- 2018-10-20 07:47:26
- ចរាចរណ៍
អាជ្ញាធររាជធានីភ្នំពេញ គ្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ នាពេលឆាប់ៗនេះ
- 2018-10-20 07:47:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធររាជធានីភ្នំពេញ គ្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ នាពេលឆាប់ៗនេះ
ចន្លោះមិនឃើញ
គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី ៣នេះ មានស្ថានភាពបត់បែន បែកខ្នែងខ្វាត់ខ្វេង និងមានប្រវែងសរុប ៤៧,៦គីឡូម៉ែត្រ ជាប្រភេទផ្លូវ ៤គន្លង មានទទឹងតួផ្លូវសរុប ២៥ម៉ែត្រ តម្លៃសរុប ២៥៩លានដុល្លារអាម៉េរិកជាជំនួយរបស់ចិន គ្រោងនឹងសាងសង់នៅពេលឆាប់ៗ ខាងមុខនេះ។ ផ្លូវក្រវាត់ទីក្រុងទី៣នេះ រត់កាត់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពីផ្លូវជាតិលេខ៤ មកផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងបញ្ចប់នៅផ្លូវជាតិលេខ១។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានចេញផ្សាយនៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១៨នេះ។
ទីភ្នាក់ងារ AKP បានស្រង់សម្ដីពីមន្ត្រីជំនាញមកពីមន្ទីរសាធារណការក្រុងបានឱ្យដឹងថា តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ធនាគារ នីហរ័ណ អាហរ័ណចិន បានយល់ ព្រមផ្ដល់ឥណទានសម្បទាន ក្នុងរង្វង់ទឹកទឹកប្រាក់ប្រមាណ ២៥៩ លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្លូវក្រវាត់ក្រុងទី៣ នឹងសាងសង់ឆាប់ៗនេះហើយ។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ កន្លងមក។
ក្រុមហ៊ុនសំណង់សៀងហៃជាអ្នកទទួលខុសត្រូវក្នុងការងារសាងសង់ផ្លូវក្រវាត់ក្រុងទី ៣នេះ និងដោយមានការត្រួតពិនិត្យបច្ចេកទេសពីក្រុមហ៊ុនក្វាងចូវ វ៉ាន់អាន មកពីប្រទេសចិន។ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី ៣នេះ នឹងមានប្រវែងសរុប ៤៧,៦គីឡូម៉ែត្រ ជាប្រភេទផ្លូវ៤គន្លង មានទទឹងតួផ្លូវសរុប២៥ម៉ែត្រ។
ប្រភពសារព័ត៌មានខាងលើបានបន្តទៀតថា ផ្លូវក្រវាត់ទីក្រុងទី៣នេះ ផ្លូវរថយន្តមាន៤គន្លង ដែលមួយគន្លង មានទទឹង ៣,៥០ម៉ែត្រ ចំណែកផ្លូវទោចក្រយានយន្ត ២គន្លង មួយគន្លងមានទទឹង ២,២៥ម៉ែត្រ។ ផ្លូវនេះនឹងត្រូវសាងសង់ ចាប់ពីផ្លូវជាតិលេខ៤ ម្តុំអូរដឹម ត្រង់គីឡូម៉ែត្រលេខ ១៤+១០៥ ទៅចំណុចបញ្ចប់ភ្ជាប់នឹងផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ ២៤+៨៤០ ដោយត្រូវកាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២១+២០០ កាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចគីឡូម៉ែត្រ លេខ ២២+៨០០ និងកាត់ផ្លូវជាតិលេខ២១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៨+៤០០ និង ផ្លូវខ្នែងប្រវែង ៥,៣៧៥ម៉ែត្រ។
តាមរយៈគម្រោងសាងសង់ផ្លូវក្រវាត់ទីក្រុងទី៣នេះ សម្រាប់វិស័យអចលនទ្រព្យ ការ ពង្រីកផ្លូវក្រវាត់ក្រុងថ្មីនេះបានបញ្ជាក់ថា វិស័យអចលនទ្រព្យ កំពុងតែមានកំណើនខ្លាំងក្លា ដែលទាមទារឱ្យពង្រីកទំហំក្រុងបន្ថែមទៀត ដើម្បីពង្រីកទំហំវិនិយោគឱ្យកាន់តែច្រើន។ គេក៏រំពឹងផ្លូវក្រវាត់ក្រុងដ៏ធំមួយនេះ នឹងជំរុញទាំងចំនួន និងតម្លៃអចលនទ្រព្យនៅក្នុងតំបន់ នោះឱ្យកើនឡើងថែមទៀត៕