• 2018-10-24 05:03:16
  • ការអប់រំ

​ពិរព័ណ៍សន្តិភាពដំបូងគេ តំណាងឲ្យការជោគជ័យកសាង​សន្តិភាពនៅកម្ពុជា​បង្ហាញរូបរាងជាផ្លូវការ

  • 2018-10-24 05:03:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​ពិព័រណ៍​សន្តិភាព​​កម្ពុជា​ ដែល​ជា​ទី​កន្លែង​​សម្រាប់​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ និង​ប្រមូល​ផ្ដុំ​គំនិត​​បណ្ដុះ​បណ្ដាល​ដោះ​ស្រាយ​ទំនាស់ ​និង​ផ្សះផ្សា​ឲ្យ​ពិភព​លោក​មាន​សន្តិភាព​ ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​គេ​​ ស្ថិត​នៅ​តំបន់​រង​ការ​ឈឺចាប់​ធ្ងន់ធ្ងរ​​ នៅ​​ភូមិ​ខ្សាច់ពោយ​ សង្កាត់​វត្តគ​ ខេត្ត​បាត់ដំបង​ ។

​ពិព័រណ៍​នេះ​ដើម្បី​អបអរ​សាទរ​នូវ​សមិទ្ធផល​នៃ​ការ​កសាង​សន្តិភាព​នៅ​កម្ពុជា​ប្រទេស​កម្ពុជា ក៏​ដូចជា​ផ្ដល់​ឲ្យ​​អ្នក​ជំនាន់​ក្រោយ​ចងចាំ​នូវ​មេរៀន​ពី​អតីតកាល​ ខណៈ​ពេល​ដែល​កំពុង​បន្ត​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​អនាគត​វិជ្ជមាន និង​ប្រកប​ដោយ​និរន្តរភាព។ នេះ​ក៏​​ជា​ប្រភព​មួយ​សម្រាប់​ឲ្យ​មនុស្ស​ជុំវិញ​អាស៊ី និង​ជុំវិញ​ពិភពលោក​បាន​សិក្សា​ពី​បទ​ពិសោធន៍​នៃ​ប្រទេស​កម្ពុជា ដើម្បី​ចែក​រំលែក​សន្តិភាព​ទូទាំង​ពិភពលោក​។

លោក សុត ផ្លាយង៉ាម​ ប្រធាន​សមាគម​មិត្ត​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ជា​ស្ថាបនិក​​​​​​​​​ពិព័រណ៍​សន្តិភាព​​កម្ពុជា ​ថ្លែង​ថា ​​​​​ដំបូង​ឡើយ​​ជា​អង្គការ​សមាគម​មិត្ត​អភិវឌ្ឍន៍​សេដ្ឋកិច្ច​​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ២០០៥​ មាន​សាលា​​បង្រៀន​ភាសា​អង់គ្លេស​ តន្ត្រី​សិល្បៈ កីឡា​ ទទួល​​សិស្ស​រៀន​មិន​គិត​ថ្លៃ​​ពី​តូច​ដល់​ អាយុ​១៨​ឆ្នាំ ប្រមាណ​ពី​៨០០ ទៅ ៩០០នាក់​។​ សិស្ស​មួយ​ចំនួន​បញ្ចប់​ការ​សិក្សា​ ​ហើយ​បន្ត​​ធ្វើ​ការ​នៅ​​​ទី​នេះ​ ដោយ​ពួកគេ​គ្រប់​គ្នា​បាន​ប្រាក់​ខែ​មិន​លើស​ពី​​ ១០០ដុល្លារ​ ។​

លោក សុត ផ្លាយង៉ាម​

ដោយ​សារ​ខ្វះ​ជំនួយ ស្ថាបនិក​អង្គការ​​សម្រេចចិត្ត​ធ្វើ​វិភាគទាន​ទីកន្លែង​នេះ​ឲ្យ​​អង្គការ​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​ និង​បណ្ដុះ​បណ្ដាល​ដោះ​ស្រាយ​ទំនាស់ ( CPCS) ជា​ការ​ជួយ​ការងារ​សង្គម​បន្ថែម។​ ទស្សន​វិស័យ​នៃ​ចាប់​ផ្ដើម​គម្រោង​នេះ​គឺ​មាន​​ឡើង​ជាង​១០​ឆ្នាំ​មក​ហើយ​ ពោល​គឺ​កើត​ចេញ​ដើម្បី​​សង្គ្រោះ​​​​ប្រជាជន​កម្ពុជា​​មាន​វិបត្តិ អំពើ​ហិង្សា​​​ក្រោយ​រស់រាន​មាន​ជីវិត​ពី​សង្គ្រាម​ ដែល​ទីនេះ​មាន​តួនាទី​ជួយ​សម្របសម្រួល​ផ្សះផ្សា​សង្គម​ជាតិ ​នយោបាយ ​និង​ផ្នែក​អារម្មណ៍​ចំពោះ​ជន​រងគ្រោះ។

លោក​គូស​បញ្ជាក់​ថា៖​ ​"ក្នុង​ចំណោម​ប្រទេស​មាន​វិបត្តិ​​ជម្លោះ​អាស៊ី​ រួមមាន ​​ភូមា​ ហ្វីលីពីន​ ទីម័រខាងកើត​ ស្រីលង្កា​ និង​នៅ​នេប៉ាល់ ​ កម្ពុជា​ជា​ប្រទេស​មួយ​ទទួល​បាន​ជោគជ័យ​សន្តិភាព​ក្នុង​ការ​ផ្សះ​ផ្សា​ជនរួមជាតិ​ សង្គម និង​សេដ្ឋកិច្ច"។

​​​​លោកស្រី​ នីគី​ ស៊ីង​ហ្គើ​ ប្រធាន​គ្រប់គ្រង​ពិព័រណ៍​សន្តិភាព​កម្ពុជា យើង​មាន​គម្រោង​ធ្វើ​ជា​កន្លែង​​សារមន្ទីរ​សន្តិភាព ដែល​ប្រមូល​ផ្ដុំ​ឯក​សារ​ រូបភាព​ និង​​​ ដើម្បី​ចែក​រំលែក​និស្សិត​ខ្មែរ​​ ក៏​ដូចជា​បង្កើត​​​កន្លែង​សមាធិ​ដ៏​ស្ងប់​ស្ងាត់​មួយ​នា​ពេល​អនាគត​។ យើង​សង្ឃឹម​ថា​ វា​នឹង​ក្លាយ​ជា​កន្លែង​សម្រាប់​ទេសចរ ​ចូល​មក​ស្រង់​បទ​ពិសោធន៍​គំនិត​ផ្សះផ្សា​ទាក់​ទិន​សន្តិភាព ដោយ​យើង​គិត​ថ្លៃ​ភ្ញៀវ​បរទេស​​ចូល​ទស្សនា​ក្នុង​ម្នាក់​១០ដុល្លារ ​ជនជាតិ​ខ្មែរ​ ១ម៉ឺនរៀល​ និង​ក្មេង​ក្រោម​១២ឆ្នាំ មិន​គិត​ថ្លៃ​។ ​​​​​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់