• 2018-10-22 06:14:07
  • ការអប់រំ

ល្អបំផុត! ត្រៀមកាន់CV ទៅកោះពេជ្រ ការងារជាង២ម៉ឺនតំណែង កំពុងរង់ចាំនិស្សិតគ្រប់ជំនាញ

  • 2018-10-22 06:14:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱកាស​ការងារ​គ្រប់​ប្រភេទ​ប្រមាណ​ជាង​២​ម៉ឺន​មុខ​តំណែង ដែល​ផ្ដល់​ដោយ​ក្រុមហ៊ុន សហគ្រាស​ធំៗ ជាង​១៣០​មក​ពី​វិស័យ​សំខាន់ៗ​ដូចជា៖ ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សំណង់ សណ្ឋាគារ​និង​បដិ​សណ្ឋារកិច្ច ទូរគមនាគមន៍ ការអប់រំ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ជាដើម។ ឱកាស​ការងារ​ពិសេស​ទាំង​នេះ នឹង​ត្រូវ​បាន​តាំង​បង្ហាញ​ក្នុង​បញ្ជរ​សរុប​ចំនួន​៣០០ ក្នុង​រយៈ​ពេល​២​ថ្ងៃ​គឺ ថ្ងៃ​សៅរ៍-អាទិត្យ​ទី​២៧ និង​២៨ ខែ​តុលា ឆ្នាំ​២០១៨​ ខាង​មុខ​នេះ​នៅ​អគារ​ពិព័រណ៍​កោះពេជ្រ។

ដូច្នេះ​សិស្ស​និស្សិត សាធារណៈ​ជន​ទាំង​កុំ​ភ្លេច​ត្រៀម CV ដើម្បី​ស្វែង​រក​ការងារ​ល្អៗ​ស័ក្ដិសម​នឹង​សមត្ថភាព​របស់​ខ្លួន​ឯង​ ទាំង​អ្នក​មិន​ទាន់​មាន និង​អ្នក​ដែល​ចង់​ផ្លាស់​ប្ដូរ​ការងារ។ អ្នក​ដែល​ចូលរួម​ទាំង​អស់​អាច​ដាក់​ពាក្យ​ភ្លាម សម្ភាស​ភ្លាម​នៅ​នឹង​កន្លែង​តែ​ម្ដង។ ជា​ពិសេស​នោះ​ក្រៅ​ពី​ទទួល​បាន​ឱកាស​ការងារ​រាប់ម៉ឺន​កន្លែង​ហើយ​នោះ សិស្ស​និស្សិត​ទាំង​អស់​នឹង​ទទួល​បាន​ព័ត៌មាន​ល្អៗ​ជុំវិញ​ តម្រូវ​ការ​លើ​ធនធាន​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ការ​ចែក​រំលែក​បទ​ពិសោធន៍ តាម​រយៈ​ការ​ធ្វើ​សិក្ខា​សាលា​ដ៏​ធំ​សម្បើម ដោយ​មាន​ការ​ចូលរួម​ពី​អ្នក​ជំនាញ​ទាំង​ជាតិ និង​អន្តរជាតិ​ទៀតផង។

លោក ហៃ ប៊ុន​ឡេង (អាវខៀវដៃខ្លី)

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ព្រឹក​ថ្ងៃ ទី​២២ ខែ​តុលា ព្រឹក​មិញ​នេះ លោក ហៃ ប៊ុន​ឡេង អនុប្រធាន​ទីភ្នាក់ងារ​ជាតិ​មុខ​របរ និង​ការងារ បាន​ឲ្យ​ដឹង​ដែរ​ថា ពិព័រណ៍​ការងារ​ដ៏​ធំ​បំផុត​ប្រចាំ​ឆ្នាំ​នេះ រំពឹង​ថា​នឹង​មាន​ការ​ចូល​រួម​ទស្សនា​ប្រមាណ​ជាង​៣ម៉ឺន​នាក់ ដែល​ភាគ​ច្រើន​ជា​សិស្ស-និស្សិត យុវ​ជន​ ស្វែង​រក​ការងារ​ធ្វើ និង​កម្មករ​និយោជិក​មក​ពី​គ្រប់​វិស័យ។

សូម​ជម្រាប​ជូន​ថា មហា​ព្រឹត្តិការណ៍​ថ្នាក់​ជាតិ​ដ៏​ធំ​ប្រចាំ​ឆ្នាំ​មួយនេះ រៀបចំ​ឡើង​ដោយ ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ សហការ​ជាមួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ និង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​(GMAC)៕ ​

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់