអង្គការសុខភាពពិភពលោក តែទោះជាយ៉ាងណា ចរាចរនៃប្រភេទវ៉ាក់សាំងនេះនៅមានកម្រិតទាបនៅឡើយ។
សូមបញ្ជាក់ថា ចំពោះអ្នកជំងឺដែលមានអាការៈដូចខាងលើ គួរអញ្ជើញមកធ្វើការពិគ្រោះជាមួយ គ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យជំនាញណាមួយដើម្បីអាចធ្វើរោគវិនិច្ឆ័យពិតប្រាកដ នៃជំងឺនេះ ហើយការធ្វើរោគវិនិច្ឆ័យនោះ ត្រូវបានធ្វើឡើង ដោយការកំណត់រកមេរោគគ្រុនឈាមនេះនៅក្នុងឈាមអ្នកជំងឺ។ នេះបើតាមទំព័រ Facebook មន្ទីរពេទ្យកាល់ម៉ែត្រ។