• 2018-10-20 07:11:07
  • សេដ្ឋកិច្ច

សិង្ហបុរី​នឹង​​ដំណើរការ​តាក់ស៊ី​លើ​អាកាស​​ក្នុង​ឆ្នាំ​២០១៩

  • 2018-10-20 07:11:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការសាកល្បង​ដំណើរ​ការ​តាក់ស៊ី​លើ​អាកាស​នៅ​ប្រទេស​សិង្ហបុរី​នឹង​ចាប់​ផ្តើម​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៩ ដោយ​ក្រុមហ៊ុន Volocopter របស់​អាឡឺម៉ង់។ នេះ​បើ​តាម​ Channel News Asia ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ។

ការសាកល្បង​នេះ​មាន​គោលបំណង​ដើម្បី​ផ្ទៀងផ្ទាត់​ថា​តើ​យន្តហោះ​ដែល​ដើរ​ដោយ​អេឡិចត្រូនិច​ដែល​ហៅ​ថា Volocopter អាច​ប្រតិបត្តិការ​នៅ​ក្នុង​បរិយាកាស​ទីក្រុង​ក្នុង​ប្រទេស​សិង្ហបុរី​បាន​ដែរ ​ឬ​ទេ​។

យន្តហោះ​ដ្រូន​នេះ​​អាច​ផ្ទុក​អ្នក​ដំណើរ​បាន​២​នាក់​ ហើយ​អាច​ហោះហើរ​បាន​ចម្ងាយ​៣០​គីឡូម៉ែត្រ។ វា​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ តាមរយៈ​ការ​បញ្ជា​ផ្ទាល់​លើ​យន្តហោះ ឬ អាច​បញ្ជា​​ពី​ដី​ក៏​បាន។

Volocopter ក្រៅ​ពី​​​មាន​តួនាទី​ជា​តាក់ស៊ី​លើ​អាកាស​ក្នុង​ការ​ដឹក​អ្នកដំណើរ សិង្ហបុរី​ក៏​មាន​មហិច្ឆតា​ប្រើប្រាស់​ដ្រូន​ដំណើរ​ការ​ដោយ​អេឡិចត្រូនិក​នេះ​ដើម្បី​ដឹក​ទំនិញ​លើ​អាកាស​ក្នុង​ទីក្រុង​ដើម្បី​កាត់​បន្ថយ​ការ​បំពុល​បរិយាកាស។

នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ សម្រាប់​ក្រុមហ៊ុន​តាក់ស៊ី​លើ​អាកាស​របស់​អាឡឺម៉ង់។ Volocopter បាន​ និង កំពុង​ដំណើរ​ការ​សេវា​ដឹកអ្នក​ដំណើរ​របស់​ខ្លួន​ក្នុង​ប្រទេស​អាឡឺម៉ង់​តាំង​ពី​ឆ្នាំ​២០១៦។

ប្រភព​ខាង​លើ​មិន​បាន​បញ្ជាក់​ពី​តម្លៃ​ក្នុង​ការ​ប្រើប្រាស់​តាក់ស៊ី​លើ​អាកាស​នៅ​សិង្ហបុរី​ទេ ប៉ុន្តែ​កន្លង​មក​ទីក្រុង​ឌុយបៃ​ដែល​​បាន​ដាក់​ដំណើរ​ការ​សាកល្បង​​សេវា​នេះ​កាល​ពី​ឆ្នាំ​២០១៧​​បាន​ប្រកាស​ថា ចំពោះ​តម្លៃ​សម្រាប់​ការ​ជិះ​តាក់ស៊ី​លើ​អាកាស​ មិន​ខុស​ប៉ុន្មាន​ពី​ការ​ជិះ​ឡាន​ឈ្នួល​លើ​ដី​ឡើយ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់